ជនល្មើសម្នាក់ ចាក់សម្លាប់សន្តិសុខឯកជនម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៩ខែមីនា បានឲ្យដឹងថា ប៉ុន្មានម៉ោងក្រោយចាក់សម្លាប់សន្តិសុខឯកជនម្នាក់ ជនល្មើសត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ។
តាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ដែលដឹកនាំកម្លាំងដោយផ្ទាល់ តាមចាប់ជនល្មើស បានឲ្យដឹងថា ជនល្មើសដែលចាក់សម្លាប់សន្តិសុខឯកជន ត្រូវបានចាប់ខ្លួនហើយ ។
តាមរយៈកាមេរ៉ាសុវត្ថិភាព បានបង្ហាញមុខជនដៃដល់ ដែលបានចាក់សម្លាប់សន្តិសុខម្នាក់ នៅចំណុចធនាគារភ្នំពេញ ពាណិជ្ជ PPC Bank ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ។
បន្ទាប់បានស្គាល់មុខឃាតករយ៉ាងច្បាស់បែបនេះហើយ សង្ឃឹមថា សមត្ថកិច្ចនឹងចាប់ខ្លួនបាន នាពេលឆាប់ៗខាងមុខនេះ ។ កាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅធនាគារនេះ បានបង្ហាញពីសកម្មភាពជនសង្ស័យ មុនធ្វើសកម្មភាព ជិះកង់ និងកាន់កាំបិតចុងស្រួច ចូលមកចាក់ជនរងគ្រោះ។
ទោះបីយ៉ាងណា សមត្ថកិច្ចមិនទាន់ប្រាប់ពីមុខសញ្ញាជនសង្ស័យជាឃាតករ ក្នុងបំណងចៀសវាងប៉ះពាល់ដល់ដំណើរការនីតិវិធី ឈានដល់ការស្វែងរកចាប់ខ្លួន យកមកផ្តន្ទាទោស។
សមត្ថកិច្ច បានអះអាងថា សពមានឈ្មោះ ប៊ុន សុខចំរើន ភេទប្រុស អាយុជាង៤៦ឆ្នាំ មានមុខរបរសន្ដិសុខឯកជន ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានប្រពន្ធនិងកូនៗចំនួន៦នាក់ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា ៖ ជនរងគ្រោះ គឺជាសន្តិសុខឯកជន ដែលមកធ្វើការនៅធនាគារនៅកន្លែងកើតហេតុ ទើបតែបានជាង១ខែ និង តែងតែឃើញមានមិត្តភក្តិឧស្សាហ៍មកលេង និងផឹកស៊ីដល់យប់ជ្រៅ ។
លុះមកដល់ព្រឹកកើតហេតុ ក៏ស្រាប់តែផ្អើលឆោឡោឡើង នៅខាងមុខធនាគារភ្នំពេញពាណិជ្ជ (PPC Bank) និងបានឃើញជនរងគ្រោះដេកស្លាប់ ក្នុងថ្លុកឈាម ថែមទាំងមានស្នាមកាំបិត ចាក់ចំដើមទ្រូងតែម្តង ។
ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចមូលដ្ឋាន មិនទាន់បានបញ្ជាក់ថា ជាករណីអ្វីនៅឡើយទេ ដោយសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្តសិន ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចផ្នែកកោសល្យវិច័យ បានយកសពទៅធ្វើកោសល្យវិច័យ នៅវត្តស្ទឹងមានជ័យ និងប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ៕