ក្រសួងរកឃើញអ្នកផ្ទុកកូវីដ១៩ កើនដល់៤៧នាក់
ភ្នំពេញ ៖ គិតត្រឹមម៉ោង ២១យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន១០នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុប កើនដល់៤៧នាក់ ក្នុងនោះមានស្ត្រី ២ នាក់។
បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណីថ្មីនេះ មានជនជាតិខ្មែរចំនួន៤នាក់ ក្នុងចំណោមបងប្អូនខ្មែរឥស្លាមចំនួន ៧៩នាក់ដែលវិលត្រឡប់ពីប្រទេសម៉ាឡេស៊ី បន្ទាប់ពីចូលរួមពិធីសាសនាមួយ និង៦នាក់ទៀត ជាជនជាតិម៉ាឡេស៊ី និងស្នាក់នៅបណ្ដោះអាសន្ន ក្នុងស្រុកកងមាស ដែលពួកគេមកពីប្រទេសម៉ាឡេស៊ី ធ្វើការងារសាសនា នៅតាមភូមិឃុំ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងថា “រហូតម៉ោង ១០និង៣០យប់ ថ្ងៃទី ១៩ មីនា ២០២០ យើងរកឃើញអ្នកជំងឺ COVID-19 ចំនួន១០ករណីបន្ថែមទៀត ដូច្នេះសរុបទាំងអស់ចំនួន ៤៧ករណី, ៤៣ករណីនាំចូលពីប្រទេសក្រៅ ១ករណីប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺជនជាតិជប៉ុន និង២ករណី ជាប្រពន្ធពីរនាក់ ប៉ះពាល់ផ្ទាល់ជាមួយប្តីពីរនាក់ មកពីបុណ្យសាសនាពីប្រទេសម៉ាឡេស៊ី ដែលរកឃើញមានផ្ទុកវិជ្ជមាន COVID-19។ យើងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង” ។
ក្រសួងសុខាភិបាល បាននិងកំពុងធ្វើការស្រាវជ្រាវ ករណីថ្មីទៀត ហើយនឹងបន្តជម្រាបជូនដល់ប្រជាជនជ្រាប ប្រសិនបើមានករណីឆ្លងវីរុសកូវីដ១៩ថ្មីណាផ្សេងទៀត៕