ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប អំពាវនាវឲ្យគ្រប់គណបក្សនយោបាយ រក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត

89


ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត។

បើយោងតាមសេចក្តីអំពាវនាវរបស់គ.ជ.ប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា យោងតាមមាត្រា៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាពឃោសនាបោះឆ្នោត ត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ គ.ជ.ប សួមអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញ ផ្សព្វផ្សាយព័ត៌មាន គ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១២៖០០យប់ ថ្ងៃទី២៧ រហូតដល់ម៉ោង១២៖០០យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុងដំណាក់កាលនេះ ពិសេសក្នុងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់នូវរាល់សកម្មភាព និងបាតុភាពទាំងឡាយ ដែលមានបំណងបំផ្លាញការបោះឆ្នោត តាមរយៈការប្រើប្រាស់គ្រប់មធ្យោបាយទុច្ចរិត រារាំងប្រជាពលរដ្ឋ មិនឲ្យទៅបោះឆ្នោត ធ្វើឲ្យការមានភាន់ច្រឡំ នាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត បង្កការរំខាន មិនឲ្យដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតបាន។
គ.ជ.ប នឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពទាំងឡាយណា ដែលរំលោភលើច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់គ.ជ.ប៕

អត្ថបទដែលជាប់ទាក់ទង