កម្ពុជាវៀតណាម ផ្លាស់ប្តូរទំនិញនៅតំបន់ ស នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ
ខេត្តស្វាយរៀងៈ លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញ ជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៃខេត្តតៃនិញ ដែលដឹកនាំដោយលោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ដើម្បីពិភាក្សា សម្របសម្រួល រកដំណោះស្រាយលើបញ្ហាកកស្ទះការដឹកជញ្ជូនទំនិញនាំចេញ-នាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានចេញប្រកាសព័ត៌មានថា ទំនិញចេញចូល កម្ពុជា វៀតណាម នៅតែធ្វើជាធម្មតា ដោយផ្អែកលើជម្រើសចំនួន ៤ ក្នុងនោះក៍ត្រូវតែមាន លក្ខខណ្ឌ មួយ គឺដូរតៃកុងរថយន្តនៅតំបន់ស ផងដែរ។ សមាគមរោងចក្រកាត់ ដេរកម្ពុជាបានបញ្ជាក់ នៅមុននេះបន្តិចថា ការដោះដូរទំនិញនៅព្រំដែន កម្ពុជា វៀតណាម បាវិត – ម៉ុកបៃ គឺមាន ដំណោះស្រាយហើយ ដោយឈរលើជម្រើស ចំនួន ៤គឺ ៖ ១) ដូរតៃកុងរថយន្តនៅតំបន់ស ២) ដូរក្បាលឡានអូសរ៉ឺម៉កសណ្តោង ៣) ដូរកុងតឺន័រ ៤) អនុញ្ញាតឲ្យដឹកចូលដល់ផែរស្ងួត (តៃកុងឡានអាចត្រឡប់ចូលប្រទេសខ្លួនវិញដោយមិនជាប់ Quarantine)។
សូមបញ្ជាក់ដែរថា កំពង់ផែស្វយ័តក្រុងភ្នំពេញនៅថ្ងៃនេះ បានប្រកាសថា កំពង់ផែនៅបន្តការងារអាជីវកម្ម ឬប្រតិបត្តិការជាប្រក្រតី ២៤ម៉ោង/៧ថ្ងែ ដោយពុំមានការផ្អាក ឬបិទសកម្មភាពអាជីវកម្មឡើយ ។
ចូលរួមក្នុងកិច្ចប្រជុំនេះ មានលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកអភិបាលរងខេត្តស្វាយរៀង តំណាងសមាគមដឹកជញ្ជូនកម្ពុជា លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត លោកអភិបាលក្រុងបាវិត លោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ រួមនិងមន្ត្រីគយ និងរដ្ឋាករ មន្ត្រីចត្តាឡីស័ក កងម្លាំង និងមន្ត្រីមានសមត្ថកិច្ច ដែលឈរជើងនៅច្រកទ្វារព្រំដែន នៃភាគីទាំងពីរ ជាច្រើនរួមទៀត ។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានសម្រេចព្រមព្រៀងគ្នា លើជម្រើសមួយចំនួន ដើម្បីសម្រួលដល់ការចរាចរណ៍ទំនិញចេញចូល រវាងប្រទេសទាំងពីរ ឲ្យប្រព្រឹត្តទៅដោយរលូន ល្អប្រសើរ ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្រោមការយកចិត្តទុកដាក់ខ្ពស់ ក្នុងការសហការរួមគ្នាពង្រឹងកិច្ចអនុវត្ត វិធានការបង្ការទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ និងបទប្បញ្ញត្តិ នៃវិធានសុខាភិបាលរបស់ប្រទេសទាំងពីរ និងរក្សាឲ្យបាននូវស្ថិរភាព លំហូរចរាចរណ៍ទំនិញនាំចេញ-នាំចូលឆ្លងកាត់ព្រំដែន ។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏បានឯកភាពផ្សព្វផ្សាយ នូវដំណោះស្រាយទាំងនោះ ដល់ធុរជននៃប្រទេសទាំងពីរ ដើម្បីឲ្យធុរជនជ្រើសរើស យកការអនុវត្តដ៏សមស្របមួយ ក្នុងអំឡុងពេលនេះ ។
ដោយឡែកដើម្បីដោះស្រាយបញ្ហាចំពោះមុខ ភាគីទាំងពីរ បានសម្រេចអនុវត្តជាបណ្តោះអាសន្ន នូវជម្រើសចំនួនពីរ គឺទី១ អនុញ្ញាតឲ្យមធ្យោបាយដឹកជញ្ជូនចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ និងទី២ អនុញ្ញាតឲ្យមធ្យោបាយដឹកជញ្ជូន ចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរក្បាលឡានសណ្ដោង ។
គួរបញ្ជាក់ថា ចំពោះជម្រើស នៃដំណោះស្រាយដែលបានព្រមព្រៀងគ្នា នឹងត្រូវបានយកមកអនុវត្ត ចំពោះគ្រប់មាត់ច្រក ដែលមានព្រំប្រទល់ជាប់ខេត្តតៃនិញ របស់ប្រទេសវៀតណាម ហើយភាគីទាំងពីរក៏បានឯកភាពគ្នា បន្តកិច្ចសហការដោះស្រាយ នូវបញ្ហាប្រឈមចំពោះមុខ ដែលអាចកើតមានជាយថាហេតុ ៕