បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ ពេលជិះម៉ូតូទៅយកប្រពន្ធ ដើម្បីចូលរួមហែបក្ស
បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរមួយ រថយន្ត១គ្រឿង និងម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅខាងជើងផ្សារត្រីចំងាយប្រហែល១០០ម៉ែត្រ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ប្រពន្ធជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះឈ្មោះ ហេង អាយុ២០ឆ្នាំ រស់នៅផ្ទះជួលមួយកន្លែង នៅខាងជើងផ្សារត្រី ស្ថិតនៅក្នុងភូមិប៉ាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស្លាកលេខ បន្ទាយមានជ័យ 1D-3489 ។ មុនកើតហេតុរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បើកក្នុងទិសដៅពីកើតទៅលិច មានល្បឿនលឿន លុះដល់ផ្លូវបំបែកជាបួន មិនបង្អង់ល្បឿន បានបុកម៉ូតូមួយគ្រឿង ដែលបើកពីជើងទៅត្បូង បានជ្រុលមកមុខ ក៏ត្រូវរថយបុកបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្ដង ។ ចំណែក រថយន្តបង្ក បានគេចខ្លួនបាត់។
ប្រពន្ធជនរងគ្រោះ ដែលស្ថិតក្នុងសម្លៀកបំពាក់អាវនិងមួកបក្ស បានប្រាប់ថា ជនរងគ្រោះ បានជិះម៉ូតូ ទៅយកគាត់ ដើម្បីទៅចូលរួម ហែបក្ស នៅព្រឹកថ្ងៃទី២៧ ខែកក្កដា។