ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមការងារចុះជួយស្រុកសង្គមថ្មីដឹកនាំសមាជិកគណបក្សជាង១០០០នាក់ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត

106
ខេត្តព្រះវិហារ៖ លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី រួមជាមួយក្រុមការងារថ្នាក់ខេត្តចុះជួយឃុំ ប្រធាន និងអនុប្រធានគណបក្សស្រុកសង្គមថ្មីបានដឹកនាំសមាជិកបក្ស ជាង១០០០នាក់ ដោយប្រើប្រាស់រថយន្ត៧០គ្រឿង បិទយុទ្ធនាការឃោសនារកសម្លេងឆ្នោតទ្រង់ទ្រាយធំ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ។
   អ្នកស្រុកនិយាយថា ពិធីដង្ហែក្បួនយុទ្ធនាការឃោសនារកសម្លេងឆ្នោតមានភាពអធិកអធមនេះ គឺលោកប្រធានក្រុមការងារបានរៀបចំតុបតែងរថយន្ត ដោយមានប្រគុំតន្ត្រី និងមានក្រុមសិល្បករ សិល្បការិនីមកពីភ្នំពេញចូលរួមផងដែរ។
   នៅមុនពេលចាប់ផ្តើមដង្ហែក្បួនលោក សំ លាងទ្រី បានរំលឹកដល់សមាជិកសមាជិការបក្ស ដែលបានចូលរួមហែក្បួនសូមរក្សាសណ្តាប់ធ្នាប់ សេចក្តីថ្លៃថ្នូរ មានភាពចាស់ទុំនយោបាយ មិនប្រើប្រាស់អំពើហិង្សា មានការអធ្យាស្រ័យខ្ពស់ និងមានភាពអត់ធ្មតខ្ពស់។
   លោកប្រធានគណៈពង្រឹង បានបន្ថែមទៀតថា «យើងទាំងអស់គ្នាជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវការពារសុខសន្តិភាព ឲ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ពីព្រោះសុខសន្តិភាព និងការអភិវឌ្ឍដែលកើតឡើងនៅលើទឹកដីកម្ពុជាយើងនេះ គឺបានមកពីពលិកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជននៅគ្រប់ដំណាក់កាល»។
  ក្នុងពេលបិទឃោសនាលោក សំ លាងទ្រី បានបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នឹងបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោក វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងវិស័យដឹកជញ្ជូនតាមផ្លូវដែកឲ្យមានការរីកចម្រើនថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានភាពរុងរឿង។
   ក្នុងឱកាសនោះដែឬលោកបានជំរុញឲ្យមហាគ្រួសារបក្សខិតខំប្រឹងប្រែងផ្សព្វផ្សាយគោលនយោបាយ ក៏ដូចជា សមិទ្ធផលសម្រេចបានរបស់គណបក្សប្រជាជនកម្ពុជាជូនប្រជាពលរដ្ឋឲ្យបានជ្រាបច្បាស់ និងផ្ដាំផ្ញើឲ្យពួកគាត់អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអាចបន្តការដឹកនាំប្រទេសឲ្យកាន់តែមានការរីកច្រើនថែមទៀត។
  គួរបញ្ជាក់ថា ក្បួនដង្ហែឃោសនារកសម្លេងឆ្នោត របស់ក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ មានសមាជិក សមាជិការបក្សប្រជាជនកម្ពុជានិងប្រជាពលរដ្ឋចូលរួមដង្ហែ ប្រមាណជាង១០០០នាក់ លើមធ្យោបាយជារថយន្តចំនួន៧០គ្រឿងដោយជួបជុំគ្នានៅស្រុកសង្គមថ្មី ហើយបន្តដង្ហែទៅទីរួមខេត្តព្រះវិហារ ទើបត្រឡប់មកស្រុកសង្គមថ្មីវិញ៕
អត្ថបទដែលជាប់ទាក់ទង