ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមយុវជនរបស់គណបក្សប្រជាជនកម្ពុជា បានជួបជុំនិងដង្ហែក្បួនរាប់ពាន់ម៉ូតូ ក្នុងថ្ងៃបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតនៅភ្នំពេញ

85

ភ្នំពេញ ៖ ក្រុមយុវជនរាប់ពាន់នាក់និងរាប់ពាន់ម៉ូតូជួបជុំគ្នានៅទីលានសួនច្បារមុខវត្តបទុមស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញនៅម៉ោងប្រមាណ៣រសៀលនេះដែលមានក្បួនដង្ហែនៅថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ដោយហែទៅតាមតម្រាយផ្លូវមួយចំនួនក្នុងរាជធានីប្រមាណ១១គីឡូម៉ែត្រហើយនៅម៉ោង៥ល្ងាច ទើបមកជួបជុំគ្នានៅនៅទីលានសួនច្បារមុខវត្តបទុម វិញ។
ក្បួននេះដឹកនាំដោយលោក ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ដ្រ, លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាអនុប្រធានគណបក្សកម្ពុជារាជធានីភ្នំពេញបានដឹកនាំក្បូនយុវជនគណបក្សប្រជាជនកម្ពុជារាប់ពាន់នាក់ ដង្ហែក្បួនឃោសនារកសំឡេងឆ្នោត នៅរាជធានីភ្នំពេញ នៅថ្ងៃចុងក្រោយនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ។
មុនចេញដំណើរលោក ហ៊ុន ម៉ានី ក្នុងឱកាសដែលលោកដឹកនាំដែលដឹកនាំយុទ្ធនាការឃោសនានេះ បានលើកឡើងថា៖ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានងើបឡើងតស៊ូលះបង់ជីវិត ដើម្បីរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេររហូតមានអ្វីៗ មកដល់សព្វថ្ងៃនេះ។លោកបានបន្ថែមពីនេះ គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានធ្វើឲ្យសេដ្ឋកិច្ចជាតិមានកំណើនល្អ ក្នុង២ទសវត្សរ៍ចុងក្រោយនេះ ពិសេសបានធ្វើឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ-កម្មការីនី និងប្រជាពលរដ្ឋ កាន់តែមានជីវភាពធូរធាប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ក្នុងឱកាសនោះសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចូលរួមថែរក្សា និងការពារនូវរាល់ស្នាដៃ និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានខិតខំកសាងឡើង ទោះក្នុងតម្លៃណាក៏ដោយត្រូវរួមគ្នាការពារសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាឲ្យបាន ពិសេសបន្តគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ និងអាណត្តិក្រោយៗទៀត។ទាំងអស់គ្នាបានស្រែកបន្លឺថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី កម្ពុជានឹងបន្តឈានទៅមុខយ៉ាងស្វាហាប់ឥតរាថយ ដើម្បីសន្តិភាពដ៏រឹងមាំ ដើម្បីអភិវឌ្ឍន៍ដ៏រុងរឿង និងដើម្បីលទ្ធិប្រជាធិបតេយ្យ។ សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព យើងនឹងទៅបោះឆ្នោតទាំងអស់គ្នា បោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតា និងមានលេខរៀងទី២០ហើយគូសឱ្យចំលេខរៀងទី២០។យុវជនក្នុងក្បួនបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦បានស្រែកឃោសនាថា បើស្រឡាញ់សន្តិភាព សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ គាំទ្រការអភិវឌ្ឍ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
គួរបញ្ជាក់ផងដែរថា៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង។ក្រៅពីនេះនៅតាមគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង១២ចំណុចឱ្យរាជធានីក៏បានដង្ហែក្បួនឃោសនា នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ដោយគ្រោងដង្ហែនិងជួបគ្នារហូតដល់ម៉ោង១០យប់ទើបបញ្ចប់៕

 

អត្ថបទដែលជាប់ទាក់ទង