កម្ពុជាបានត្រៀមបន្ទប់ជាង ៣.០០០ សម្រាប់ព្យាបាល អ្នកមានមេរោគកូវីដ-១៩ ដោយឥតគិតថ្លៃ
ភ្នំពេញ៖ នៅព្រឹកមិញ ថ្ងៃទី ២៥ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជម្រាបជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឲ្យបានដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចស្រេចហើយ នូវបន្ទប់សម្រាកព្យាបាល ជាង៣ពាន់បន្ទប់ នៅទូទាំងប្រទេស សម្រាប់ពិនិត្យ និងព្យាបាលជូន បងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលបានឆ្លងជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ។
ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ គឺរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមរួចជាស្រេចនូវបន្ទប់សណ្ឋាគារ, សាលារៀន និងមន្ទីរពេទ្យមួយចំនួន ដែលមានប្រព័ន្ធទឹក ភ្លើង និងមានគ្រែរៀបចំរួចស្រេចហើយ ដែលអាចទទួលបងប្អូនប្រជាពលរដ្ឋ ឲ្យស្នាក់នៅព្យាបាលដោយឥតគិតថ្លៃ។ នៅរាជធានីភ្នំពេញវិញ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមអគារមួយចំនួនដូចជា ១)អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់ (Inter Continental Hotel/ The Great Duke ) ២)មន្ទីរពេទ្យខ្មែរសូវៀត ៣)មន្ទីរពេទ្យនៅចាក់អង្រែ ៤) ពេទ្យយោធារដែលនៅមិនទាន់ប្រើនៅឡើយ។
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ដែលសង្ស័យថា ខ្លួនមានឆ្លងមេររោគកូវីដ-១៩ សូមទូរស័ព្ទមកលេខ ១១៥ ដើម្បីប្រឹក្សាយោបល់ នឹងទទួលបានការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ព្រោះនេះគឺជាបញ្ហាសុខភាពផ្ទាល់របស់បងប្អូន ដែលត្រូវតែពិនិត្យសុខភាពខ្លួនឯង ឲ្យបានច្បាស់ចៀសវាងចម្លងរោគនេះ ទៅប្តីឬប្រពន្ធឬកូនចៅ និងក្រុមគ្រួសារ ដែលចុងក្រោយ គឺមានតែការសោកស្តាយ ។ សូមបងប្អូនកុំមានការភ័យព្រួយបារម្ភ ហើយសូមកុំរើសអើងគ្នាទៅវិញទៅមក៕