សូមបងប្អូនកូនក្មួយពលករ ដែលទើបវិលត្រឡប់ មកពីប្រទសថៃត្រូវដាក់ខ្លួនឯងអោយនៅដាច់ដោយឡែក១៤ថ្ងៃ
ភ្នំពេញ៖ ពីវិមានសន្តិភាពនៅព្រឹកមិញថ្ងៃទី២៥មីនាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩បានបញ្ជាឲ្យស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវធ្វើយ៉ាងណាគ្រប់គ្រងជាបន្ទាន់នូវពលករខ្មែរចំនួនប្រមាណ១៥,០០០នាក់ដែលទើបវិលត្រឡប់មកពីប្រទេសថៃចូលកម្ពុជាកាលពីពេលថ្មីៗនេះដើម្បីឲ្យពួកគេអនុវត្តន៍វិធានការ“ដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ” ។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថាការដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកគឺមិនសំដៅដល់ការយកពលករទាំងនោះទៅក្រុងទុកនោះទេប៉ុន្តែគឺជាការដាក់ខ្លួនឯងនៅក្នុងផ្ទះដោយមិនឲ្យប៉ះពាល់ជាមួយសមាជិកគ្រួសារហើយត្រូវតាមដានសុខភាពជាប្រចាំ។ប្រសិនបើមានការសង្ស័យថាអាចមានរោគសញ្ញានេះកើតមានឡើងគឺត្រូវរាយការណ៍ជាប្រញាប់ទៅអាជ្ញាធរឬមន្ត្រីសុខាភិបាលភ្លាម។
សម្តេចតេជោនាយករដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩បានចេញបទបញ្ជាបញ្ជាក់ច្បាស់ថា«មន្រ្តីនិងអាជ្ញាធរពាក់ព័ន្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវតែគ្រប់គ្រងជាបន្ទាន់នូវពលករមកពីប្រទេសថៃដែលបានវិលចូលមកក្នុងប្រទេសរួចមកហើយគឺត្រូវតាមគ្រប់គ្រងអ្នកទាំងអស់នោះដែលត្រូវប្រគល់ការងារនេះឲ្យទៅអជ្ញាធរខេត្តរៀបចំបណ្តាញចុះធ្វើការដើម្បីដាក់បងប្អូនកូនក្មួយពលករឲ្យរស់នៅដោយឡែកនៅតាមផ្ទះមួយរយៈសិន។ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះខ្ញុំមានការលើកទឹកចិត្តណាស់ម្សិលមិញគ្រប់មធ្យោបាយនៃការឃោសនាគឺត្រូវបានធ្វើដោយរថយន្តក្តីដោយម៉ូតូក្តីដោយកង់បីក្តីដែលមានដាក់មេក្រូស្រែកតាមភូមិ»។
សម្តេចតេជោហ៊ុនសែនបានអំពាវនាវដល់បងប្អូនពលករទាំងអស់កុំមានការភ័យខ្លាចអ្នកខ្លះថាខ្លាចគេយកទៅក្រុងទុកឥឡូវបើមិនចង់ឲ្យគេយកទៅក្រុងទុកគឺសូមនៅតែក្នុងផ្ទះទៅកុំដើរទៅណាហើយត្រូវដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកឆ្ងាយពីគេមួយរយៈពេលសិនហើយបើមានប្រពន្ធកូនកុំអាលទៅជិតប្រពន្ធកូនខ្លាចឆ្លងដល់ប្រពន្ធកូនគឺមិនមានអ្វីដែលត្រូវភ័យនោះទេគឺធ្វើបែបនេះដើម្បីធានាសុខភាពរបស់បងប្អូនកូនក្មួយពលករទាំងអស់គ្នាកុំអោយមានឆ្លងជំងឺកូវីឌ–១៩ពីម្នាក់ទៅម្នាក់ទៀតនៅក្នុងក្រុមគ្រួសារនិងសហគមនីមួយ៕