ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹទ្ធសភាអាមេរិក និងអឺរ៉ុប ជិត៥០រូប ចុះឈ្មោះជាមួយគ .ជ.ប ចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅកម្ពុជា

108

ភ្នំពេញ៖ នៅថ្ងៃទី២៧កក្ដដានេះសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក សមាជិកព្រឹទ្ធសភាអឺរ៉ុប និងស្ថាប័នអន្តរជាតិនៅអឺរ៉ុបចំនួន៤៨រូប បានចុះឈ្មោះចូលរួមសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅក្នុងប្រទេសកម្ពុជា។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប នៅក្នុងសន្និសីទកាសែត ស្តីពីការបូកសរុបលទ្ធផលនៃការឃោសនាបោះឆ្នោត នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ។

ក្នុងចំណោមអ្នកសង្កេតការណ៍អន្តរជាតិ មកពីអឺរ៉ុប និងអាមេរិកទាំងនោះ រួមមាន៖ សមាជិកព្រឹទ្ធសភាអាមេរិកចំនួន៤រូប សមាជិកព្រឹទ្ធសភារប​ស់សហគមន៍អឺរ៉ុបចំនួន៣០រូប ក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ការការងារទំនាក់ទំនងអន្តរជាតិចំនួន៥រូប និងក្រុមប្រឹក្សាអឺរ៉ុបដើម្បីទេសចរណ៍ និងពាណិជ្ជកម្មចំនួន៩រូប។

លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខាងក្រុមប្រឹក្សាអឺរ៉ុបសម្រាប់ការការងារទំនាក់ទំនងអន្តរជាតិ គឺបានចុះឈ្មោះរួចហើយចំនួន៥នាក់ ហើយខាងក្រុមប្រឹក្សាអឺរ៉ុបដើម្បីទេសចរណ៍ និងពាណិជ្ជកម្ម មានគ្នា៩នាក់បានចូលមកសង្កេតការណ៍បោះឆ្នោតនេះ»។

លោកបានបន្តទៀតថា «ខាងសមាជិកព្រឹទ្ធសភាអាមេរិក៤នាក់ នឹងអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោត នៅក្នុងឱកាសនេះ ហើយសមាជិកព្រឹទ្ធសភារបស់សហគមន៍អឺរ៉ុបចំនួន៣០នាក់ ក៏លោកអញ្ជើញមកសង្កេតការណ៍នៅក្នុងឱកាសនេះផងដែរ»។
អ្នកនាំពាក្យ គ.ជ.ប, បានបន្តថា៖អ្នកសង្កេតការណ៍អន្តរជាតិ ដែលចូលរួមសង្កេតការណ៍បោះឆ្នោត នៅអាណត្តិទី០៦ គឺអាចមានរហូតដល់ជាង៥០០នាក់ឯណោះ មកពី៤២ប្រទេស ខណៈពេលនេះគ.ជ.ប បានទទួលស្គាល់ជាផ្លូវការចំនួន៣២២នាក់ និងកំពុងពិនិត្យមើលសំណើចំនួន២១៦នាក់។ ខណៈដែលឆ្នាំ២០១៣ ក្នុងការបោះឆ្នោតជាតិជ្រើសតាំង តំណាងរាស្រ្ត អាណត្តិទី០៥ អ្នកសង្កេតការណ៍អន្តរជាតិ​ដែលចូលរួម សង្កេតការណ៍បោះឆ្នោតនោះ មានចំនួនត្រឹមតែ២៤៣នាក់ប៉ុណ្ណោះ។

ដោយឡែកអ្នកសង្កេតការណ៍ជាតិវិញ គ.ជ.ប ក៏បានអះអាងដែរថា មានការកើនឡើងច្រើនជាងអាណត្តិមុនដែរ។ អ្នកសង្កេតការណ៍ជាតិ ក្នុងការបោះឆ្នោតលើក​នេះ ដែលគ.ជ.ប បានទទួលស្គាល់ហើយ មកពីស្ថាប័នចំនួន១១២ មានចំនួន៩៩៦១២នាក់។ ចំណែកតួលេខអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតអាណត្តិទី០៥ មានចំនួន ៤០១៤២នាក់ អញ្ចឹងយើងឃើញថា មានការកើនឡើងជិតទ្វេដង។

ក្រៅពីការអ្នកសង្កេតការណ៍អន្តរជាតិនៅអឺរ៉ុប និងអាមេរិកនេះ, សម្រាប់ជប៉ុនឯណោះវិញ ទោះបីមានព័ត៌មានផ្សព្វផ្សាយថា ខ្លួនមិនបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជាក៏ដោយ ប៉ុន្តែស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានដាក់មន្រ្តីរបស់ខ្លួន ជាភ្ញៀវបរទេសពិសេសរបស់គ.ជ.ប ចំនួន៩រូប ឱ្យចូលរួមជួយ និងសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាផងដែរ។
ចំពោះភ្ញៀវពិសេស ដែលត្រូវបានអនុញ្ញាតដោយគ.ជ.ប ហាក់ដូចជាទទួលបានសិទ្ធិពិសេសពីគ.ជ.ប ជាងអ្នកសង្កេតការណ៍ទៅទៀត ដែលអាចចូលពិនិត្យការបោះឆ្នោត ហើយនៅពេលពិនិត្យមើលការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនោះ ភ្ញៀវពិសេសមិនតម្រូវឲ្យចុះវត្តមាន ដូចអ្នកសង្កេតការណ៍នោះទេ។

គ.ជ.ប ក៏បានប្រកាសឱ្យ ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវសហការសម្របសម្រួលដល់ភ្ញៀវពិសេស ដែលចូលទៅពិនិត្យមើលការបោះឆ្នោតឲ្យបានល្អប្រសើរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង