ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ បញ្ចប់ដោយគ្មានអំពើហិង្សា មានតែពាក្យប្តឹងតិចតួច ឯទីតាំងការិយាល័យ មួយចំនួនត្រូវផ្លាស់ប្តូរ ដោយទឹកជំនន់

127

 


ភ្នំពេញ៖ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងសន្និសីទសារព័ត៌មាន នៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងថា ការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ របស់គណបក្សនយោបាយទាំង២០ បានបញ្ចប់ដោយជោគជ័យ ដោយគ្មានអំពើហិង្សាកើតឡើង គឺមានតែបណ្តឹងបន្តិចបន្តួចតែប៉ុណ្ណោះ។

លោកហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានថ្លែងថា បរិយាកាសនៃការហែក្បួនឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦នេះ គឺប្រព្រឹត្តទៅដោយរលូន ដោយគ្មានអំពើហិង្សាអ្វីកើតឡើងនោះទេ ហើយពាក្យ​​បណ្តឹងដែលប្តឹងដោយគណបក្សនយោបាយ ក៏មានចំនួនតិចតួច ដែលខុសពី អាណត្តិមុន។ ក្នុងអាណត្តិនេះអំឡុងពេល នៃយុទ្ធនាការឃោសនា បោះឆ្នោត គ.ជ.ប បានទទួលពាក្យបណ្តឹងតែចំនួន៣០ប៉ុណ្ណោះ ខណៈដែលអាណត្តិទី៥ គឺមានចំនួនជាង៣០០បណ្តឹង ហើយចំនួននេះគឺខុសគ្នាដាច់ពីអាណត្តិមុន។ អ្នកចូលរួមហែក្បូនឃោសនា​តាមដងផ្លូវ និងចែកខិតប័ណ្ណឃោសនារបស់បណ្ដាគណបក្សនយោបាយ សរុបប្រមាណជិត៤លាននាក់ ដែលបានធ្វើសកម្មភាពរយៈពេល២១ថ្ងៃ នៃថ្ងៃឃោសនាបោះឆ្នោត ដែលបិទបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដានេះ។ ការឃោសនា បានប្រើប្រាស់រថយន្ដ​ជាង៦ម៉ឺនគ្រឿង និងម៉ូតូ​៣០ម៉ឺនគ្រឿង ព្រមទាំងមធ្យោបាយ ផ្សេងៗទៀត។

អ្នកនាំពាក្យ បានថ្លែងថា “អ្នកដែលបានចេញទៅហែក្បួនបើគិតពីចំនួន គឺប្រមាណជិត២លាននាក់ ហើយការប្រជុំអ្នកដែលដើរចែកខិតបណ្ណនេះ គឺមាន​ចំនួនជាង២លាននាក់ ហើយរថយន្ដដែលបានប្រើប្រាស់នៅលើដងផ្លូវ ក្នុង២១ថ្ងៃនេះ មានប្រមាណជាង៦ម៉ឺនគ្រឿង និងម៉ូតូមានជាង៣សែនគ្រឿង​។

លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា ក្នុងថ្ងៃឃោសនារយៈពេល២១ថ្ងៃកន្លងមកនេះ គ.ជ.ប សង្កេតឃើញថា មានសកម្មភាពច្រើនក្នុងថ្ងៃឃោសនា ដោយគណបក្សនយោបាយមួយចំនួន បានហែក្បូនទ្រង់ទ្រាយធំ ហើយខ្លះហែក្បូនមានលក្ខណៈតូចតាមលទ្ធភាពរបស់ពួកគេ។ ក្នុងរយៈពេលនៃការឃោសនាបោះឆ្នោត គឺសកម្មជន នៃគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង បានចេញឃោសនារកសំឡេងឆ្នោត នៅលើដងផ្លូវ ដោយគោរពតាមបទបញ្ជា របស់គ.ជ.ប និងច្បាប់ស្តីពីការបោះឆ្នោត។

សេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា មានពាក្យបណ្តឹងចំនួន៥ ពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត រយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដានេះ។
ក្នុងបណ្តឹងចំនួន៥នេះ ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង សម្រេចយល់ព្រមតាមដើមបណ្តឹង ដោយពិន័យជាប្រាក់ទៅចុងបណ្តឹងចំនួន បុគ្គល៥នាក់ ដោយក្នុងម្នាក់ៗចំនួន១០លានរៀល។ ក្នុងអំឡុង ពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានបណ្តឹងសរុបចំនួន៣០បណ្តឹង ដែលត្រូវបានប្តឹង ប៉ុន្តែមាន២៩បណ្តឹង ត្រូវបានដោះស្រាយចប់រួចរាល់នៅថ្នាក់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ខណៈដែល១បណ្តឹងទៀត ត្រូវបានដាក់ផ្ទាល់នៅគណៈកម្មការរាជធានី​ខេត្តរៀបចំការបោះឆ្នោត។

លោក ហង្ស ពុទ្ធា បានលើកឡើងទៀតថា រហូតមកដល់ពេលនេះ គ.ជ.ប បាន អនុញ្ញាតឱ្យអ្នកសារព័ត៌មានអន្តរជាតិជាង២០៣នាក់ មកពី៦៦អង្គភាព ចូលយកព័ត៌មានបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដាខាងមុខនេះ។
គ.ជ.ប ក៏បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមឃ្លាំ មើលការបោះឆ្នោតកើនដល់ជាង៨ម៉ឺននាក់ ក្នុងនោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិចំនួន៣២២នាក់ មកពីប្រទេសស្ថាប័ន និងស្ថានទូតចំនួន៤២។

សូមជម្រាបថា យុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលកំណត់ដោយ គ.ជ.ប មានរយៈពេល២១ថ្ងៃ ​ដែលចាប់ផ្ដើមតាំងពីថ្ងៃទី៧ ខែកក្កដា ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយប្រព្រឹត្ដដោយរលូនគ្មានអំពើហិង្សាអ្វីទាំងអស់។ ដោយឡែកនៅថ្ងៃទី២៨ ខែកក្កដាស្អែកនេះ គឺជាថ្ងៃស ដោយមិនអនុញ្ញាតឲ្យគណបក្សនយោបាយធ្វើសកម្មភាពអ្វីទាំងអស់។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដោយមានតែមួយថ្ងៃប៉ុណ្ណោះ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល ដោយមានគណបក្សនយោបាយចំនួន២០ចូលរួមប្រកួតប្រជែង។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសថា រហូតមកដល់ពេលនេះ មិនមានទីតាំងការិយាល័យបោះឆ្នោតណាមួយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះ ត្រូវបានប៉ះពាល់ដោយសារទឹកជំនន់នោះទេ តែប្រជាពលរដ្ឋអាចនឹងមានការពិបាកក្នុងការធ្វើដំណើរទៅបោះឆ្នោត។
បញ្ហាទឹកជំនន់ យើងមើលក្នុងប្រព័ន្ធព័ត៌មានដូចជាធ្ងន់ធ្ងរណាស់ ប៉ុន្តែគ.ជ.ប មានការសិក្សារួចហើយ។ មកទល់ម៉ោងនេះ មិនអាចប្រើពាក្យបានថា ទឹកជំនន់ដល់ការិយាល័យបោះឆ្នោតទេ គ្រាន់តែថា​ទឹកជំនន់នេះ វាអាចប៉ះពាល់ដល់គម្រោងទីតាំង រៀបចំការិយាល័យបោះឆ្នោត ពីព្រោះការិយាល័យបោះឆ្នោតអត់ទាន់បានបង្កើតទេ ឥឡូវហ្នឹង ហើយយើងចេះតែនាំគ្នាប្រើពាក្យថា​ លិចលង់ប៉ះពាល់ដល់ការិយាល័យបោះឆ្នោត។

លោកបន្តថា គម្រោងទីតាំងការិយាល័យបោះឆ្នោតនេះ ឯងបានពិចារណា ប្រសិនបើមានការលិចលង់យ៉ាងណា គឺថាអាចប្តូរទៅរកទីទួលសុវត្ថិភាព បម្រើសេវាបោះឆ្នោតជូនប្រជាពលរដ្ឋ ប៉ុន្តែហេតុកន្លងមកអាចថា ជាការព្រួយបារម្មណ៍ នៅពេលសិក្សា និងជារបាយការណ៍ចុងក្រោយនេះទៅឃើញថា បញ្ហាអាចមានរឿងតែមួយទេ រឿងការិយាល័យមិនមែនការប៉ះពាល់ទេ គឺមានកន្លែងគ្រប់គ្រាន់សម្រាប់បងប្អូនប្រជាពលរដ្ឋសម្រាប់ការបោះឆ្នោត ប៉ុន្តែផ្លូវធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អាចនឹងមានការមូរជើងខោ មានការពិបាកបន្តិច ប៉ុន្តែក្នុងនាមប្រជាពលរដ្ឋកម្ពុជាដែលល្អ និងស្រលាញ់លទ្ធិប្រជាធិបតេយ្យ សូមគោរពអញ្ជើញបងប្អូនទាំងអស់ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង