ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទឹកថ្នាំជ្រលក់ម្រាមដៃ ប្រើសម្រាប់បោះឆ្នោតនៅកម្ពុជា ក៏ប្រើនៅម៉ាឡេស៊ី និងប្រទេសជាច្រើនទៀត លើពិភពលោក ដែលអាចជាប់រហូតដល់ទៅ៣០ថ្ងៃ

180

ភ្នំពេញ៖ ជាពិសេសទឹកថ្នាំជ្រលក់ដៃសម្រាប់ការបោះឆ្នោត មិនមែនប្រើតែនៅប្រទេសកម្ពុជានោះទេ វាបានប្រើសម្រាប់ការបោះឆ្នោត នៅប្រទេសឥណ្ឌា ម៉ាឡេស៊ី និងប្រទេសជាច្រើនទៀត នៅលើពិភពលោក ហើយទឹកថ្នាំនេះ មានគុណភាពរហូតដល់ទៅ១២០ម៉ោង បន្ទាប់ពីជ្រលក់រួច ហើយវាអាចជាប់នៅលើក្រចកដៃ រហូតដល់ទៅ៣០ថ្ងៃ។ តំណាងក្រុមហ៊ុនផលិតទឹកថ្នាំខ្មៅ ដែលបម្រើសម្រាប់ការបោះឆ្នោតនៅកម្ពុជា បានចេញមកអះអាង ពីគុណភាពទឹកថ្នាំរបស់ខ្លួន ដោយមិនប៉ះពាល់សុខភាព និងលុបលាងមិនជ្រះ។

ក្នុងសន្និសីទព័ត៌មានបញ្ជាក់ពីគុណភាពថ្នាំរៀបចំឡើង ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ លោក DODDAMANI CHANDRASHEKHAR អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន MYSORE PAINTS & VARNISH LIMITED ដែលជាក្រុមហ៊ុនចែកចាយទឹកថ្នាំខ្មៅនេះ បានរៀបរាប់ថា ក្រុមហ៊ុនផលិតទឹកថ្នាំខ្មៅនេះ ត្រូវបានបង្កើតឡើងនៅ១៩៣៧ ដោយព្រះមហាក្សត្រឥណ្ឌា ហើយនៅឆ្នាំ១៩៦២ ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាថ្មី សម្រាប់ផលិតទឹកថ្នាំបម្រើការបោះឆ្នោត ដោយឆ្លងកាត់មជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ជាតិរបស់ឥណ្ឌា ដែលជាមន្ទីរពិសោធន៍ ទទួលស្គាល់គុណភាពយ៉ាងត្រឹមត្រូវ។

លោក DODDAMANI CHANDRASHEKHAR បានឲ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ១៩៦២មក ក្រុមហ៊ុនបានផលិតទឹកថ្នាំប្រើប្រាស់ សម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌា និងបាននាំចេញទៅ ប្រទេសជាង៣០ទៀត មានដូចជា៖ ម៉ាឡេស៊ី អាហ្វ្រិកខាងត្បូង ម៉ាឌីវ ម៉ាដាហ្គាស្កា នេប៉ាល់ និងម៉ូតានជាដើម។

លោក DODDAMANI CHANDRASHEKHAR បញ្ជាក់បន្ថែមថា ទឹកថ្នាំនេះមិនអាចលុបជ្រះទេ គឺវានៅជាប់នឹងម្រាមដៃ។ ទឹកថ្នាំនេះអាចជាប់នៅនឹងម្រាបដៃ រហូតដល់ទៅ១២០ម៉ោង បន្ទាប់ពីជ្រលក់រួច ហើយវាអាចជាប់នៅលើក្រចកដៃ រហូតដល់ទៅ៣០ថ្ងៃ។

សូមបញ្ជាក់ថា កម្ពុជាបានបញ្ជាទិញទឹកថ្នាំពីប្រទេសឥណ្ឌាប្រមាណ ៥១០០០ដប សម្រាប់បម្រើការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយក្នុងមួយការិយាល័យត្រូវដាក់ប្រមាណ ២ដប។ ទឹកថ្នាំនេះក្នុង១ដបមានចំណុះ ៧០មិល្លីលីត្រ ហើយដបនីមួយៗមានសារធាតុប្រាក់នីត្រាត ២៥%។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចំណាយប្រមាណ ៨០ម៉ឺនដុល្លារអាមេរិក ដើម្បីទិញទឹកថ្នាំជ្រលក់ដៃទាំងនេះ។ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានរៀបចំពិសោធន៍គុណភាពទឹកថ្នាំនេះ ដោយមានការចូលរួមសាកល្បង ពីតំណាងគណបក្សនយោបាយនានាផងដែរ។ ក្រោយការសាកល្បងទាំងតំណាងគណបក្សនយោបាយ និងតំណាងអង្គការសង្គមស៊ីវិលផងសុទ្ធតែបានបង្ហាញការជឿទុកចិត្តទៅលើគុណភាពទឹកថ្នាំនេះ៕

 

អត្ថបទដែលជាប់ទាក់ទង