ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនន់ទឹកភ្លៀងលិចធ្វើអោយកំណាត់ផ្លូវជាតិលេខ៦២ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅស្រុករវៀងបានស្រកវិញអស់ហើយ

352

ខេត្តព្រះវិហារ៖លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងនៅព្រឹកព្រលឹមថ្ងៃទី១ឧសភានេះថា៖ស្ថានភាពទឹកជំនន់ទឹកភ្លៀងដែលជន់លិចកំណាត់ផ្លូវជាតិលេខ៦២ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅស្រុករវៀងបានស្រកវិញអស់ហើយ។
គួរបញ្ជាក់ថា៖កាលពីព្រឹកថ្ងៃ៣០មេសាភ្លៀងធ្លាក់ជាច្រើនម៉ោងបានធ្វើអោយកំណាត់ផ្លូវជាតិលេខ៦២ និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅស្រុករវៀងខេត្តព្រះវិហារបានទទួលរងការលិចលង់យ៉ាងខ្លាំង ហើយក្នុងខណៈនោះអាជ្ញាធរនិងមន្ទីរជំនាញក៏បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមដែរ។ ប៉ុន្តែចំពោះការខូចខាតមានទំហំប៉ុណ្ណាមន្ត្រីជំនាញមិនទាន់បញ្ជាក់អោយដឹងយ៉ាងណានៅឡើយទេ។
លោកសំ លាងទ្រីប្រធានមន្ទីសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា៖កំណាត់ផ្លូវជាតិលេខ៦២គីឡូម៉ែត្រ ៩០+០០០ ស្ថិតនៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ បានរងការលិចលង់ដោយទឹកភ្លៀង ។ ចំណែកផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងក៏បានទទួល រងការលិចលង់ផងដែរ ដែលករណីនេះបណ្តាលមកពីទឹកភ្លៀងបានធ្លាក់ជាច្រើនម៉ោង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ។ ក្រោយពេលមានបញ្ហានេះ
ក្រុមការងារក៏បានចុះដល់ចំណុចកើតហេតុ ដើម្បីជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋភ្លាមដែរ។
ក្នុងថ្ងៃដដែលនោះលោកអ៊ុន ចាន់ដាអភិបាលខេត្តព្រះវិហារ បានចុះទៅពិនិត្យក្នុងស្ថានភាពនេះហើយ បានមានប្រសាសន៍អំពាវនាវអោយបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយត្ន័ខ្ពស់ចំពោះបញ្ហាទឹកជំនន់ទឹកភ្លៀង ខណៈដែលក្រសួងធនធានទឹកនិងឧត្តុនិយមនៅព្រឹកថ្ងៃទី៣០ខែមេសាឆ្នាំ២០១៨នេះបានព្យាករណ៍ ថា ទឹកភ្លៀងកំពុងវាយលុកតំបន់មួយចំនួនក្នុង ខេត្តព្រះវិហារ។ លើករណីនេះបងប្អូនទាំងអស់គ្នាត្រូវមានប្រុងប្រយត្ន័ ។ ក្នុងនោះលោកដាក់ផែនការឱ្យអជ្ញាធរដែនដីនិងសមត្ថកិច្ចត្រូវបន្តឃ្លាំមើលនិងត្រៀមលក្ខណៈជានិច្ចដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះអោយបានទាន់ពេលវេលា។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា មកដល់ល្ងាចថ្ងៃដដែរនេះ ទឹកបានស្រកវិញជាបណ្ដើរៗហើយ តែ
ចំពោះការខូចខាតដោយគ្រោះធម្មជាតិនេះមិនទាន់ដឹងថា មានទំហំប៉ុណ្ណានូវឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង