លោក ឡុង ឌីម៉ង់ ប្រកាសបរិច្ចាគប្រាក់បៀវត្សប្រចាំខែ២០ភាគរយ រយៈពេល៦ខែ ជូនគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
កូរ៉េ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឡុង ឌីម៉ង់ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សរបស់ខ្លួន ចំនួន២០ភាគរយ ក្នុង១ខែ រយៈពេល៦ខែ ចាប់ពីខែមេសា ដល់ខែកញ្ញាឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ ប្រាក់ខែរបស់ សម្តេចតេជោដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
ក្រៅសម្តេចតេជោហ៊ុន សែន បរិច្ចាកប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ហើយនោះ ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីមួយចំនួនទៀតក៏បានបរិច្ចាគប្រាក់បៀវត្សចំនួន៧ខែ ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩នេះផងដែរ។
គួរបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រាក់ខែ ប្រមាណ១០លានរៀលក្នុង១ខែ ។ចំណែក ប្រាក់ខែឧបនាយករដ្ឋមន្ត្រីមាន៨លានរៀល, ប្រាក់ខែទេសរដ្ឋមន្ត្រីចំនួន៦លានរៀល និងរដ្ឋមន្ត្រីមានប្រមាណ៥លានរៀលក្នុង១ខែ ៕