បញ្ជូនបុរសម្នាក់ ទៅតុលាការ ករណីជួញគ្រឿងញៀន ជាង១គីឡូក្រាម
សៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនបុរសម្នាក់ ករណីរក្សាទុកដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង១គីឡូក្រាម ហើយជនសង្ស័យ និងវត្ថុតាង ត្រូវបានអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង នៅថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០។
អាវុធហត្ថខេត្តសៀមរាប បានឲ្យដឹងថា នៅម៉ោង១៧និង៣០នាទី ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិដៃអាវ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប កម្លាំងអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះលួន លាន អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ចាប់យកវត្ថុតាង រួមមាន ម្សៅក្រាមពណ៌ស (មេតំហ្វេតាមីន) ចំនួន៣កញ្ចប់ ស្មើនឹង ១១១៨,៩៤ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ទូរស័ព្ទ៣គ្រឿង៕