ចាប់គ្រូមន្តអាគមន៍ និងជាចាងហ្វាងកាសែត ម្នាក់ មកដុសក្អែល បានផុសថា លក់ខ្សែកបញ្ញើរក្អែកស្នោ ដែលអាចការពារជំងឺបាន១០០ភាគរយ (COVID-19)
ភ្នំពេញ៖ គ្រូមន្តអាគមន៍ម្នាក់ឈ្មោះ អ៊ុក សុវណ្ណដារារាជ្យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីករណីផុសព័ត៌មានមិនពិត ដោយបានផុសថាមានលក់ខ្សែកបញ្ញើរក្អែកស្នោ ដែលអាចការពារជំងឺបាន១០០ភាគរយ (COVID-19) ។
នៅថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ៥០នាទី ដោយមានការសហការពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការសហការជាមួយកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការនាំខ្លួន បុរសម្នាក់ឈ្មោះ អ៊ុក សុណ្ណដារារាជ្យ ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរចាងហ្វាងកាសែតអនឡាញ គេហទំព័រ “មួយ រៀល” ដែលមានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ 122 BE0 ផ្លូវលេខ 186Z សង្កាត់ទឹកល្អក់3 ខណ្ឌទួលគោក។
បុរសម្នាក់ឈ្មោះ អ៊ុក សុវណ្ណដារារាជ្យ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសួរចម្លើយ ហើយបុរសម្នាក់នេះបានធ្វើការសារភាព និងទទួលកំហុសចំពោះមុខសមត្ថកិច្ច នូវអ្វីដែលខ្លួនបានផុសព័ត៌មានមិនពិតនៅលើគណនីហ្វេសបុកឈ្មោះ Silver Turle ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ។
ដោយបានសារភាព និងទទួលនូវកំហុស សមត្ថកិច្ចបានធ្វើការណែនាំ អប់រំ ធ្វើកិច្ចសន្យា និងថតជាវីដេអូដើម្បីធ្វើការសុំទោសជាសាធារណៈ ជាពិសេសបានសន្យាថានឹងបញ្ឈប់ជាស្ថាពរនៅអាជីវកម្មនេះ និងរុះរើស្លាកសញ្ញាអាជីវកម្មនេះចោលផងដែរ ៕