ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ កម្មករបំរើការងារនៅភ្នំពេញ សម្រុកចេញទៅស្រុកកំណើត ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ២៩កក្កដានេះ

98
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរ មានអាយុគ្រប់អាយុបោះឆ្នោត ដែលរួមមាន សិស្ស និស្សិត បុគ្គលិកបម្រើការងារតាមបណ្តាក្រុមហ៊ុន កម្មករ កម្មការិនី បំរើការងារនៅតាមរោងចក្រ ក្រោយបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះបានសម្រុកចាកចេញ ពីរាជធានីភ្នំពេញ ទៅស្រុកកំណើត នៅតាមមណ្ឌលរៀងៗខ្លួន ដើម្បីសម្ដែងពីឆន្ទៈក្នុងការជ្រើសរើសមេដឹកនាំប្រទេសជាតិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
    ជាក់ស្តែងនៅតាមបណ្ដាផ្លូវជាតិធំៗមួយចំនួន ដូចជាផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ លេខ៣ និងផ្លូវជាតិលេខ៤ គេបានឃើញក្រុមកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ធ្វើដំណើរចាកចេញបង្កអោយមានការកកស្ទះចរាចរផងដែរ ។ បើយើងក្រលែកមើលទៅនៅតាមបណ្តាលក្រុមហ៊ុនឬហាងលក់គ្រឿងហូបចុកមួយចំនួននៅក្នុងរាជធានីភ្នំពេញក៏បានបិទទ្វាជាច្រើនកន្លែងផងដែរ ដោយសារតែបុគ្គលិក និងកម្មករដែលបំរើងការងារនៅតាមក្រុមហ៊ុននិងហាងទាំងនោះ ពួកគាត់ត្រូវចាកចេញទៅស្រុកកំណើតដើម្បីបោះឆ្នោត។
  បើយើងមើលទៅតាមចំណតរថយន្តវិញ ដូចជាបេនរថយន្តផ្សារថ្មី ផ្សារអូរឡាំពិក ផ្សារដើមគរ និងបណ្តាចំណតរថយន្តដទៃទៀត ក៏បានកកកុញទៅដោយមនុស្សម្នារងចាំជិះរថយន្តផងដែរ ជាមួយនឹងកងកម្លាំងសមត្ថកិច្ចចេញជួយអន្តរាគមន៍ សម្រួលចរាចរណ៍ឲ្យរថយន្តបានធ្វើដំណើរឆាប់រហ័ស ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យឈប់សម្រាក៣ថ្ងៃ ដើម្បីមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅចូលរួមបោះឆ្នោតអោយបានទាន់ពេលវេលា ក្នុងការជ្រើសរើសមេដឹកនាំដែលអាចសម្រេចនូវជោគវាសនាប្រទេសជាតិ ជួយឲ្យជីវភាពពួកគាត់ល្អប្រសើរឡើង និងរស់នៅប្រកបដោយសុខដុមរមនា ៕

 

 

អត្ថបទដែលជាប់ទាក់ទង