អគ្គិភ័យឆាបឆេះឃ្លាំងស្តុក សម្ភារ បរិក្ខារ និងថ្នាំពេទ្យ អស់៥០ភាគរយ
ភ្នំពេញ៖ អគ្គិភ័យឆាបឆេះឃ្លាំងស្តុក សម្ភារ បរិក្ខារ និងថ្នាំពេទ្យនៃរោងចក្រផលិតឱសថ មួយកន្លែង នៅក្នុងទឹកដីភូមិបឹងសាឡាង
សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាវេលាម៉ោង ៦និង២៥យប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បណ្តាលខូចខាតអស់ប្រមាណ៥០ភាគរយ និងមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន និងរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានទៅដល់កន្លែងកើតហេតុ បាញ់ពន្លត់បង្ក្រាបអណ្ដាតភ្លើង ដែលកំពុងឆេះអគារ នៃរោងចក្រផលិតឱសថមួយនេះយ៉ាងសន្ធោសន្ធៅ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរបាយការណ៍លម្អិតថា នៅវេលាម៉ោង ១៧និង៣០នាទីល្ងាច ថៃ្ងអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើង នៅស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្រុមទី14 ភូមិ បឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ម្ចាស់ឈ្មោះ ឆាយ ណយ ភេទស្រី អាយុ60ឆ្នាំ មុខរបរ ម្ចាស់សហគ្រាស ។ មូលហេតុ នៃអគ្គិភ័យកំពុងស្រាវជ្រាវ ។ បណ្តាលឲ្យឆេះសំណង់ ថ្មប្រក់សង្ក័សីទំហំ55ម៉ែត្រ គុណ 45ម៉ែត្រ និង ខូចខាតសម្ភារ ក្នុងឃ្លាំងអស់ប្រហែល50% និងពុំបណ្តាលឲ្យរាលដាលដល់អ្នកជិតខាងឡើយ ។ នគរបាល បានបញ្ជាក់ថា ករណីមិនមានស្លាប់មនុស្ស ឬរបួសឡើយ ។ ក្នុងនោះ ហេតុការណ៍ កងកម្លាំងបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន 22គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 110ឡានស្មើនឹង 440ម៉ែត្រគូប ។ រថយន្តជំនួយរួមមាន រថយន្តក្រសួងមហាផៃ្ទចំនួន 5គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 5ឡានសើ្មនឹង30ម៉ែត្រគូប ។ រថយន្តខណ្ឌឫស្សីកែវចំនួន 1គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 4ឡានសើ្មនឹង 16ម៉ែត្រគូប។
រថយន្តក្រុមហ៊ុនOCICទីក្រុងជ្រោយចង្វាចំនួន 6គ្រឿងបានប្រើប្រាស់ទឹកអស់ចំនួន 6ឡានសើ្មនឹង 70ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន 1ឡាន ប្រើប្រាស់ទឹកអស់ចំនួន 2ឡាន ស្មើនឹង 8ម៉ែត្រគូប ៕