ព្រះចៅអធិការ វត្តតេជសុវណ្ណភូមិ ប្រើក្មេងប្រុសបើកឡាន និងបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក
ត្បូងឃ្មុំ៖ ថ្មីៗនេះបានការបង្ហោះវីដេអូតាមបណ្តាញសង្គមហ្វេសប៊ុក ដែលនាំឲ្យមហាជនរិះគន់យ៉ាងខ្លាំង នូវទង្វើរបស់ព្រះសង្ឃមួយអង្គ បានបណ្តោយក្មេងប្រុសជាអនីតិជនម្នាក់បើកឡាន ដោយខុសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និង អាចប្រឈមនឹងគ្រោះថ្នាក់ថែមទៀតផង ។
ពេលនេះ គេបានស្គាល់ហើយថា អ្នកណាជាអ្នកបញ្ជាឲ្យអនីតិជនរូបនេះ បើកឡាន គឺ ព្រះសង្ឃ គីម ឌីណា ជាព្រះចៅអធិការវត្តតេជសុវណ្ណភូមិ នៅទីរួមខេត្តត្បូងឃ្មុំ ។ទោះបីយ៉ាងណា នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ នេះ ព្រះសង្ឃ គីម ឌីណា បានទទួលកំហុស និង សូមអភ័យទោសជាសាធារណៈ ។
តាមរយៈហ្វេសប៊ុករបស់ ព្រះសង្ឃ គីម ឌីណាបង្ហាញថា “បន្ទាប់ពីម៉ោងនេះទៅជនទាំងឡាយណា ផុសជននោះ អ្នកទទួលខុសត្រូវចំពោះមុខច្បាប់ សូមអរព្រះគុណនិងសូមអរគុណ”។
ព្រះសង្ឃ គីម ឌីណា បានសរសេរសារសុំទោសលើហ្វេសប៊ុកថា ” ថ្ងៃទី11ខែ04ឆ្នាំ2020ម៉ោង២រសៀល
ខ្ញុំកុណា អាត្មាភាព ព្រះនាម គីម ឌីណា ជាព្រះចៅអធិការ វត្តតេជសុវណ្ណភូមិ ដែលបានប្រើកូនសិស្ស ដែលជាអនីតិជនឲ្យបើកឡាន
ដែលផ្ទុយនឹងច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើឲ្យប៉ះពាល់ដល់ កិត្តិនាម
ព្រះពុទ្ធសាសនានិងសតិអារម្មណ៍ មហាជនទូទៅ។ ខ្ញុំកុណាអាត្មាភាព សូមទទួលកំហុស និង សូមអភ័យទោស អំពីសំណាក់ ព្រះមន្រីសង្ឃ និងឯកឧត្តម លោកជំទាវ និងសារធារណជនទូទៅ សូមខន្តី អធ្យាស្រ័យ ខ្ញុំព្រះករុណានិងឈប់ប្រើក្មេង១នេះឲ្យបើកឡានទៀតហើយ។ បញ្ជាក់ បន្ទាប់ពីម៉ោងនេះ ទៅជនទាំងឡាយណាផុស ជននោះអ្នកទទួលខុសត្រូវចំពោះមុខច្បាស់ សូមអរព្រះគុណ និងសូមអរគុណ”។
ព្រះចៅអធិការវត្ត មិនគួរណា មានចរិកបែបនេះសោះ គឺអោយក្មេងតូចបើកឡាន ហើយ Live ក្នុងឡាន ទទួលរងការរិះគន់ ។ អ្នកបង្ហោះចែកចាយលើបណ្តាញសង្គម គ្រប់គ្នារិះគន់ពីទង្វើមិនគប្បីនេះ និងសំណូមពរឲ្យសមត្ថកិច្ច តាមរកព្រះសង្ឃអង្គនោះ មកអប់រំ៕