សម្ដេចក្រឡាហោម អំពានាវជាថ្មីទៀត សូមបងប្អូនប្រជាពលរដ្ឋ គោរពតាមវិធានការ របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩
សម្ដេចក្រឡាហោម មានប្រសាសន៍ថា ទន្ទឹមនឹងការផ្ដល់ជូនរថយន្តបម្រើការជូនអធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌ ក្រសួងមហាផ្ទៃក៏បានផ្ដល់ជូនរថយន្តពន្លត់អគ្គិភ័យ ដល់អធិការដ្ឋាននគរបាលក្រងស្រុកខណ្ឌទាំងអស់ដែរ ពីព្រោះវាជាតម្រូវការអាទិភាពដែលមិនមែនសម្រាប់តែការបន្លត់អគ្គិភ័យនោះទេ ប៉ុន្តែក៏សម្រាប់ដឹកទឹកចែកជូនពលរដ្ឋ ដែលជួបការខ្វះខាតនៅរៀងរាល់រដូវប្រាំងដែរ។ សម្ដេចបានឆ្លៀតរំលឹកពីការខិតខំសន្សំថវិកា ដើម្បីបញ្ជាទិញរថយន្ត និងជលយាន ដើម្បីឱ្យមន្ត្រីយកាំទៅប្រើប្រាស់បម្រើជាតិ និងប្រជាជន។
នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត និងសម្ភារការពារជំងឺកូវីដ១៩ ជូនអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងហាផ្ទៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថាក្រសួង បានទទួលជំនួយសប្បុរសធម៌ ជាប្រាក់រៀលចំនួន៥៦លាន២០ពាន់រៀល ប្រាក់ដុល្លារចំនួន១៧៣៩០ដុល្លារ និងជាសម្ភារ ម៉ាសចំនួន៧០ម៉ឺនបន្ទះ សាប៊ូជា៣២ម៉ឺន៨ពាន់ដុំ អាល់កុល១ម៉ឺន៥ពាន់លីត្រ ជែលលាងដៃ១៧៨៣ដប អាល់កុលដបចំណុះ១០០មីលី្លលីត្រ១ពាន់ដប អាល់កុលចំណុះ៧៥មីលីលីត្រ៥៥៥ដប ឧបករណ៍ស្ទង់កម្តៅ៥០០គ្រឿង ស្រោមដៃ៣ពាន់គូ ថ្នាំសម្លាប់មេរោគ៥៨០០ដប។
ឯកឧត្តមបន្តថា សម្ភារទាំងអស់នេះ នឹងត្រូវបែងចែងជូនមន្ត្រីចំនួន១០១ពាន់៤១៨នាក់ ក្នុងអង្គភាពចំនួន១៦ រួមមាម៉ាស២៩០ពាន់ ៧០បន្ទះ អាល់កុល១០ពាន់១៤៤លីត្រ សាប៊ូ១៦៤ ពាន់៣០២ដុំ ឧបករណ៍ស្ទង់កម្តៅ៤៨៣គ្រឿង។ ដោយឡែកសម្រាប់រថយន្តត្រូវបែងចែក ជូនស្នងការរាជធានីខេត្ត សម្ដេចក្រឡាហោម នឹងបន្តផ្ដល់រថយន្ត៥០គ្រឿងទៀត ដល់ស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែន ដោយផ្ដល់អាទិភាព ជូនអធិការនគរបាលស្រុកជាប់ព្រំដែន។ ច្នេះគិតត្រឹមបច្ចុប្បន្ន មានអធិការដ្ឋានក្រុងស្រុងចំនួន៥៣ បានបំពាក់រថយន្តរួចរាល់ និងនៅសល់១៥០ក្រុងស្រុកខណ្ឌទៀត។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយនាឱកាសនោះ ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ សម្ដេចបានថ្លែងកោតសរសើរថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល និងនគរបាលក្រសួងមហាផ្ទៃទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានចូលរួមគាំទ្រវិធានការ របស់គណៈកម្មាធិការជាតិ និងដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា មកដល់ពេលនេះ ពិភពលោកមិនទាន់មានភាពធូរស្រាល ពីជំងឺកូវីដ១៩នៅឡើយទេ ពីព្រោះតែអត្រាអ្នកឆ្លង និងអ្នកស្លាប់នៅតែស្ថិតក្នុងកំណើនខ្ពស់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ពេលនេះមិនទាន់មានអ្នកជំងឺណាម្នាក់ស្លាប់នៅឡើយទេ ដោយសារគ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ ទាំងរាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធតទល់នឹងជំងឺកូវីដ១៩នេះ។
យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ស្ថានភាពប្រសើរ នៃការប្រយុទ្ធប្រឆាំជំងឺកូវីដ១៩នៅកម្ពុជា ដូចសព្វថ្ងៃនេះ មិនមែនមានន័យថា យើងទទួលបានជោគជ័យលើសមរភូមិជំងឺកូវីដ១៩នោះឡើយ ពោលគឺទាមទារឱ្យមានការប្រុងប្រយ័ត្នជានិច្ច ពីគ្រប់ភាគីពាក់ព័ន្ធទាំង់អស់ ហើយក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបានមានប្រសាសន៍នឹងថា ខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺនេះ គ្រប់ស្ថានភាព ដើម្បីការពារសេចក្ដីសុខសុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ។
សម្ដេចឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងការអរគុណ និងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងប្រគៀកស្មាគ្នាជួយប្រទេសជាតិ ដោយមានខ្លះបានបរិច្ចាគប្រាក់ខែ តិចឬច្រើនទៅតាមលទ្ធភាព និងការស្ម័គ្រចិត្ត ថ្នាក់ដឹកនាំខ្លះក៏បានបរិច្ចាគសម្រាប់ជួយមន្ត្រីក្នុងក្រសួង និងថ្នាក់ដឹកនាំមន្ត្រីខ្លះទៀត បានជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនៅថ្នាក់មូលដ្ឋាន ដែលនេះគឺជាការបង្ហាញនូវសាមគ្គីភាព។
សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានសហការរួមគ្នាខិតខំប្រឹងប្រែង បំពេញភារកិច្ចយ៉ាងសកម្មនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដូចជាការទទួលបងប្អួនខ្មែរវិលត្រឡប់ ពីក្រៅប្រទេស ពិសេសប្រទេសថៃ ការអនុវត្តវិធានការបិទការធ្វើដំណើរឆ្លងខេត្ត តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការស្រាវជ្រាវ តាមដាន ពិនិត្យសុខភាព និងរៀបចំដាក់ឱ្យដាច់ដោយឡែក សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ ឬទើបវិលត្រឡប់មកពីក្រៅប្រទេស នៅតាមមូលដ្ឋានភូមិឃុំ។
ពាក់ព័ន្ធនឹងជំនួយថវិកា និសម្ភារ ដែលសប្បុរសជននានា បានផ្ដល់ជូនរដ្ឋបាលរាជធានី ខេត្ត សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មទប់ស្កាត់ជំងឺកូវីដ១៩ សម្ដេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ថារាជរដ្ឋាភិបាល ទុកលទ្ធភាពឱ្យរដ្ឋបាលរាជធានី ខេត្ត ជាអ្នកចាត់ចែងប្រើប្រាស់តាមតម្រូវការជាក់ស្ដែង។ យ៉ាងណាក៏ដោយសម្ដេច បានអំពាវនាវឱ្យថ្នាក់ដឹកនាំរាជធានី ខេត្ត ប្រើប្រាស់ថវិកាទាំងនោះឱ្យចំគោដៅ និងតម្លាភាព ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ភាគីម្ចាស់ជំនួយ ដែលបានលះបង់ថវិកា ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។
ពាក់ព័ន្ធនឹងថវិកា និងសម្ភារទប់ស្កាត់ជំងឺកូវីដ១៩ ដែលនៅសល់បន្ទាប់ពីការបែងចែក លើកលែងតែសម្លៀកបំពាក់ការពារជំងឺកូវីដ១៩ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជម្រាបទៅកាន់អង្គពិធីថា សម្ដេចក្នុងនាមប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង និងខេត្តព្រៃវែង សូមបែងចែកផ្ដល់ជូនបណ្ដាក្រុងស្រុក នៃខេត្តទាំងពីរ និងគោលដៅផ្សេងទៀត សរុបចំនួន៣១គោលដៅ។
សម្ដេចទទួលស្គាល់ថាជំនួយទាំងនេះ គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែនេះគឺជាការបែងចែកដើម្បីរួមចំណែកសម្រាលការលំបាក ហើយថាសម្ភារៈឧបករណ៍ទាំងអស់នេះ ក៏មិនមែនជាមូលដ្ឋានវាយតម្លៃថាយើងនឹងអាចទប់ស្កាត់ជំងឺកូវីដ១៩បានដែរ ពោលគឺសម្ភារៈទាំងអស់នេះ គឺគ្រាន់តែជាផ្នែកមួយនៃការចូលរួបទប់ស្កាត់ និងការពារជំងឺកូវីដ១៩ប៉ុណ្ណោះ ដែលសំខាន់នោះ គឺត្រូវតែមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ដោយត្រូវគោរពតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល រាប់ទាំងការប្រើម៉ាស និងលាងដៃជាដើម។
ឆ្លៀតនៅក្នុងឱកាសនោះដែរ សម្ដេចបានបន្តគូសបញ្ជាក់ជាថ្មីទៀត នូវការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយសម្ដេចបានសង្កត់ធ្ងន់ថា នៅពេលភូមិឃុំទាំងអស់មានសុវត្ថិភាព គឺមានន័យថាមាតុភូមិរបស់យើង មានសុខសន្តិភាពសុវត្ថិភាព ហើយដើម្បីសម្រេចបាន គឺទាមទារជាចាំបាច់នូវការចូលរួមរបស់ពលរដ្ឋ ការលើកកម្ពស់សមត្ថភាពមន្ត្រី និងការបំពាក់ឧបកណ៍សម្ភារ និងបំពេញតម្រូវការថវិកា។
ពាក់ព័ន្ធនឹងការបំពាក់រថយន្តដល់អង្គភាព កងកម្លាំងនគរបាល សម្ដេចបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ក្រសួងបានផ្ដល់រថយន្តចំនួន៩៥គ្រឿងហើយ ហើយនៅថ្ងៃនេះនឹងបន្តផ្ដល់ជូន៥០គ្រឿងទៀត ក្នុងនោះបានបែងចែកអធិការស្រុក ជាប់ព្រំដែនថៃ១៧គ្រឿង វៀតណាម២៨គ្រឿង ឡាវ៥គ្រឿង ដោយក្នុងមួយអធិការដ្ឋានទទួលបាន១គ្រឿង។ សម្ដេចទទួលស្គាល់ថា នៅមានការខ្វះខាតជាបន្តទៀត សម្រាប់ក្រុងស្រុកផ្សេងទៀត ដោយក្រសួង នឹងខិតខំស្វែងរកលទ្ធភាពផ្ដល់ជូនជាបន្តទៀត។
ពាក់ព័ន្ធនឹងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល សម្រាប់ការបិទបម្រាមគោលចរឆ្លងកាត់ខេត្តនឹងខេត្ត លើកលែងតែរវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងផ្ដល់ការលើកចិត្តជូនថ្នាកដឹកនាំខេត្ត អាជ្ញាធរ និងកងកម្លាំងទាំងអស់ សូមបន្តអនុវត្តភារកិច្ចឱ្យបានជោគជ័យ ទាំងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងការរក្សាសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម និងបានអំពានាវជាថ្មីទៀត សូមបងប្អូនប្រជាពលរដ្ឋ គោរពតាមវិធានការ របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ៕