បង្ក្រាបរថយន្តដឹងធ្យូងបម្រុងឆ្លងដែន ទៅវៀតណាម តាមច្រកបុសមក សង្ស័យបង្កប់ឈើប្រណិត
ខេត្តស្វាយរៀង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានចុះបង្ក្រាបរថយន្តដឹកធ្យូង ចំនួន៨គ្រឿង ដែលក្រុមឈ្មួញបម្រុងដឹកឆ្លងដែន ទៅប្រទេសវៀតណាម ក៏ត្រូវសមត្ថកិច្ចបង្ក្រាបតែម្តង។
ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០ នៅចំណុចខាងលិចច្រកទ្វារព្រំដែនទ្វេភាគីបុសមន ចម្ងាយ២០០ម៉ែត្រ ស្ថិតនៅភូមិបុសមន ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។
បើតាមមន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ មានរថយន្តចំនួន៨គ្រឿង (ធំ៥គ្រឿង) បានដឹកធ្យូងមកតាមផ្លូវជាតិលេខ៣១៣ រួចចុះឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេភាគីបុសមន បម្រុងឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនទ្វេភាគីបុស្សមនឃុំបុសមន ។ ដោយមានមេការអ្នករត់ផ្លូវ ទៅទំនាក់ទំនងសមត្ថកិច្ចប៉ុស្តិ៍ច្រកទ្វារព្រំដែន ដោយសុំដឹកចេញ ក៏ប៉ុន្តែលោកមេប៉ុស្តិ៍មិនអនុញ្ញាតឆ្លងដែន នៅពេលយប់គ្មានច្បាប់អនុញ្ញាត ក៏ឲ្យត្រឡប់ក្រោយវិញ។
ប្រភពដដែលបានបន្តទៀតថា ក៏ប៉ុន្តែក្រុមឈ្មួញ មិនបានថយក្រោយទេ គឺឈប់នៅតាមផ្លូវថ្នល់ក្នុងភូមិជិតច្រកទ្វា ព្រំដែនលុះដល់ព្រឹកឡើង ថ្ងៃទី១៣ មេសា ទើបសមត្ថកិច្ចកងរាជអាវុធហត្ថ ចុះល្បាតឃើញក៏ឃាត់សាកសួរ និងបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធី។
ទាក់ទិនករណីនេះដែរ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទថា សមត្ថកិច្ចកងរាជអាវុធហត្ថ បានឃាត់រថយន្តដឹកធ្យូងចំនួន៨គ្រឿង ដែលបម្រុងឆ្លងដែនទៅប្រទេសវៀតណាម ដោយខុសច្បាប់។
លោកសែ វុទ្ធី បានបញ្ជាក់ថា ចំពោះធ្យូងច្បាប់អនុញ្ញាតធ្វើអាជីវកម្ម បានតែនៅក្នុងស្រុក ក្នុងទ្រង់ទ្រាយបន្តិចបន្តួចប៉ុណ្ណោះ ក៏ប៉ុន្តែនេះឈ្មួញដឹកក្នុងទ្រង់ទ្រាយធំ ហើយបម្រុងឆ្លងដែនទៅប្រទេសវៀតណាម ដោយខុសច្បាប់ទៀតទើបបង្ក្រាប។ ហើយធ្យូងនេះ ផលិតពីឈើ មិនមែនធ្យូងសិប្បនិមិ្មតទេ ដូច្នេះការដុតធ្យូងឈើ គឺជាការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ធ្វើឲ្យបាត់បង់ព្រៃឈើធម្មជាតិធ្ងន់ធ្ងរ។
លោកបន្តថា នៅពេលមន្ត្រីជំនាញ សាកសួររួច និងកសាងសំណុំរឿង បញ្ជូនទៅឲ្យរដ្ឋបាលព្រៃឈើស្វាយរៀង ចាត់ការបន្តតាមនីតិវិធីច្បាប់។ រីឯមហាជន បានដាក់ការសង្ស័យថា មានបង្កប់ឈើប្រណិត ក្នុងធ្យូង ដោយរថយន្តដឹកធ្យូង មកពីខេត្តផ្សេងដូច្នេះ រង់ចាំមើលសមត្ថកិច្ច ធ្វើការឆេកឆេរពិនិត្យមើលជាក្រោយ៕