ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចុះពិនិត្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង ត្រួតពិនិត្យបច្ចេកទេស បានដឹកនាំប្រតិភូគណៈកម្មការបច្ចេកទេស ត្រួតពិនិត្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីសាកសួរសុខទុក្ខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំវិស្វករ ជំនាញការ កម្មករដែលកំពុងសាងសង់ពហុកីឡាដ្ឋានមរតកតេជោ កាលពីចុងសប្តាហ៍ថ្មីៗនេះ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានយកនាំយកការសាកសួរសុខទុក្ខ របស់សម្តេចតេជោនាយកដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំ វិស្វករ និងកម្មករទាំងខ្មែរ-ចិនជាង ៤០០នាក់ ដែលកំពុងបំពេញការងារសាងសង់យ៉ាងសកម្ម ទោះបីក្នុងដំណាក់កាល ដែលពិភពលោក និងកម្ពុជាកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មនៃវិបត្តិជំងឺកូវីដ-១៩យ៉ាងណាក្តី។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា អ្នកទាំងអស់គ្នាក្នុងការដ្ឋានសាងសង់មានសុខភាពល្អ គ្មានអ្នកប៉ះពាល់ជំងឺឆ្លងឡើយ និងថែមទាំងកោតសរសើរដល់វិធានការគ្រប់គ្រងហ្មត់ចត់ច្បាស់លាស់របស់ថ្នាក់ដឹកនាំ។
លោក Zhou Wali តំណាងក្រសួងពាណិជ្ជកម្មចិន ដែលដឹកនាំក្រុមហ៊ុនផ្ទាល់ បានថ្លែងអំណរគុណដល់ការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ និងភាគីកម្ពុជា ដែលបានផ្តល់ភាពកក់ក្តៅ សម្របសម្រួលលើការងារគ្រប់បែបយ៉ាង ជាមួយនឹងការលើកទឹកចិត្តផ្ទាល់ដល់ការដ្ឋានសាងសង់ជាប្រចាំ។
លោក Wali បានរាយការណ៍សង្ខេបពីវឌ្ឍនភាពការងារសាងសង់ថា បច្ចុប្បន្នសំណង់រឹង និងបង្គំប៉េតុងទាំងអស់ត្រូវបានចប់សព្វគ្រប់ នៅសល់តែការបំពាក់ឧបករណ៍ សម្ភារ តម្លើងដំបូល បំពាក់កៅអី លាភពណ៌ជាដើមប៉ុណ្ណោះ។ សំណង់ទាំងមូលសម្រេចបាន ៧០% ហើយៗក្នុងនោះភាគីចិនបានប្តេជ្ញាខិតខំប្រឹងប្រែងធ្វើឲ្យចប់តាមកាលកំណត់នាបំណាច់ឆ្នាំ២០២០នេះ។
លោកបន្ថែមថា ស្ថិតក្នុងសភាពការណ៍ដ៏លំបាកនៃជំងី កូវីដ-១៩នេះ ខាងរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ណែនាំ និងផ្តល់ដំបូន្មាន ត្រួតពិនិត្យជាប្រចាំ ពិសេសលើការគ្រប់គ្រងកម្មករ ក្នុងការដ្ឋាន ដើម្បីចៀសឲ្យបានពីជំងឺឆ្លងនេះ គឺអ្នកគ្រប់គ្រងមិនស្វែងរកកម្មករថ្មីបន្ថែមទេ ដោយរក្សាកម្មករធ្វើការចាស់ៗដដែល ដោយក្នុងដំណាក់កាលនេះ លោកបានផ្តល់កន្លែងស្នាក់នៅ ហូបចុក និងហាមចេញចូលដាច់ខាត។ ក្នុងករណីមានតម្រូវការចាំបាច់ចំពោះកម្មករជំនាញ ឬថ្នាក់ដឹកនាំមកពីចិនត្រូវបានពិនិត្យ និងដាក់ឲ្យនៅដោយឡែកនៅចិន១៤ថ្ងៃសិន ទើបអនុញ្ញាតឲ្យចេញមកកម្ពុជា ហើយពេលមកដល់កម្ពុជា ក៏ត្រូវដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃទៀត ទើបបសម្រេចឲ្យចូលធ្វើការ៕