ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីឱ វណ្ណឌីន៖ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ កម្ពុជារកឃើញការឆ្លងជំងឺកូវីដ១៩ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅក្នុងស្រុកហើយ

65


ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបានរកឃើញការឆ្លងជំងឺកូវីដ១៩នេះ បានចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់នៅក្នុងស្រុកហើយ ដែលនេះគឺជារឿងដែលគួរឲ្យព្រួយបារម្ភនឹងទាមទារឲ្យមានការចូលរួមសហការពីសំណាក់ប្រជាពលរដ្ឋឲ្យបានខ្លាំងក្លាជាទីបំផុត ។
ក្នុងសន្និសីទសារព័ត៌មាននៅ ព្រឹកថ្ងៃទី១៣ មេសា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា កាលពីមុនយើងរកឃើញថា អ្នកកើតជំងឺកូវីដ១៩នេះ គឺសុទ្ធសឹងតែជាអ្នកនាំចូលមកពីខាងក្រៅ ហើយចម្លងមកអ្នកនៅក្នុងស្រុក ។ ប៉ុន្តែបច្ចុប្បន្នស្ថានភាពជំងឺនេះបានវិវត្តន៍ទៅជាដំណាក់កាលថ្មីទៀតគឺចម្លងពីអ្នកនៅក្នុងស្រុក ហើយអ្នកនៅក្នុងស្រុកបានចម្លងទៅអ្នកក្នុងស្រុក។
លោកស្រីបញ្ជាក់ថា «បច្ចុប្បន្ននេះយើងរកឃើញករណីមួយចំនួនហើយដែលបានកើតឡើងសម្រាប់ជនបរទេសភាគច្រើន ហើយក៏មានការប៉ះពាល់ដល់ជនជាតិខ្មែររបស់យើងមួយចំនួនដែរ។ ហើយកន្លងមកនេះយើងតែងតែរកឃើញអ្នកឆ្លងសម្រាប់អ្នកនាំចូលមកហើយឆ្លងទៅម្នាក់ទៀតនៅក្នុងស្រុក ។ ក៏ប៉ុន្តែឥឡូវយើងរកឃើញថាឆ្លងពីម្នាក់នៅក្នុងស្រុកហើយ ហើយអ្នកក្នុងស្រុកបានឆ្លងទៅម្នាក់ទៀតហើយ» ។
ត្រង់ចំណុចនេះ លោកស្រី បានសង្កត់ធ្ងន់ថា វាជារឿងផុយស្រួយណាស់ប្រសិនបើការចម្លងនេះចេះតែរាតត្បាតបន្តទៅ ហើយយើងមិនមានលទ្ធភាពក្នុងការស្រាវជ្រាវរកប្រភពឲ្យបានច្បាស់លាស់នោះវាគឺជាការចម្លងនៅក្នុងសហគមន៍ហើយ ។
លោកស្រី បន្តថា ក្រសួងសុខាភិបាលកំពុងដុតដៃដុតជើងក្នុងការសិក្សា និងស្រាវជ្រាវឲ្យបានម៉ត់ចត់ជាទីបំផុតនូវករណីនានាដែលក្រសួងរកឃើញនៅក្នុងពេលថ្មីៗនេះ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង