អាមេរិក កំពុងធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ លើមនុស្ស
ភ្នំពេញ៖ ពាក់ព័ន្ធនឹងជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ក្រុមហ៊ុនដៃគូអាមេរិក កំពុងធ្វើតេស្តវ៉ាក់សាំងនេះ លើមនុស្ស ដែលជាជំហានសំខាន់មួយ ទៅរកការបង្ហាញឲ្យឃើញថា ឱសថនេះមានសុវត្ថិភាព និងប្រសិទ្ធភាព។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានចេញផ្សាយព័ត៌មានថា ក្រុមហ៊ុនខ្លះទៀតកំពុងតែរកវិធីថ្មីៗ ក្នុងការកំណត់លើការប្រើប្រាស់ និងបញ្ជូនវ៉ាក់សាំង នៅគេពេលផលិតបានសម្រាប់ប្រើប្រាស់។
អ្នកវិទ្យាសាស្ត្រនៅតាមក្រុមហ៊ុន និងសាកលវិទ្យាល័យរបស់សហរដ្ឋអាមេរិក អាចបង្រួមការស្រាវជ្រាវរបស់គេ ដែលតាមធម្មតា ត្រូវការពេលរាប់ខែ ឬរាប់ឆ្នាំ ឲ្យមកត្រឹមរាប់សប្តាហ៍វិញ។
ការងារនេះទទួលបានការជំរុញបន្ថែម នៅពេលលោកប្រធានាធិបតី Trump បានចុះហត្ថលេខាឲ្យទៅជាច្បាប់ នូវថវិការបស់រដ្ឋាភិបាលសហព័ន្ធចំនួន៨,៣ពាន់លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ ១៩។
ថវិកានេះកំពុងជួយទីភ្នាក់ងារសហព័ន្ធ ដូចជា វិទ្យាស្ថានសុខភាពជាតិ និងរដ្ឋបាលចំណីអាហារ និងឱសថ និងដៃគូក្នុងវិស័យឯកជន ដើម្បីផលិតវ៉ាក់សាំងនិងការព្យាបាលថ្មីៗ។
នេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយចំនួន របស់សហរដ្ឋអាមេរិក ដើម្បីទទួលបានវ៉ាក់សាំងការពារកូវីដ – ១៩ ដល់សាធារណជន ក្នុងរយៈពេលមួយឆ្នាំទៅ ១៨ ខែ៕