បង្រ្កាប រថយន្តធុនធំទ្រុងវែងខ្ពស់ ដឹកបង្កប់មនុស្សជិត៥០នាក់
ព្រះសីហនុ៖ ស្របពេលដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទូទាំងប្រទេសកំពុងធ្វើយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ១៩នោះ ស្រាប់តែមានរថយន្តធុនធំទ្រុងវែងខ្ពស់ បានដឹកបង្កប់មនុស្សជិត៥០នាក់ ដើម្បីបិទបាំងភ្នែកកងកម្លាំងសមត្ថកិច្ច ដើម្បីដឹកជញ្ជូនពលរដ្ឋទាំងនោះ ទៅលំនៅឋានរបស់ពួកគេ នៅខេត្តកោះកុង។ ប៉ុន្តែករណីនេះ កម្លាំងឈរជើងនៅស្រុកកំពង់សីលា បានធ្វើការឃាត់រថយន្តធុនធំទ្រុង ធ្វើដំណើរពីស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកោះកុង ដែលបានលួចដឹកបង្កប់កម្មករក្នុងទ្រុងឡាន ចំនួន ៤៨នាក់(ស្រី១៧នាក់) ។
សុំចិត្តបងប្អូនទាំងអស់ សូមមេត្តាឈប់ទៅ នៅកន្លែងដែលបងប្អូនកំពុងរស់នៅកំពុងធ្វើការ ។ ពេលនេះ ត្រូវតែអនុវត្តតាមច្បាប់ ដើម្បីសេចក្ដីសុខ និងអាយុជីវិតបងប្អូន ។ មិនតិចទេ ៤៨នាក់ ចុះបើឆ្លងជំងឺ តើនឹងទៅជាយ៉ាងណា ពិតជាបារម្ភណាស់ ។ នេះតាមការផ្សាយរបស់ផេកហ្វេសប៊ុកប្រជាជន ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០២០។
កម្លាំងឈរជើងនៅស្រុកកំពង់សីលា ព្រំប្រទល់ស្រុកស្រែអំបិល ខេត្តកោះកុង បានធ្វើការឃាត់រថយន្តធុនធំទ្រុង ធ្វើដំណើរពីស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកោះកុង ដែលបានលួចដឹកបង្កប់កម្មករក្នុងទ្រុងឡាន ចំនួន ៤៨នាក់(ស្រី១៧នាក់) ក្រោយពីឃាត់កងកម្លាំងបានធ្វើការណែនាំ ឲ្យពួកគាត់នាំគ្នាជិះឡានដែលគាត់ បានជិះមកឲ្យវិលត្រឡប់ទៅមូលដ្ឋានរបស់វិញ ដោយកម្លាំង អាវុធហត្ថ បានជូនពួកគាត់ទៅដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ៕