ព្រមានរុះរើលែងឱ្យធ្វើអាជីវកម្ម ប្រសិនណាឆ្នាំក្រោយ នៅតែមានបញ្ហាខ្វះខាតទឹក
ព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ៧រោចខែចេត្រឆ្នាំជូតឯកស័កពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី១៤ខែមេសាឆ្នាំ២០២០នេះឯកឧត្តមគួចចំរេីនអភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុបានដឹកនាំកិច្ចប្រជុំរកដំណោះស្រាយការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ។
ក្រោយពីការជួបពិភាក្សាឯកឧត្តមអភិបាលខេត្តបានបន្តចុះពិនិត្យមើលស្ថានភាពទឹកនៅតាមផ្ទះប្រជាពលរដ្ឋនិងចុះពិនិត្យអាងស្តុកទឹកផងដែរខណៈគ្រឿងចក្រកំពុងបន្តកាយស្តាររាល់ថ្ងៃ។ឯកឧត្តមបានណែនាំក្រុមហ៊ុនផលិតទឹកស្អាតពង្រីកអាងទឹកឱ្យបានធំនិងជ្រៅជាងមុនដើម្បីរក្សាទឹកបានច្រើនធានាការប្រើប្រាស់គ្រប់គ្រាន់ព្រមទាំងបានណែនាំឱ្យក្រុមហ៊ុនត្រូវសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទមន្ទីរសិប្បកម្មនិងឧស្សាហកម្មនិងមន្ទីរធនធាននិងឧតុនិយមទឹកផងដែរដើម្បីធ្វើកិច្ចការនេះឱ្យទទួលបានប្រសិទ្ធិផល។ទន្ទឹមនេះឯកឧត្តមក៏បានព្រមានរុះរើលែងឱ្យធ្វើអាជីវកម្មប្រសិនណាឆ្នាំក្រោយនៅតែមានបញ្ហាខ្វះខាតដដែលៗដូច្នេះទៀតបើទោះជាមានអាជ្ញាប័ណ្ណពីក្រសួងក៏ដោយ។