ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានៅតែមានជនបរទេសប៉ុនប៉ង និងព្យាយាមជ្រៀតជ្រែក ចូលកិច្ចការបោះឆ្នោត

95

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឆ្លើយតបទៅនឹងចម្ងល់ របស់បានប្រាប់អ្នកសង្កេតការណ៍មកពីតំបន់អឺរ៉ុបថា មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជានៅតែមានជនបរទេសប៉ុនប៉ង និងព្យាយាមជ្រៀតជ្រែកចូលកិច្ចការបោះឆ្នោតរបស់កម្ពុជា។

លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ព្រោះតែមានការប៉ុនប៉ងបែបនេះហើយ ជាហេតុនាំឲ្យមានការកំណត់ក្នុងច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ស្តីពី ការផ្តន្ទាទោសជនបរទេសទាំងឡាយ ដែលបានជ្រៀតជ្រែក ដំណើរការបោះឆ្នោតនៅកម្ពុជា។

អ្នកសង្កេតការណ៍អន្តរជាតិមកពីប្រទេសនៅតំបន់អឺរ៉ុប ចូលជួបស្វែងយល់ ពីដំណើរការនៃការរៀបចំបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា​ រាជធានីភ្នំពេញ។

ប្រធាន គ.ជ.ប បានបញ្ជាក់ថា កម្ពុជាទើបអាចរៀបចំការបោះឆ្នោតដោយខ្លួនឯងនៅឆ្នាំ១៩៩៨ ហើយក៏បានរៀបរាប់ពីកិច្ចខិតខំ និងគោលការណ៍មួយចំនួនរបស់ គ.ជ.ប ក្នុងការធ្វើឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយភាពល្អប្រសើរ ត្រឹមត្រូវ និងអាចទទួលយកបានពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងគណបក្សនយោបាយ។ ជាពិសេសគឺការធានាឲ្យបានថា សំឡេងរបស់ប្រជាពលរដ្ឋត្រូវបានធានាតាមរយៈការបោះឆ្នោតរបស់ពួកគាត់។
លោក ស៊ិក ប៊ុនហុក ក៏បានរៀបរាប់ពីភាពជូរចត់របស់កម្ពុជា ពីអតីតកាល រហូតដល់ខ្ទេចខ្ទាំ ហើយទើបតែអាចរៀបចំ ការបោះឆ្នោត បាននៅឆ្នាំ១៩៩៣ ដោយមានការជួយ ពីអង្គការសហប្រជាជាតិ។

លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យរបស់ គ.ជ.ប បានប្រាប់ក្រុមអ្នកព័ត៌មានថា ក្នុងជំនួបនេះអ្នកសង្កេតការណ៍មកពីតំបន់អឺរ៉ុប ក៏បានចោទសួរទៅកាន់លោក ស៊ិក ប៊ុនហុក ផងដែរ ពីការកំណត់ទោសទណ្ឌ និងផាកពិន័យទៅលើជនបរទេសក្នុងមាត្រា១៤៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ លោកប្រធាន ស៊ិក ប៊ុនហុក លោកបានជម្រាបជូនយ៉ាងសាមញ្ញ ការដែលនាំឲ្យមានការសរសរមាត្រា១៤៩ នៃច្បាប់ស្តីពីការជ្រើសតាំងតំណាងរាស្ត្រ ដោយសារយើងមានបទពិសោធន៍ អាក្រក់កន្លងមកហើយ គឺនៅឆ្នាំ២០១៣ ដោយមានជនបរទេសមួយចំនួនចូលរួមជ្រៀតជ្រែក នៅក្នុងការបោះឆ្នោត ដែលវារំខានដល់ការបោះឆ្នោត។ នៅក្នុងន័យនេះហើយជាបទពិសោធន៍នៅឆ្នាំ២០១៣ យើងយកមកអនុវត្តន៍នៅឆ្នាំ២០១៨ ហើយលោកប្រធាន ស៊ិក ប៊ុនហុក លោកមានប្រសាសន៍ទៀតថា ជនបរទេសដែលមានបំណងចង់ធ្វើជាឧបសគ្គ ដល់ការបោះឆ្នោតមិនទាន់អស់នៅឡើយទេ។

លោក ឌឹម សុវណ្ណារុំ បន្តថា “អ៊ីចឹងច្បាប់ហ្នឹង សំខាន់ណាស់សម្រាប់ពិន័យទៅដល់ជនបរទេសទាំងឡាយណាពី ៥លានរៀល ទៅដល់ ១០លានរៀល ចំពោះជនបរទេសទាំងឡាយណា ដែលមានបំណងរារាំង ធ្វើជាឧបសគ្គ នៃការបោះឆ្នោត”។

លោក ឌឹម សុវណ្ណារុំ បានថ្លែងយ៉ាងដូច្នេះថា៖ “មានគណៈប្រតិភូមួយ គាត់ជាថ្នាក់ដឹកនាំជាន់ខ្ពស់ពីសហគមន៍អឺរ៉ុប គាត់វាយតម្លៃខ្ពស់ចំពោះការងាររបស់ គ.ជ.ប គាត់ថា ខ្ញុំមើលឯកសាររបស់អ្នកឯង អ្នកឯងធ្វើបានល្អម្ល៉េះ ហេតុអីបានគាត់និយាយហ្ចឹង ដោយសារតែខាងនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានរៀបចំជាកញ្ចប់ឯកសារមួយជូនគាត់ ហើយនៅក្នុងកញ្ចប់ឯកសារនោះយើងបានដាក់អ្វីខ្លះ យើងបានដាក់ច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សំណួរ-ចម្លើយ យើងបានផ្សព្វផ្សាយពីសេចក្ដីប្រកាសព័ត៌មាន ដែលពាក់ព័ន្ធនឹងការងាររបស់ គ.ជ.ប និងការងារភាពជាអ្នកបម្រើសេវាទៅដល់ម្ចាស់ឆ្នោត”។ “ក្នុងការបោះឆ្នោត ឯកឧត្តមប្រធាន ស៊ិក ប៊ុនហុក បានបញ្ជាក់ហើយថា តួអង្គសំខាន់ពីរក្នុងរឿងបោះឆ្នោតដែលត្រូវដើរទន្ទឹមគ្នា គឺ គ.ជ.ប និងអ្នកបោះឆ្នោត។ ក្នុងន័យនេះ យើងបានរៀបចំឯកសារជា Folder ជូនគាត់ ពេលគាត់មកដល់ គាត់បានអានឯកសារទាំងអស់គ្នានោះ គាត់ថា អ្នកឯងមានបទពិសោធន៍ពី ២៥-៣០ឆ្នាំទៅហើយ ហ្ចឹងមានបទពិសោធន៍ពេញទី ចុះម៉េចអ្នកឯងមិនព្រមនិយាយប្រាប់គេទៅថា យើងធ្វើការងារនេះបានល្អណាស់ អត់មានអ្វីមួយដែលមានលក្ខណៈមិនប្រក្រតីទេ”។

លោក ឌឹម សុវណ្ណារុំ បានបន្តថា គណៈប្រតិភូជាន់ខ្ពស់នៃសហភាពអឺរ៉ុប បានកោតសរសើរ និងវាយតម្លៃ ចំពោះការអនុវត្តការងារ រៀបចំការបោះឆ្នោត និងការចងក្រងឯកសារនានា របស់ គ.ជ.ប។ គណៈប្រតិភូជាន់ខ្ពស់នៃសហភាពអឺរ៉ុប បានលើកទឹកចិត្តដល់ គ.ជ.ប ឱ្យផ្សព្វផ្សាយបង្ហាញលទ្ធផលទាំងអស់នោះ ប្រាប់ទៅកាន់អន្តរជាតិឱ្យយល់ច្បាស់៕

 

អត្ថបទដែលជាប់ទាក់ទង