វិភាគ៖ អ្នកចេញទៅបោះឆ្នោត នៅថ្ងៃទី២៩កក្កដា នឹងមានចំនួនជិត៧លាននាក់ ឬ៨៤ភាគរយ
ភ្នំពេញ៖ យោងតាមលទ្ធផលស្ទង់មតិថ្មីមួយ ត្រូវបានធ្វើឡើងតាមហ្វេសប៊ុក ដោយបង្ហាញថា ពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត ៨៤% នឹងទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
ការស្ទង់មតិនេះ បានធ្វើឡើង លើប្រធានបទ “ទៅ ឬមិនទៅបោះឆ្នោត?” ដែលសួរតែមួយសំណួរថា តើបងប្អូនអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឬទេ?។ ជាលទ្ធផល គណីហ្វេសប៊ុក ចូលរួម មានចំនួន ៩៨៥៦ ហើយជ្រើសរើសយកចម្លើយ A “ទៅបោះឆ្នោត” មានចំនួន ៨២៨០ នាក់ ដែលត្រូវជា ៨៤% និងអ្នកជ្រើសយកចម្លើយ B “មិនទៅបោះឆ្នោត” មានតែចំនួន ១៥៧៦ នាក់ ត្រូវជា ១៦%ប៉ុណ្ណោះ។
លទ្ធផលនៃការស្ទង់មតិ ដែលមានពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោតជាង ៨០% នឹងទៅបោះឆ្នោត បង្ហាញថា ពលរដ្ឋខ្មែរ ពិតជាបានយល់ដឹងពីសារៈសំខាន់នៃការបោះឆ្នោត ដែលជាមូលដ្ឋានគ្រឹះនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបានត្រៀមខ្លួន ទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៣ រសៀល។
បើយើងក្រឡេកមើលព្រឹត្តិការណ៍បោះឆ្នោត ២លើកកន្លងមក គឺការបោះឆ្នោតតំណាងរាស្ត្រ នៅឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០១៧ គឺចំនួនអ្នកចេញទៅបោះឆ្នោតមានរហូតដល់ជិត ៧០% និងជាង ៩០%។
តាមទិន្នន័យរបស់គ.ជ.ប ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីខែកក្កដា ឆ្នាំ២០១៣ មានអ្នកទៅបោះឆ្នោត ចំនួន ៦.៧៣៥.២៤៤ នាក់ ស្មើនឹង ៦៩,៦១% នៃចំនួនអ្នកបោះឆ្នោតសរុប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៩.៦៧៥.៤៥៣ នាក់។ ក្នុងនោះ សន្លឹកឆ្នោតបានការ មានចំនួន ៦.៦២៧.១៥៩ សំឡេង។
ចំណែក នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបាន គ.ជ.ប ប្រកាសថា មានអ្នកបោះឆ្នោតសរុប ចំនួន ៨.៣៨០.២១៧ នាក់។
យ៉ាងណាក៏ដោយ ក្នុងរយៈពេលមុនការបោះឆ្នោតចូលមកដល់នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកំពូល បានសម្រេចរំលាយចោល ហើយហាមឃាត់មិនឲ្យថ្នាក់ដឹកនាំ ១១៨ នាក់ ធ្វើនយោបាយរយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅពេលនេះ អ្នកនយោបាយអតីតគណបក្សប្រឆាំងនេះ បានប្រកាសអំពាវនាវមិនឲ្យប្រជាពលរដ្ឋ ចេញទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដាឡើយ។
នៅថ្ងៃទី២៩កក្កដា ឆ្នាំ២០១៨ ហើយនឹងបោះឆ្នោតឲ្យគណបក្សបង្កើតថ្មីជាច្រើន ដូចជា គណបក្សរបស់លោកម៉មសូណង់ដូ និងគណបក្សរបស់លោកយ៉ងសាំងកុមារ ព្រមទាំងគណបក្សកូនប្រុសលោកគង់គាំ ជាដើម។
ចំពោះចំនួនអ្នកចេញទៅបោះឆ្នោត នៅថ្ងៃទី២៩កក្កដាខាងមុខនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចហ៊ុនសែន បានដឹងរួចអស់ហើយ។ ក្នុងនោះ អ្នកបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា នៅតែច្រើនដដែលហើយគណបក្សប្រជាជនកម្ពុជា នៅតែបន្តឈ្នះឆ្នោត ដឹកនាំប្រទេស ដើម្បីបន្តការអភិវឌ្ឍន៍ និងបន្តថែរក្សាសន្តិភាព សម្រាប់កម្ពុជាតទៅទៀត៕
ដោយ៖ សុខ ស្រីពៅ