ស្នងការខេត្តកណ្ដាល ចុះប្រជុំតាមបណ្ដាស្រុកចំនួន២ ដើម្បីពង្រឹងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ
កណ្ដាលៈ បន្ទាប់ពីមានករណីបង្ហោះតាមបណ្ដាញសង្គម ផ្សព្វផ្សាយពីបញ្ហាល្បែងស៊ីសង នៅក្នុងមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំរួចមក នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល ដឹកនាំលោកស្នងការរងជាច្រើនរូប ចុះប្រជុំតាមបណ្ដាស្រុកចំនួន២ គឺស្រុកស្អាងនិងស្រុកកោះធំ និងមានការចូលរួមពីលោកអធិការ និងអធិការង ដើម្បីពង្រឹងការងារនិងឆ្លើយតបបានទាន់ពេលវេលា ជុំវិញតាមបណ្ដាញសង្គមដែលបានផ្សព្វផ្សាយរាល់បញ្ហាកន្លងមក ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល បានជំរុញឲ្យអធិការស្រុកស្អាង និងស្រុកកោះធំ ក៏ដូចជាអធិការគ្រប់ស្រុកក្រុងទាំងអស់ ឲ្យពិនិត្យមន្ត្រីរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ប្រសិនបើមន្ត្រីណាម្នាក់ មានសារធាតុញៀននៅក្នុងខ្លួន គឺលោកអធិការត្រូវកសាងឯកសារបញ្ជូនមកស្នងការដ្ឋាន ដើម្បីឲ្យការិយាល័យបុគ្គលិកបញ្ជូនឈ្មោះមន្ត្រីពាក់ព័ន្ធនោះ ទៅក្រសួងដើម្បីស្នើសុំកាត់ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ និងមួយផ្នែកទៀតចំពោះជនអន្តោប្រវេសន៍វិញ ស្នើឲ្យមានការគ្រប់គ្រងជនអន្តោប្រវេសន៍ឲ្យបានល្អ និងជាកលាក់ ជាពិសេសគឺស្រុកកោះធំ ព្រោះស្រុកកោះធំ ជាស្រុកដែលជាប់ខ្សែបណ្ដោយព្រំដែន ។
ជាចុងបញ្ចប់លោកស្នងការ ស្នើឲ្យតាមបណ្ដាស្រុកក្រុងទាំងអស់ ត្រូវរៀបចំកម្លាំងអន្តរាគមន៍ ឲ្យបាន៣០នាក់ ក្នុងមួយអធិការដ្ឋានប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីចុះប្រតិបត្តិការ ក្នុងការបង្កា បង្រ្កាបបទល្មើសផ្សេងៗ ដែលកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅសុខសុវត្ថិភាព ៕