កងទ័ពរំដោះប្រជាជនចិន និងកងពលតូចលេខ៧០ ពុំមានជំងឺកូវីដ-១៩នោះ ក្រោយបញ្ចប់លំហាត់សមយុទ្ធនាគមាស ចំនួន១៤ថ្ងៃ
ភ្នំពេញ៖ កងពលតូចលេខ៧០ នៅថ្ងៃទី២១ខែមេសាឆ្នាំ២០២០នេះ បានប្រកាសព័ត៌មានថា កងទ័ពរំដោះប្រជាជនចិន ដែលមកចូលរួមលំហាត់សមយុទ្ធនាគមាស បានធ្វើដំណើរដល់ប្រទេសចិនចំនួន១៤ថ្ងៃហើយ និងបានប្រកាសថា កងទ័ពទាំងអស់ដែលបានធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ គឺពុំមានជំងឺកូវីដ-១៩នោះទេ ចំណែកភាគីកងទ័ពកម្ពុជា ពិសេសកងកម្លាំងនៃកងពលតូចលេខ៧០ ក៏មិនមានអ្នកណាម្នាក់ ឆ្លងវីរុសនេះដែរ ក្នុងពេលធ្វើសមយុទ្ធរួមគ្នា។
មេបញ្ជាការកងពលតូចលេខ៧០ បានមានប្រសាសន៍ថា លទ្ធផលដែលបង្ហាញអំពីការមិនឆ្លងជំងឺរវាងកង ទ័ពនៃប្រទេសទាំង២នេះ គឺជាជោគជ័យមួយដ៏ធំធេង ពោលគឺមិនត្រឹមតែជោគជ័យលើការហ្វឹកហាត់ជំនាញប្រឆាំងអំពើភេវរកម្មរួមគ្នានោះទេ ប៉ុន្តែក៏ជាជោគជ័យនៃការការពារ និងថែទាំសុខភាពជាមួយគ្នាបានយ៉ាងល្អ ក្នុងនាមជាមិត្តផងដែរ ដោយក្នុងនោះមានកងពលតូចលេខ៧០ ជាអ្នកទទួលធានាការពារការពារក្នុងទីលានសមយុទ្ធនៅសាលាតេជោសែនជុំគិរី និងនៅបញ្ជាការដ្ឋានកងពលនៅភ្នំពេញ ។
លោកបានថ្លែងទៀតថា “តាមការចង្អុលបង្ហាញពីសម្តេចនាយករដ្ឋមន្ត្រី ក៏ដូចជាមន្ត្រីជំនាញទាំងថ្នាក់ជាតិ និងអន្តរជាតិ យើងបានប្រតិបត្តិយ៉ាងតឹងរ៉ឹង នូវវិធានការសុវត្ថិភាព ដើម្បីការពារសុខភាពបងប្អូនកងទ័ពនៃប្រទេសទាំងពីរ ដើម្បីធានាឲ្យបាននូវការមិនឆ្លងជំងឺរាតត្បាតកូវីដ – ១៩ នេះ ខណៈដែលប្រទេសកម្ពុជា និងចិន ក៏ដូចជាបណ្ដាប្រទេសជាច្រើន នៅក្នុងសកលលោក កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ។”
សូមជម្រាបថា ក្នុងអំឡុងពេលធ្វើសមយុទ្ធរួមគ្នានោះ កងពលតូចលេខ៧០ បានចាត់វិធានការយ៉ាងតឹងរ៉ឹង ក្នុងការចេញចូលបរិវេណទីតាំងទាំង២ខាងលើ ពិសេសគឺការបាញ់ថ្នាំសម្លាប់មេរោគ តាមគោលដៅ ដែលថ្នាំមួយចំនួនគឺទទួលបានពីខាងភាគីចិន និងបានអនុវត្តតាមសេចក្តីប្រកាស របស់ក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ ក្នុងការបង្ការជំងឺកូវីដ – ១៩ នេះ៕