យើងអាចភ្លេចកូវីដ-១៩ តែកូវីដ មិនភ្លេចយើងទេ
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បុគ្គលគ្រប់រូប ត្រូវបន្តការពារការចម្លងវីរុសកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួនជាបន្តទៀត បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា ហាក់ដូចជា មានភាពធូរស្បើយខ្លះក៏ដោយ។
លោកជំទាវ បានបញ្ជាក់ថា “ត្រូវចងចាំថា យើងអាចភ្លេចកូវីដ-១៩ តែកូវីដ-១៩ មិនភ្លេចយើងទេ បើយើងធ្វេសប្រហែស”។
លោកជំទាវ ឱ វណ្ណឌីន បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គមលេឡេក្រាម នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះថា៖ យើងមិនទាន់អាចបន្ធូរដៃបាននៅឡើយទេ ថ្វីដ្បិតតែបងប្អូនប្រជាពលរដ្ឋ ហាក់ដូចជាចេញមកប្រកបរបរ តាមជីវភាពប្រចាំថ្ងៃ រស់នៅរបស់ពួកគាត់ពិតមែន ប៉ុន្តែវិធានការការពារ និងវិធានការនានា នៅតែមានសុពលភាព នៅតែដាក់ចេញឱ្យអនុវត្តជាធរមាន នៅឡើយទេ ដោយសារស្ថានភាពរបស់យើង ស្ថិតនៅក្នុងសភាពមួយ ដែលខ្ញុំតែងតែពន្យល់ហើយថា នៅផុយស្រួយណាស់ ថ្វីត្បិតតែយើងមិនមានការរកឃើញនូវករណីវិជ្ជមានថ្មី ហើយអ្នកជាសះស្បើយមានចំនួនច្រើនពិតមែន។
លោកជំទាវ បានលើកឡើងថា ប៉ុន្តែបើក្រឡែកមើលឃើញប្រទេសជុំវិញយើង គឺស្ថានភាពជំងឺនេះ នៅវាយលុកនៅឡើយ ហើយបណ្ដាប្រទេសនៅលើសកលលោក ខ្ញុំប្រើពាក្យសាមញ្ញា នៅមានផ្ទុះខ្លាំងក្លា (យ៉ុកយ៉ាក់) នៅឡើយដែរ។ ស្ថានភាពខ្ញុំបានធ្លាប់ពន្យល់ហើយ ប្រសិនបើយើងមិនបន្តអនុវត្តវិធានការការពារ ដែលយើងធ្លាប់ដាក់ចេញកន្លងមក ជាពិសេសបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទេនោះ ស្ថានភាពរបស់យើងអាចវាយលុកពីវីរុសកូវីដ១៩ ឡើងវិញ។
លោកជំទាវ បានបន្ថែមថា យើងកុំភ្លេចថាយើងអាចភ្លេចវីរុសកូវីដ១៩ តែវីរុសកូវីដ១៩ មិនភ្លេចយើងទេ ដូច្នេះកន្លែងនេះ ត្រូវតែចងចាំ។ ស្ថានភាពនេះ យើងនឹងមានការពិភាក្សាគ្នា ជាបន្តបន្ទាប់ទៀត ជាមួយអង្គការសុខភាពពិភពលោក មុននឹងមានវិធានការយ៉ាងណាយ៉ាងណីទៀតនោះ។ អ៊ីចឹង កន្លែងនេះ ខ្ញុំយល់ថាសូមឲ្យអ្នកសារព័ត៌មាន ជួយពង្រឹង និងបន្ថែមសារសំខាន់ៗ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បន្តវិធានការការពារបុគ្គលរៀងៗខ្លួននេះ ឲ្យបានជាប់ជាប្រចាំ ដើម្បីយើងជៀសវាងការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕