ចាប់ពីថ្ងៃទី២៩ មេសា ដល់ថ្ងៃទី៥ ខែឧសភា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយគ្របដណ្តប់លើកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៩ មេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ។ តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលងនៃសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយគ្របដណ្តប់លើកម្ពុជា ។
ស្ថានភាពបែបនេះ ធ្វើឲ្យបណ្តាខេត្តនៅតំបន់វាទំនាបកណ្តាល បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន បណ្តាខេត្តនៅតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ។
ក្រសួងជំនាញដដែល ក៏បានស្នើសូមដល់សាធារណជន ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅបណ្តាខេត្តជាប់សមុទ្រ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ៕