ប្រសិនបើកម្ពុជានៅតែបន្តភាពខ្វះខាតច្បាប់ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយអាវុធមហាប្រល័យ និងច្បាប់ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម នឹងអាចប្រឈមចុះក្នុងបញ្ជីខ្មៅ
ភ្នំពេញ៖ សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ ស្ដីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយអាវុធមហាប្រល័យលើកទី៣ និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាណភេវរកម្ម ធ្វើឡើងដើម្បីឆ្លើយតបនឹងការវិវឌ្ឍសង្គមផង និងដើម្បីឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិ ដែលតម្រូវឱ្យកម្ពុជា មានយន្តការជាក់លាក់ផង ហើយប្រសិនបើកម្ពុជា នៅតែបន្តភាពខ្វះខាតច្បាប់ទាំងពីរនេះ នោះនឹងអាចប្រឈមចុះក្នុងបញ្ជីខ្មៅ។
នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងកែសម្រួលសេចក្ដីព្រាងច្បាប់ ស្ដីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយអាវុធមហាប្រល័យលើកទី៣ និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាណភេវរកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ កែសម្រួល និងឆ្លងសេចក្ដីព្រាងច្បាប់ទាំងពីរនេះ គឺជាកិច្ចប្រជុំលើកចុងក្រោយហើយ ដោយសារចំណុចដែលត្រូវកែសម្រួលក្នុងច្បាប់នេះ នៅសេសសល់តិចតួចប៉ុណ្ណោះ។ សម្ដេចបន្តថា សេចក្ដីព្រាងច្បាប់ទាំងពីរនេះ នឹងត្រូវបញ្ជូនទៅសុំការអនុម័តពីគណៈរដ្ឋមន្ត្រី ក្នុងពេលតែមួយតែម្ដងនាពេលខាងមុខ។
សម្ដេចបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ក្រុមការងារអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសេចក្ដីព្រាងច្បាប់នេះ អាចឈានទៅបញ្ចប់ការតាក់តែង បានទាន់ពេលវេលានៅមុនដំណាច់ខែមេសា ឆ្នាំ២០២០ តាមការគ្រោងទុក។ សម្ដេចបានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ទាំងពីរនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការវិវឌ្ឍសង្គមផង និងដើម្បីឱ្យស្របទៅនឹងបទដ្ឋានអន្តរជាតិ ដែលតម្រូវឱ្យកម្ពុជា មានយន្តការជាក់លាក់ផង។
សូមបញ្ជាក់ថា ដោយសារភាពខ្វះខាត នៃច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយអាវុធមហាប្រល័យលើកទី៣ និងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម កម្ពុជាត្រូវបានគេចាត់ចូលជាប្រទេសស្ថិតក្នុងបញ្ជីប្រផេះ ជាប្រទេសមានហានិភ័យខ្ពស់ ធ្វើឱ្យអ្នកវិនិយោគមានការរារែក និងអាចប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។ ប្រសិនបើកម្ពុជានៅតែបន្តភាពខ្វះខាតច្បាប់នេះទៀត នោះនឹងអាចប្រឈមចុះក្នុងបញ្ជីខ្មៅ ៕