ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពង្វាង​ចរាចរ​លើ​កំណាត់​ផ្លូវ​លេខ​៣៧១ ត្រង់ចំណុច​ការដ្ឋាន សាងសង់​ស្ថានីយ៍​បូមទឹក​បឹងទំពុន

109

​ភ្នំពេញ​៖ រាជធានី​ភ្នំពេញ ចេញ​សេចក្តីជូនដំណឹង ស្តីពី​ការ​ពង្វាង​ចរាចរ​លើ​កំណាត់​ផ្លូវ​លេខ​៣៧១​ត្រង់ចំណុច​ការដ្ឋាន​សាងសង់​ស្ថានីយ៍​បូមទឹក​បឹងទំពុន​ព្រំប្រទល់​ខណ្ឌមានជ័យ និង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត និង​ទោចក្រយានយន្ត​គ្រប់​ប្រភេទ​ឲ្យ​បាន​ជ្រាបថា ក្នុង​ផែនការ​ដោះស្រាយ​ទឹកជំនន់​ជន​លិច​នៅ​តំបន់​ភូមិសាស្ត្រ​ខណ្ឌមានជ័យ និង​ខណ្ឌទួលគោក ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​សាងសង់​ស្ថានីយ៍​បូមទឹក​បឹងទំពុន​បន្ថែម ដោយ​បំពាក់​ម៉ូ​ទ័​រ​ទំហំ ១​ម៉ែត្រ ចំនួន​២​គ្រឿង មាន​សមត្ថភាព​បូមទឹក​៦​ម៉ែត្រគូប ក្នុង​១​វិនាទី ដែល​ដំណើរការ​សាងសង់​នេះ ឈានដល់​ដំណាក់កាល​កាត់​សាច់​ផ្លូវ ដើម្បី​បង្កប់​បំពង់​បូមទឹក ចំនួន​២​ខ្សែ នៅក្រោម​ផ្លូវ​លេខ​៣៧១ ។ ក្នុងន័យនេះ ការ​ពង្វាង​ចរាចរ​ត្រូវអនុវត្ត​ដូចខាងក្រោម​៖ ១) ការធ្វើ​ចរាចរ​ពី​ទិស​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ឆ្លងកាត់​ផ្លូវ​លេខ​៣៧១ ត្រូវ​ពង្វាង និង​ធ្វើចរាចរ​ត្រង់​តាមផ្លូវ​លេខ​២៧១ ឆ្ពោះទៅ​ទិស​ស្ពាន​អាកាស​ស្ពាន​ស្ទឹងមានជ័យ រួច​បត់​ឆ្វេង​តាមផ្លូវ​លេខ​២១៧​។ ២)​ការធ្វើ​ចរាចរ​ពី​ទិស​ផ្លូវ​លេខ​២១៧ ទៅ​ទិស​ផ្លូវ​លេខ​៣៧១ នៅ​ទីតាំង​ស្ពាន​ភូមិ​ម័ល ត្រូវ​ពង្វាង​ចរាចរ​ត្រង់​តាមតម្រាយ​ផ្លូវ​លេខ​២១៧ ឆ្ពោះទៅ​ស្ពាន​អាកាស​ស្ទឹងមានជ័យ រួច​បត់​ស្តាំ​ទៅ​ផ្លូវ​លេខ​២៧១​។ ៣) ដោយសារ​ផ្លូវ​ពង្វាង​បណ្តោះអាសន្ន​សងខាង​ទីតាំង​ការដ្ឋាន​តូចចង្អៀត ការធ្វើ​ចរាចរ​ឆ្លង​ការអនុញ្ញាត​រថយន្ត​ធុន​តូច និង​ទោចក្រយានយន្ត ជូន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ក្បែរ​ទីតាំង​ការដ្ឋាន​តែប៉ុណ្ណោះ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត ទោចក្រយានយន្ត គ្រប់​ប្រភេទ​ដែល​ធ្វើចរាចរ​ឆ្លងកាត់​តំបន់​ការដ្ឋាន សូម​ធ្វើការ​ពង្វាង​ចរាចរ​ពី​វេលា​ម៉ោង ៨​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​ដល់​ថ្ងៃទី​១៣​ខែឧសភា ឆ្នាំ​២០២០ គឺមាន​រយៈពេល​១៥​ថ្ងៃ​។ ផុតកំណត់​ពេលនេះ​ការដ្ឋាន នឹង​បញ្ចប់​ការងារ ហើយ​បើក​ឲ្យ​ធ្វើចរាចរ​ជាធម្មតា​វិញ​៕​

អត្ថបទដែលជាប់ទាក់ទង