តុលាការខេត្តស្ទឹងត្រែង ជាអ្នកដោះលែងទាហានផ្កាយ២ ពាក់ព័ន្ធរឿងដីធ្លី នៅស្រុកថាឡាបរិវ៉ាត់ ឲ្យនៅក្រៅឃុំ
ស្ទឹងត្រែង៖ សាលាដំបូងខេត្តស្ទឹងត្រែង បានដោះលែងបុរសតាំងខ្លួនជាឧត្តមសេនីយ៍ទោផ្កាយពីរម្នាក់ ពាក់ព័ន្ធរឿងដីធ្លីនៅត្រង់ចំណុចភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឲ្យនៅក្រៅឃុំបាត់ហើយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០។
ទាហាន ចាន់ សំអាត ត្រូវបានឃាត់ខ្លួន ដោយសមត្ថភាពចម្រុះ ក្រោមបទបញ្ជាលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។
សមត្ថកិច្ចឃាត់ខ្លួនលោកចាន់ សំអាត និងដកហូតយកគ្រឿងចក្រឈូសឆាយដីព្រៃមួយចំនួនជាវត្ថុតាងរួមមាន៖ ទី១ អេស្កាវ៉ាទ័រចំនួន១គ្រឿងម៉ាក់ ខេត (CAT .04) , ទី២ ត្រាក់ទ័រចំនួន១គ្រឿង (Belarus80)របស់សូវៀត , ទី៣ ប៊ុលឡាលឺរធុនតូចចំនួន១គ្រឿង ។
លោក ចាន់ សំអាតបានបំភ្លឺប្រាប់សមត្ថកិច្ចថា ក្បាលដីទទឹង៣០០ម៉ែត្រ បណ្តោយ ១.៦០០ម៉ែត្រហើយមាន លិខិតកាន់កាប់ដីរបស់គាត់ ទទួលស្គាល់ដោយអាជ្ញាធរឃុំអន្លង់ជ្រៃ មានផ្ទៃដីទំហំ៤៨ហិកតា។
ក្រោយពីឃាត់ខ្លួនឧត្តមសេនីយ៍ទោទាហានជើងគោក តុលាការក៏បានកោះហៅលោកព្រំ យ៉ា មេឃុំអន្លង់ជ្រៃផងដែរ។ លោក ព្រំ យ៉ា បានប្រាប់អ្នកកាសែតថា លោកពិតជាបានទទួលស្គាល់ ឈ្មោះចាន់ សំអាត មុខងារជាទាហានមែន នៅឆ្នាំ២០០៨។ ដោយកាលណោះឈ្មោះចាន់ សំអាត បានទិញដីពីប្រជាពលរដ្ឋក្នុងឆ្នាំ២០០៧។
របាយការណ៍បឋមរបស់សមត្ថកិច្ច បានបញ្ជាក់ថា ដីព្រៃឈូសឆាយរួចរាល់ប្រមាណជា៣៦ហិកតា និងផ្ទៃដីព្រៃមិនទាន់បានកាប់រាន និងឈូសឆាយមានចំនួនប្រមាណជា៣២ហិកតាទៀត។
គ្រឿងចក្រប្រព្រឹត្តបទល្មើសខាងលើ ត្រូវបានរក្សាទុកនៅទីតាំងកើតហេតុ ដោយមានកម្លាំងអធិការដ្ឋានស្រុកថាឡាបរិវ៉ាត់ និងប៉ុស្តិ៍រដ្ឋបាលឃុំអន្លង់ជ្រៃ ទទួលថែរក្សាជាបណ្តោះអាសន្ន។ ករណីមួយនេះ សមត្ថកិច្ចមិនហ៊ានឆ្លើយបំភ្លឺ ជាមួយអ្នកកាសែតឡើយ ដោយគ្រាន់តែថា បទបញ្ជាពីថ្នាក់លើ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ គឺចប់នីតិវិធីហើយ។
ខាងតុលាការ មិនអាចសុំការបំភ្លឺបន្ថែមបានទេ នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ប៉ុន្តែគេដឹងថា ក្រៅពីហៅមេឃុំសួរបំភ្លឺរួច ក៏ដោះលែងលោកឧត្តមសេនីយ៍យោធាជើងគោក បាត់ហើយ៕ ដោយ៖សុខុម