ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកបញ្ជា​យានយន្ត​លើ​ដងផ្លូវ ត្រូវយក​ឯកសារ​យាន​យន្ត​ច្បាប់ដើម តាម​ខ្លួន​ជាប់​ជានិច្ច​

99

​ភ្នំពេញ​៖ ខណៈពេលដែល​នគរបាល​ជាតិ នៅ​ទូទាំងប្រទេស នឹង​ចាប់​អនុវត្ត​ច្បាប់​ផាកពិន័យ​បទល្មើស​ចរាចរណ៍​នៅ​ថ្ងៃទី​១​ខែឧសភា​ខាងមុខនេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សេចក្តីជូនដំណឹង​ប្រាប់​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកបញ្ជា​យានយន្ត​លើ​ដងផ្លូវ ត្រូវយក​ឯកសារ​យាន​យន្ត​ច្បាប់ដើម តាម​ខ្លួន​ជាប់​ជានិច្ច​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ប្រើប្រាស់​កម្លាំង​ជាង​១​ពាន់​នាក់ ដើម្បី​ចេញ​ប្រតិបត្តិ​ការអនុវត្ត​រឹតបន្តឹង ស្តីពី​ច្បាប់ ចរាចរណ៍ ផ្លូវគោក ដែល​គ្រោង​នឹង​ចាប់ ផ្តើម​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ នៅក្នុង​រាជធានី​ភ្នំពេញ រហូតដល់​ទៅ​៤៧​គោលដៅ អនុវត្ត​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​សំដៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាច​ណ៍ ។​

​បើតាម​សេចក្តីជូនដំណឹង នា​ថ្ងៃ​ពុធ​នេះ ស្នងការ​នគរបាល​ក្រុងភ្នំពេញ បាន​បញ្ជាក់ថា ឯកសារ​ដែល​ត្រូវដាក់​តាម​ខ្លួន​ជាប្រចាំ នៅពេល​បើកបរ​គឺ ១)​ប័ណ្ណបើកបរ (​ច្បាប់ដើម​) ២)​លិខិត​អាជីវកម្ម ចំពោះ​ក្រុមហ៊ុន (​ច្បាប់ដើម​) ។ ចំពោះ​ឯកសារ​ផ្សេងៗ​ដូចជា កាត​សម្គាល់​យានយន្ត (​កាត​គ្រី​) អាចធ្វើ​ការថត​ចម្លង ដោយ​គ្រាន់តែ​បញ្ជាក់​ពី​អាជ្ញាធរ​ដែនដី​ដែល​ពាក់ព័ន្ធ​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា បើកបរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​។ នៅពេលនេះ ការ​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​គឺ​កំពុងដំណើរការ​នៅ​ទូទាំងប្រទេស​។

“​សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ក្មួយៗ​យុវជន មុននឹង​បើកបរ​រថយន្ត​ត្រូវមាន​ប័ណ្ណបើកបរ​ពិតប្រាកដ​ត្រឹមត្រូវ​។ រីឯ​រថយន្ត​វិញ​ត្រូវ​បង់ពន្ធ និង​បង់ថ្លៃ​សេវា​ផ្សេងៗ​ឲ្យ​បាន​ត្រឹមត្រូវ​មុននឹង​បញ្ជា​យានយន្ត​នៅលើ​ដងផ្លូវ​សាធារណៈ​”​។ នេះ​បើតាម​ផ្សាយ​ព័ត៌មាន​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister នៅ​ថ្ងៃទី​២៩​ខែមេសា​ឆ្នាំ​២០២០​នេះ​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា ការ​រិត​បន្តឹង​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​បង្ក​របួសស្នាម​ធ្ងន់​ស្រាល រហូតដល់​មានការ​បាត់បង់​អាយុជីវិត​ទៀតផង​។ យើង​មិន​ចង់ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កើតមាន​នៅក្នុង​ក្រុមគ្រួសារ របស់​បងប្អូន​ណា​ម្នាក់​ឡើយ​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ និង​ក្មួយៗ​យុវជន បើកបរ​ដោយមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ជាមួយនឹង​ការយោគយល់ ដល់​គ្នា​ទៅវិញទៅមក ដើម្បី​សុខ​សុវត្ថិភាព​ទាំងអស់គ្នា នៅ​ទូទាំងប្រទេស​។​

​គួរកត់សម្គាល់​ផងដែរ​ថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ប្រើប្រាស់​កម្លាំង​ជាង​១​ពាន់​នាក់ ដើម្បី​ចេញ​ប្រតិបត្តិ​ការអនុវត្ត​រឹតបន្តឹង ស្តីពី​ច្បាប់ ចរាចរណ៍ ផ្លូវគោក ដែល​គ្រោង​នឹង​ចាប់ ផ្តើម​នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ នៅក្នុង​រាជធានី​ភ្នំពេញ រហូតដល់​ទៅ​៤៧​គោលដៅ អនុវត្ត​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​សំដៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាច​ណ៍ ។​

​គ្រា​ដែល​នៅក្នុង​រាជធានី​ភ្នំពេញ ត្រូវគេ​មើលឃើញថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើត​ឡើងជា​បន្តបន្ទាប់ បណ្តាលឱ្យ​បាត់បង់​ជីវិត មនុស្ស​ជា​រៀងរាល់ថ្ងៃ​។ ក្នុង​កិច្ចការ ងារ​ដើម្បី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យមាន​ប្រសិទ្ធភាព​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០ ក៏បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ អនុក្រឹត្យ​លេខ​៣៩ ស្តីពី​ការផាកពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក ជូន​ដល់​នគរបាល​ចរាចរ​រាជធានី​ភ្នំពេញ ដែលជា​អ្នកអនុវត្ត​ច្បាប់ ដើម្បី​ចុះ​អនុវត្ត ភារកិច្ច​ឱ្យបាន​ត្រឹមត្រូវ ម៉ឺងម៉ាត់ មាន​តម្លាភាព ប្រសិទ្ធភាព និង​គ្មាន​ការយោគយល់ ។ កិច្ច​ប្រជុំបាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នង ការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​នោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​មានប្រសាសន៍​ណែនាំ​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដែល​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ខាងមុខនេះ ត្រូវ បំពេញភារកិច្ច​ឱ្យបាន​ច្បាស់លាស់​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ជាពិសេស​ត្រូវមាន​សីលធម៌ អាកប​ក្ប​កិរិយា​សមរម្យ និង​មិន​ធ្វើ​អ្វី​ខុសច្បាប់​និង​វិន័យ​នគរបាល ជាតិ​នោះឡើយ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ ក៏បាន​មានប្រសាសន៍​លើកឡើងថា ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក និង​កាត់បន្ថយ​អ្នកស្លាប់ អ្នករងរបួស គឺមាន​តែ​វិធានការ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​តែមួយ​ប៉ុណ្ណោះ​។ អនុក្រឹត្យ​លេខ​៣៩ ស្តី​ការផាកពិន័យ​អន្ត​ការណ៍​ចំពោះ អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ធ្ងន់ធ្ងរ គឺ​សំដៅ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទូទៅ មាន​ស្មារតី​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ម៉ឺងម៉ាត់​។ ពីព្រោះថា អត្រា​គ្រោះ ថ្នាក់​ចរាចរណ៍​ត្រូវបាន​រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​មាន​ក្តីកង្វល់​ជាខ្លាំង ដោយសារតែ​អត្រា​គ្រោះថ្នាក់​បានកើត​ឡើង​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​រងរបួស​មានកា​រ​កើនឡើង​។​

​ពាក់ព័ន្ធ​និង​ការចុះអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅក្នុង​រាជធានី​ភ្នំពេញ​នៅពេល​ខាងមុខនេះ​ផងដែរ ស្នងការរង​ទទួល​ផែនការ​ងារ​ចរាចរណ៍ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ចេ​វ ហាក់ បានធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​បង្ហាញ​ពី​ឆន្ទៈ និង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឱ្យបាន​ម៉ឺងម៉ាត់ ដោយសារតែ​បញ្ហា​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ មាន​សភាព ធ្ងន់ធ្ងរ​ណាស់ គ្រាន់តែ​នៅក្នុង​ខែមេសា​នេះ​រយៈពេល​២៧​ថ្ងៃ​ប៉ុណ្ណោះ​នៅក្នុង​រាជធានី​ភ្នំពេញ បណ្តាលឱ្យ​មនុស្ស​ស្លាប់​១៩​នាក់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការរង​បានឱ្យដឹង​ទៀតថា ការកាត់បន្ថយ​អត្រា គ្រោះថ្នាក់​ចរាចរណ៍​បាន​ជោគជ័យ គឺ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់ គ្នា​។​

​សូមបញ្ជាក់ថា ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ អ្នកបើកបរ​ល្មើសច្បាប់​ចរាចរណ៍ រង​និង​ផាកពិន័យ​ទឹកប្រាក់​ពី​៣​ដង​ដល់​ទៅ​៥​ដង​ទៅតាម​បទល្មើស​។ ការ ផាកពិន័យ គឺ​មិន​ធ្វើ​នៅ​កន្លែង​អនុវត្ត​នោះឡើយ​បញ្ជូន​យានយន្ត​ល្មើស​ទៅ​កន្លែងធ្វើការ​របស់​សម​ត្ថ​កិច្ច នៅ​ជិត​បំផុត និង​រក្សាទុក​០៣​ថ្ងៃ ទើប​ឱ្យ​ម្ចាស់​ចូលខ្លួន​ទៅ​បង់ប្រាក់ ពិន័យ​តាមផ្លូវ​ច្បាប់ ៕​ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង