សម្តេចតេជោផ្តល់យុត្តិធម៍ដល់ជនជាតិអាមេរិកម្នាក់ លោកអ៊ុក បញ្ញា និង ភរិយា យល់ព្រមខ្ជាក់ដីជូនលោកថមវិញ
កំពត ៖ នៅយប់ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២០ ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅសាលាខេត្តកំពត មានបេីកកិច្ចប្រជុំបន្ទាន់មួយដេីម្បីដោះស្រាយបញ្ចប់ករណីវិវាទរវាងលោកថម ជនជាតិអាមេរិកាំង និង លោក អ៊ុក បញ្ញា និងភរិយា ក្រោមអធិបតីភាព ឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត និង ឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ក្នុងដំណោះស្រាយនេះ លោក អ៊ុក បញ្ញា និង ភរិយា បានយល់ព្រមដោយស្ម័គ្រចិត្ត ផ្ទេរសិទ្ធិដីធ្លីចំនួន ៦ឡូត៍ ស្ថិតនៅស្រុក ទឹកឈូ ខេត្តកំពត ជូនលោកថមវិញដេីម្បីគ្រប់គ្រងជាម្ចាស់កម្មសិទ្ធិ ។ លោក អ៊ុក បញ្ញា ក៏បានឯកភាពយល់ព្រមដកពាក្យបណ្ដឹង ឈប់ប្ដឹងផ្ដល់អ្នកបកប្រែរបស់លោកថមចាប់ពីព្រឹកថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០ តទៅ ។
បន្ទាប់មកលោកថម និង លោក អ៊ុក បញ្ញា បានចាប់ដៃគ្នានិងបន្តរាប់អានគ្នាជាធម្មតាដោយគ្មានការគុំគួនអ្វីឡេីយ ។
លោកថម អាយុ ៧៣ ឆ្នាំ ជនជាតិ អាមេរិកាំង បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានជួយរកយុត្តិធម៌ពិតប្រាកដជូនលោក និងបាន អរគុណ ឯកឧត្ដម ដួង តារា និង ប្រជាពលរដ្ឋកម្ពុជា ដែលបានជួយឈឺឆ្អាលនិងជ្រោមជ្រែងរហូតលោកទទួលបានយុត្តិធម៌ ។
ឯកឧត្ដម ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសារលើហ្វេសប៊ុកនៅថ្ងៃទី៣០មេសានេះថា” សម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្តល់យុត្តិធម៍ដល់ជនជាតិអាមេរិកាំង(ថម) ហើយនៅយប់នេះ! (O’BRIEN GEORGE ALLEN)”។
ឯកឧត្ដមបានបន្តថា“កាលពីម៉ោង៧០០យប់មិញខ្ញុំបានធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តកំពតជាមួយថម។ក្រោមការយកចិត្តទុកដាក់ដោះស្រាយប្រកបដោយគតិបណ្ឌិតនិងព្រហ្មវិហារធម៍ដ៏មហាធំធេងរបស់សម្តេចតេជោហ៊ុនសែនគឺលោកថមត្រូវបានទទួលយុត្តិធម៍ពិតប្រាកដនៅយប់នេះ។ ដីធ្លីដែលបាត់បង់ទាំងអស់ដោយសារប្អូនធម៍ដែលជាជនជាតិខ្មែរគឺគាត់បានទទួលត្រឡប់មកវិញដោយភាគីម្ខាងទៀតបានទទួលស្គាល់កំហុសខ្លួនហើយសុខចិត្តប្រគល់ដីជូនលោកថមវិញទាំងអស់ដោយបានសុំទោសចំពោះកំហុសឆ្គងរបស់ខ្លូននិងបានសុំលោកថមរាប់អានគ្នាតទៅមុខទៀត ដែលនេះគឺជាដំណោះស្រាយឈ្នះ–ឈ្នះ“។
ឯកឧត្ដមបានបញ្ជាក់ថា” ខ្ញុំពិតជារំភើបចិត្តក្រៃលែងចំពោះការយកចិត្តទុកដាក់ប្រកបដោយព្រហ្មវិហារធម៍និងក្តីសណ្តោសដ៏ធំធេងបំផុតរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីដែលបានជួយដោះស្រាយដោយផ្ទាល់និងលឿនបំផុតចំពោះករណីលោកថម(កាលពីថ្ងៃសុក្រទី២៤–៣០មេសា) ដែលបានទទួលលទ្ឋផលគួរឲ្យពេញចិត្តខ្លាំងបំផុត។
លោកថមពេលនេះមានស្នាមញញឹមឡើងវិញហើយគាត់សប្បាយចិត្តខ្លាំងណាស់ហើយគាត់គ្រវីក្បាលតតាត់និងបើកភ្នែកធំៗជាច្រើនលើកច្រើនសារហើយលាន់មាត់ថាតើពិតមែនឬ? គឺមិនគួរឲ្យជឿសោះថាពិតជាមានយុត្តិធម៍សម្រាប់រូបលោកដែលជាជនបរទេសម្នាក់ដែលស្រឡាញ់ប្រទេសកម្ពុជាហើយមានរឿងដ៏សោកសៅបំផុតនេះអស់រយៈពេលជាងមួយឆ្នាំមកហើយ! ។
លោកថមបានគោរពកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានផ្តល់យុត្តិធម៍ជូនរូបលោកហើយលោកនឹងចងចាំអំពើល្អរបស់កម្ពុជាជារៀងរហូត។ពេលនេះលោកថមនិងខ្ញុំកំពុងស្នាក់នៅកំពតមួយយប់។
សូមអរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានចូលរួមជួយដោះស្រាយក្នុងរឿងនេះ និអរគុណបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់ដែលបានចូលរួមអាណិតអាសូរដល់ថមក្នុងរឿងនេះ។សូមជូនពរបងប្អូនជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នាកុំបីខាន។
យើងចូលរួមកសាងអំពើល្អចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕