ព្រះរាជក្រមនស/រកម/០៤២០/០១៨ ប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
ភ្នំពេញ៖ ព្រះរាជក្រមនស/រកម/០៤២០/០១៨ប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន(០១៨០៤២០)ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២០នាសម័យប្រជុំរដ្ឋសភាលើកទី៤នីតិកាលទី៦ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០២០ សម័យប្រជុំជាវិសាមញ្ញនីតិកាលទី៤ព្រមទាំងក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញក្នុងសេចក្តីសម្រេចលេខ២០២/០០២/២០២០កបធ.ចចុះថ្ងៃទី២៧ខែមេសាឆ្នាំ២០២០ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖
ច្បាប់ស្តីពី«ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ត្រូវបានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ដោយប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តីសាយឈុំ។
រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុនសែនកាលពីខែមេសាឆ្នាំ២០២០កន្លងទៅនេះបានចាប់ផ្តើមរៀបចំនិងតាក់តែងឡើងនូវច្បាប់ស្តីពី«ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» ចំពេលប្រទេសកម្ពុជារងការរាតត្បាតនៃជំងឺកូវីដ១៩។ច្បាប់នេះត្រូវបានរៀបចំឡើងក្នុងល្បឿនមួយយ៉ាងលឿនហើយត្រូវបានរដ្ឋសភាព្រឹទ្ធសភានិងក្រុមប្រឹក្សាធម្មនុញ្ញអនុម័តជាបន្តបន្ទាប់ត្រឹមរយៈពេលតែមួយខែប៉ុណ្ណោះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់បានគូសបញ្ជាក់ថាច្បាប់នេះគឺជាឧបករណ៍ផ្នែកច្បាប់ដ៏មានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការគ្រប់គ្រងប្រទេសនៅពេលមានគ្រោះអាសន្នផ្សេងៗខណៈបច្ចុប្បន្នកម្ពុជាមិនទាន់មានច្បាប់សម្រាប់ការគ្រប់គ្រងប្រទេសពេលមានអាសន្ននៅឡើយ។
រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានអះអាងថាច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា២២ថ្មីនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជាដែលចែងថា«នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រីប្រធានរដ្ឋសភានិងប្រធានព្រឹទ្ធសភា»។
ច្បាប់ថ្មីនេះក៏ផ្តល់ជាមូលដ្ឋានគតិយុត្តដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មីនៃរដ្ឋធម្មនុញ្ញនិងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបានដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្នសំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈការពារអាយុជីវិតនិងសុខភាពរបស់ប្រជាពលរដ្ឋព្រមទាំងការពាំរទ្រព្យសម្បត្តិនិងបរិស្ថាន។
ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នក៏កំណត់នូវបែបបទនីតិវិធីនិងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្នព្រមទាំងវិធានការចាំបាច់នានាដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នបានបញ្ជាក់ថាការដាក់ប្រទេសជាតិក្នុងភាពអាសន្នអាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍, គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាមឬការឈ្លានពានពីកម្លាំងបរទេស, គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ, ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរដែលគំរាមកំហែងឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។
ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នមានចំនួន៥ជំពូកនិងចែកចេញ១២មាត្រា។មាត្រា៤ជំពូកទី៣បានកំណត់ថានៅពេលប្រទេសជាតិត្រូវបានប្រកាសដាក់ស្ថិតនៅក្នុងភាពអាសន្នរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានដូចខាងក្រោម៖
១៖ហាមឃាត់ឬកម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។
២៖ហាមឃាត់ឬកម្រិតសិទ្ធិសេរីភាពក្នុងការជួបជុំឬការប្រមូលផ្តុំមនុស្ស។
៣៖ហាមឃាត់ឬកម្រិតការធ្វើសកម្មភាពការងារឬមុខរបរ។
៤៖ហាមឃាត់ឬកម្រិតមិនឱ្យបុគ្គលចេញពីលំនៅឋានឬទីសំណាក់ណាមួយ។
៥៖ដាក់ចេញវិធានការចត្តាឡីស័កឬការដាក់ឱ្យនៅដោយឡែកក្នុងករណីគ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។
៦៖ដាក់ចេញវិធានការទាក់ទងនឹងកំណែននិងជម្លៀសពលរដ្ឋដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៧៖ដាក់ចេញវិធានការទាក់ទងនឹងកំណែនដកហូតគ្រប់គ្រងនិងចាត់ចែងទ្រព្យសម្បត្តិនិងសេវាដែលមានភាពចាំបាច់ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។នីតិវិធីនៃការធ្វើកំណែននិងសំណងត្រូវកំណត់ដោយរាជរដ្ឋាភិបាល។
៨៖ ការដាក់ចេញវិធានការទាក់ទងនឹងការកំណត់ថ្លៃទំនិញនិងសេវាដែលមានភាពចាំបាច់ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
៩៖ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈឬឯកជនណាមួយដែលមានភាពចាំបាច់ដើម្បីឆ្លើយតបចំពោះភពអាសន្ន។
១០៖ដាក់ចេញនូវវិធានការឃ្លាំមើលនិងតាមដានគ្រប់មធ្យោបាយដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាពក្នុងគោលបំណងឆ្លើយតបចំពោះភាពអាសន្ន។
១១៖ហាមឃាត់ឬការកម្រិតការចែកចាយឬការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានការភ័យខ្លាចដល់សាធារណជនឬចលាចលឬដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិឬធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពនៃភាពអាសន្ន។
១២៖ដាក់ចេញវិធានការដទៃទៀតដែលសមស្របនិងចាំបាច់ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
ក្នុងមាត្រានេះបានចែងទៀតថាវិធានការអនុវត្តពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្នអាចត្រូវបានដាក់ចេញសម្រាប់ទូទាំងប្រទេសឬដែនដីកំណត់ជាក់លាក់ណាមួយ។ក្នុងករណីចាំបាច់រាជរដ្ឋាភិបាលអាចបង្កើតយន្តការឬប្រគល់សិទ្ធិអំណាចទៅអាជ្ញាធរមានសមត្ថកិច្ចណាមួយឬប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដើម្បីធានាដល់ការអនុវត្តវិធានការខាងលើ។
ក្នុងពេលសង្គ្រាមឬក្នុងកាលៈទេសដទៃទៀតដែលសន្តិសុខជាតិប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នអាចធ្វើឡើងតាមរបបអាជ្ញាសឹក។
នៅក្នុងមាត្រា៧ក្នុងជំពូកទី៤និយាយពីទោសប្បញ្ញត្តិបានចែងថាអំពើដោយចេតនារារាំងឬបង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្នត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំដល់ទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលដល់៥លានរៀល។ចំពោះអំពើរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្នត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំកាលបើអំពើនេះនាំឱ្យមានចលាចលជាសាធារណៈឬប៉ះពាល់ដល់សន្តិសុខជាតិ។
ក្នុងមាត្រា៨នៃជំពូកដដែលបានចែងថាអំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលដែលមានចែងក្នុងមាត្រា៥ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែទៅ១ឆ្នាំនិងពិន័យជាប្រាក់ពី១០ម៉ឺនរៀលដល់១លានរៀល។ដោយឡែកអំពើមិនគោរពតាមវិធានការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្នត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី១លានរៀលទៅ៥លានរៀលកាលបើអំពើនេះនាំឱ្យមានចលាចលជាសាធារណៈ។
ដោយឡែកនីតិបុគ្គលដែលមានចេតនារារាំងឬបង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្នត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា៤២(ការទទួលខុសត្រូវព្រហ្មទណ្ឌនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌដោយត្រូវផន្ទាទោសពិន័យជាប្រាក់ពី១០០លានរៀលដល់១,០០០លានរៀលព្រមទាំងទោសបន្ថែមមួយឬច្រើនដូចមានចែងក្នុងមាត្រា១៦៨(ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។
រីឯនីតិបុគ្គលដែលប្រព្រឹត្តអំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលដែលមានចែងក្នុងមាត្រា៥ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា៤២(ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌដោយត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥០លានរៀលដល់៥០០លានរៀលព្រមទាំងទោសបន្ថែមមួយឬច្រើនដូចមានចែងក្នុងមាត្រា១៦៨(ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ណ។
ច្បាប់នេះក៏បាននិយាយពីការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ចពេលប្រទេសត្រូវដាក់ក្នុងភាពមានអាសន្នផងដែរ។មាត្រា១០ក្នុងជំពូក៤បាននិយាយថាមន្ត្រីមានសមត្ថកិច្ចដែលប្រើប្រាស់សិទ្ធិអំណាចតាមទំនើងចិត្តដោយរំលោភបំពាំនខុសពីគោលបំណងនៃច្បាប់ហើយបង្កការប៉ះពាល់ដល់រូបរាងកាយឬការខូចខាតដល់ទ្រព្យសម្បត្តិរបស់បុគ្គលដទៃត្រូវទទួលខុសត្រូវចំពោះអំពើដែលខ្លួនបានប្រព្រឹត្តស្របតាមច្បាប់របស់កម្ពុជា៕