នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានចេញសេចក្ដីណែនាំស្ដីពីការបង្ការ ការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩
ភ្នំពេញ ៖ យោងតាមស្ថានភាពនៃការរីករាលដាលនិងករណីស្លាប់ដោយសារជំងឺឆ្លងកូវីដ-១៩ នៅលើពិភពលោកក៏ដូចជានៅក្នុងតំបន់ នៅតែបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ទោះបីជាស្ថានភាពនៃការរាតត្បាតជំងឺឆ្លងកូវីដ-១៩ នៅព្រះរាជាណាចក្រកម្ពុជា មានសភាពធូរស្រាល ដោយមានអ្នកជំងឺជាសះស្បើយស្ទើរទាំងស្រុង និងពុំមានករណីឆ្លងថ្មីនាពេលថ្មីៗនេះក្ដី ក៏សភាពការណ៍ដ៏គួរអបអរសាទរនេះ ស្ថិតក្នុងដំណាក់កាលផុយស្រួយនៅឡើយ។ សេចក្ដីណែនាំនេះ បានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។
អនុវត្តតាមការអំពាវនាវនាពេលថ្មីៗរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សូមធ្វើការណែនាំដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការទាំងអស់ ឱ្យបន្តមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវ ធ្វេសប្រហែស និងមិនត្រូវមើលស្រាលស្ថានការណ៍នៃជំងឺឆ្លងកូវីដ-១៩ នេះឡើយ។
គ្រប់កងឯកភាព ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមសេចក្ដីណែនាំលេខ០០៣/២០២០ ស.ក.ន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្ដីពីការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងខូវីដ-១៩ (Covid-19)។