នគរបាលស្រុកស្អាង បានចាប់ខ្លួនមុខសញ្ញាចោរប្លន់២នាក់
កណ្តាល៖ នគរបាលស្រុកស្អាង បានចាប់ខ្លួនមុខសញ្ញាចោរប្លន់២នាក់ ករណីលួចមានស្ថានទម្ងន់ទោស(ប្លន់ម៉ូតូមិនបានសម្រេច)
ដែលកើតហេតុ ថ្ងៃអង្គារ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង២០នាទី នៅចំណុចលើផ្លូវអូររទាំង ភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ហើយជនល្មើសត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួននៅថ្ងៃទី២៩ ខែមេសា។
ជនរងគ្រោះឈ្មោះ អ៊ុត បូរ៉ា ភេទប្រុស អាយុ២០ឆ្មាំជនជាតិខ្មែរ មានទីលំនៅភូមិតាយឹងខ្ពស់ ឃុំលំពុង ស្រុកបាទី ខេត្តតាកែវ
មុខរបរកម្មកររោងចក្រ ចំណែកជនសង្ស័យចំនួន២នាក់ ឈ្មោះយូ សេងលី ភេទប្រុសអាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ទើបចេញពន្ធនាគារ និង២.ឈ្មោះ ហួ ជានី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ កម្មករ។ វត្ថុតាងចាប់យក ១.ម៉ូតូចំនួន០១គ្រឿង ម៉ាក HONDA.c125 ផលិតឆ្នាំ2018.ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ1.GX.9375
(របស់ជនរងគ្រោះ) ស្បែកជើងសង្រែកចំនួន០២គូរ(របស់ជនសង្ស័យ)។
សភាពរឿងហេតុ នៅថ្ងៃទី២៨ មេសា២០២០ វេលាម៉ោង១៦និង២០នាទីជនរងគ្រោះបានជិះម៉ូតូឌុបជីដូន មកដល់កន្លែងកើតហេតុ មានជង្ហុកក៏រអិលដួល ហើយប្រឡាក់ភក់ ហើយបានឈប់លាងជើង។ ភ្លាមនោះក៏មានមនុស្សប្រុសម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកMSXពណ៌ស មកឈប់ជិតម៉ូតូជនរងគ្រោះ។ ពេលនោះដែរ ក៏មានមនុស្សប្រុសម្នាក់ទៀត កាន់កាំបិតបុ័ងតោរត់ចេញពីក្នុងរោងក្បែរនោះ ហើយគំរាមកាប់ជនរងគ្រោះ រួចយកម៉ូតូជនរងគ្រោះជិះចេញពីកន្លែងកើតហេតុ។ ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចយើងបានចេញអន្តរាគមន៍ ជនសង្ស័យឃើញដូចនោះបានដួលម៉ូតូ (ចំងាយ៨០០ម៉ែត្រពីកន្លែងកើតហេតុ) មានរបួស ហើយរត់ឡើងម៉ូតូរបស់ពួកវាជិះគេចខ្លួនបាត់តែម្ដង។
លុះដល់ថ្ងៃទី២៩ មេសា ២០២០ តាមការស្រាវជ្រាវ របស់កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ក្រាំងយ៉ូវ និងកម្លាំងនរគរបាលក្រុងតាខ្មៅ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ១.ឈ្មោះយូ សេងលី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ ២.ឈ្មោះ ហួ ជានី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ កម្មករ និងចាប់យកវត្ថុតាងប្រព្រឹត្តបទល្មើស (ម៉ូតូ) ចំនួន១គ្រឿងម៉ាកMSX ពណ៌សផ្លាកលេខ ភ្នំពេញ1GB.5402ចំនួន០១គ្រឿង ជារបស់ជនសង្ស័យ។ យកមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី៕