ថ្ងៃទី១ឧសភានេះ សមត្ថកិច្ចចរាចរណ៍ ចាប់ផ្តើមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ តាំងពីព្រឹកថ្ងៃសុក្រនេះ សមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក ក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចាប់ផ្តើមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ឯកឧត្តមស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងថា គោលបំណងនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បតិ្តប្រជាពលរដ្ឋ និងកាត់បន្ថយអត្រាការស្លាប់ រងរបួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
ឯកឧត្តមស ថេត បានបញ្ជាក់ថា ” ការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ នឹងត្រូវអនុវត្តឲ្យបានស្មើភាពគ្នា ទាំងប្រជាពលរដ្ឋសាមញ្ញ អ្នកធំ អ្នកក្រ អ្នកមាន ឲ្យតែខុសច្បាប់ ត្រូវអនុវត្តដូចៗគ្នា”។
ឯកឧត្តម បានបញ្ជាក់ថា ឯកសារដែលត្រូវដាក់តាមខ្លួនជាប្រចាំនៅពេលបើកបរ គឺប័ណ្ណបើកបរ លិខិតអាជីវកម្ម ច្បាប់ដើម។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍អំពីការអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ផាកពិន័យ ហើយដែលសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះទៅ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែមេសា ឆ្នាំ២០២០នេះ។
សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតប នឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ ។
សម្ដេចបានគូសបញ្ជាក់ទៀតថា ព្រោះតែហេតុយ៉ាងដូច្នេះ ហើយបានជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការនេះមិនមែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។
នៅពេលប្រកាសដាក់ចេញវិធានការនេះ សម្ដេចបានមានប្រសាសន៍ថា មានទស្សនៈមួយចំនួនបានលើកឡើងថាវិធានការនេះ គឺជាវិធានការត្រួតពិនិត្យរដ្ឋបាលទៅវិញ ។ សម្ដេចបានផ្ដល់ការពន្យល់ជូនទៅវិញថាការពិតគឺមិនដូច្នេះទេ ហើយក៏មិនមែនមានន័យថា ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់ចង់បានប្រាក់ពីប្រពលរដ្ឋនោះទេ ។ ផ្ទុយទៅវិញនេះគឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ។
សម្ដេចបានគូសបញ្ជាក់ថា “សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិ ដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។ សូមកុំមានទស្សនៈថានគរបាលឆ្លៀតយកឱកាសនេះធ្វើបាបប្រជាជន នេះគឺជាភារកិច្ចដើម្បីប្រជាជន ហើយទាល់តែឃាត់គ្រប់អ្នកដំណើរទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទើបថាជាវិធានការរដ្ឋបាល” ។