ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលកិច្ចប្រជុំ រវាងគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា

56

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងពីលទ្ធផលកិច្ចប្រជុំ រវាងគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។

បើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី១ខែឧសភា បានបញ្ជាក់ថា ដោយទទួលបានការប្រគល់ភារកិច្ចពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៣០ខែមេសាឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាមួយក្រុមពីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលមានការចូលរួមស្រុកចំនួនទាំងអស់ប៉ុន្មាន១១០ នាក់ ក្នុងនោះភាគីក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចំនួន២២នាក់ ។

បើតាមក្រសួងសុខាភិបាល កិច្ចប្រជុំនេះមានគោលបំណង៖ ១) ពិនិត្យស្ថានការណ៍បច្ចុប្បន្ន និងចែករំលែកព័ត៌មាន ក្នុងការត្រៀមរៀបចំ និងឆ្លើយតបទៅនឹងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា និង២) ដើម្បីពិភាក្សា និងកំណត់ការគាំទ្រ ជាអាទិភាព នាពេលអនាគត ដោយអង្គការសហប្រជាជាតិ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩។

កិច្ចប្រជុំនេះ បានបង្កើតជាព្រឹត្តិការណ៍ថ្មីដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្រ្ត រវាងកម្ពុជា និងក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ យូរអង្វែងក្នុងវិស័យសុខាភិបាល ជាពិសេសក្នុងបរិបទដែលប្រទេសកម្ពុជា និងបណ្តាប្រទេសនៅលើសាកលលោកកំពុងប្រឈមចំពោះបញ្ហារាតត្បាតជំងឺកូវីដ១៩។

នៅក្នុងសុន្ទរកថាស្វាគមន៍បើកកិច្ចប្រជុំ ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការនានា ព្រមទាំងឆ្លើយបន្ទាន់ ត្រូវបានដាក់ចេញឲ្យអនុវត្តនៅទូទាំងប្រទេសដើម្បីការពារ ទប់ការរីករាលដាលនៃវីរុសកូវីដ១៩ បានរហ័សទាន់ពេលវេលា។ ជាមួយគ្នានេះ កម្ពុជា បានបង្កើត និងកំពុងអនុវត្តនូវផែនការមេសម្រាប់ ឆ្លើយតបនឹងជំងឺកូវីដ១៩ ដែលផ្តោតលើសេណារីយ៉ូ៣ផ្សេងៗគ្នា។

លោកជំទាវ Pauline Tamesis ប្រធានសម្របសម្រួលរបស់ក្រុមទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ដែលបានខិតខំបំពេញភារកិច្ចក្នុងការឆ្លើយតបបានយ៉ាងរហ័ស និងទាន់ពេលវេលា គ្រប់គ្រងករណីវិជ្ជមានទាំង១២២ បានល្អ ព្យាបាលជាសះស្បើយបានសឹងតែទាំងអស់ មិនមានអ្នកស្លាប់ ហើយអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល មានការគ្រប់គ្រងឆ្លើយតបបានទាន់ហេតុការណ៍ដែរ។ ស្ថិតក្នុងបរិការនេះ កម្ពុជាក៏អាចជួបប្រទះនឹងកត្តាប្រឈម និងផលប៉ះពាល់ជាច្រើនក្រៅពីវិស័យសុខាភិបាល ដូចជាវិស័យអប់រំ ទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យឧស្សាហកម្មផងដែរ។

លោកជំទាវ Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងអំណរគុណនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័នមួយចំនួន និងអាជ្ញាធររាជធានី ខេត្ត ព្រមទាំងអង្គការដៃគូនានា ដែលបានរៀបចំត្រៀមលក្ខណៈរួចជាស្រេចឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ បានល្អប្រសើរ។ លោកជំទាវ បានលើកឡើងថា ដើម្បីសម្រេចដកចេញនូវវិធានការរឹតបន្តឹងផ្សេងៗ ត្រូវធានាឲ្យបាននូវការគ្រប់គ្រងការចម្លង លើកកម្ពស់សមត្ថភាពរបស់មន្ទីរពេទ្យ កាត់បន្ថយជាអតិបរមានូវការរាតត្បាត ក្នុងសហគមន៍ និងជនងាយរងគ្រោះ រៀបចំវិធាការបង្ការ នៅតាមកន្លែងធ្វើការ និងសាលារៀន ព្រមទាំងគ្រប់គ្រងហានិភ័យនៃករណីនាំចូល និងការចូលរួមរបស់សហគមន៍ដោយមិនភ្លេចខ្លួន ឬមានការធ្វេសប្រហែសនោះឡើយ ជាពិសេសត្រូវចៀសវាងឲ្យបាននូវ “រលកទីពីរនៃការចម្លងវីរុសកូវីដ១៩” នៅក្នុងប្រទេសនេះ។

សូមបញ្ជាក់ថា​ នៅទីស្ដីការ ក្រសួងមហាផ្ទៃ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំ គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធជំងឺកូវីដ-១៩ ជាមួយក្រុមទីភ្នាក់ងារអង្គការ សហប្រជាជាតិ (អ.ស.ប) ក្នុងការត្រៀមបង្ការ និងការឆ្លើយតប ចំពោះការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ដោយកិច្ចប្រជុំនាពេលព្រឹកនេះមានការចូលរួមពី ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អភិបាលខេត្ត រាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធជាដើម ។

សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បី ប្រយុទ្ធនឹង​ជំងឺកូវីដ-១៩ និងជារដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ដើម្បីឆ្លើយតប​ទៅនឹងការព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលទាមទារឲ្យប្រទេសទាំងអស់​បង្កើនស្ថាន​ភាពបន្ថែមទៀតក្នុងការ ការពារទប់ស្កាត់កូវីដ-១៩ ឲ្យទាន់ពេលវេលា ជាពិសេស ពង្រឹងកិច្ចសហការប្រតិបត្តិការបន្ថែមទៀត ជាងនេះទៅទៀតក៏ត្រូវត្រៀម​ខ្លួនសម្រាប់ការរាតត្បាត ជំងឺឆ្លងនានាដែលអាចកើតមានឡើងនៅពេលអនាគត។

ឯកឧត្តមបន្ថែមថា ទោះបីជាស្ថានភាព កូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន ស្ថិតនៅស្ថានភាពអាចគ្រប់គ្រងបាន ប៉ុន្ដែភាគីពាក់ព័ន្ធត្រូវបន្ដបង្កើនការតាមដាន ដើម្បីយកចិត្តទុកដាក់បន្ថែមទៀត និងត្រៀមបំរុងរួចជាសម្រេច ចំពោះការរាតត្បាត នៅតាមសមាគមន៍ដែលអាចកើតមានឡើងជាយថាហេតុ។

ឆ្លៀតឱកាសនោះ លោកជំទាវ Pauline Tamesis អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ (អ.ស.ប) នៅកម្ពុជា បានថ្លែងថា «ទោះបីជាយើងពុំទាន់ឃើញសញ្ញាច្បាស់លាស់អំពីការឆ្លងក្នុងសហគមន៍ ដោយស្ថានភាពនេះអាចប្រែប្រួលយ៉ាងឆាប់រហ័ស។ យើងត្រូវត្រៀមខ្លួនជាស្រេច និងបន្ស៊ាំការឆ្លើយតបរបស់យើង ទៅតាមស្ថានភាពនោះ»។

លោកជំទាវ ក៏បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងសុខាភិបាល ដែលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅកម្ពុជា បានជាសះស្បើយជាបន្ដបន្ទាប់ ហើយមានឆ្លងសរុបទាំងអស់ត្រឹមតែ​១២២នាក់ប៉ុណ្ណោះ៕

 

អត្ថបទដែលជាប់ទាក់ទង