៤ខែដើមឆ្នាំនេះ នាំចេញអង្ករបានចំនួន៣០០.២៥២តោន
ភ្នំពេញ ៖ កម្ពុជា បាននាំចេញ អង្ករក្រអូបបាន ជិត ៧ម៉ឺនតោន នៅក្នុងខែមេសា ឆ្នាំ ២០២០ ហើយជាឆ្នាំដែលនាំចេញ ខ្ពស់ជាងគេ ក្នុងរយៈពេល ១០ឆ្នាំ ចុងក្រោយនេះដែរ។ ប្រទេសចិនជាទីផ្សារ នាំមុខគេ តែ សហគមន៍អឺរ៉ុប គឺនៅតែជាចំណែកទីផ្សារដ៏សំខាន់ របស់អង្ករកម្ពុជា។
បើតាមរបាយការណ៍សង្ខេបនៃការនាំចេញអង្ករកម្ពុជា ប្រចាំខែមេសា ២០២០ និងបួនខែដើមឆ្នាំ២០២០ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បើទោះបីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងលើពិភពលោកបានគំរាមកំហែងដល់ការនាំចេញក្ដី ការនាំចេញអង្កររបស់កម្ពុជា បួនខែដើមឆ្នាំ២០២០ កើនដល់កម្រិតខ្ពស់ជាងគេ ក្នុងរយៈពេល១០ឆ្នាំ។ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅតែទទួលបានផលជាវិជ្ជមាន ជាក់ស្ដែងកម្ពុជាបាននាំចេញអង្កររបស់ខ្លួនក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០នេះ ទៅកាន់ទីផ្សារបរទេសបានប្រមាណ៣០ម៉ឺនតោនដែលបរិមាណនេះស្មើនឹងជាង៤៨ភាគរយនៃការនាំចេញសរុបរបស់ឆ្នាំ២០២០។
តាមរបាយការណ៍នេះបានបង្ហាញថា ការនាំចេញរយៈពេល៤ខែដើមឆ្នាំ ២០២០នេះ មានចំនួន៣០០.២៥២តោន គឺមានកំណើនចំនួន៤១ភាគរយ បើធៀបជាមួយ៤ខែ ដើមឆ្នាំ២០១៩ ដែលនាំចេញបានប្រមាណចំនួនត្រឹមតែ២១៣.៧៦៣តោន តែប៉ុណ្ណោះ។
នេះជាកំណើនមួយ ដែលគួរឲ្យគត់សម្គាល់បំផុតរបស់កម្ពុជា ដែលបានសម្រេចការនាំចេញ មានតួលេខខ្ពស់បំផុត ក្នុងរយៈពេល៤ខែដើមឆ្នាំ នៃការនាំចេញរបស់កម្ពុជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។ ដោយឡែកសម្រាប់ខែមេសា ឆ្នាំ២០២០ នេះ ទោះជាបីជារាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់ គិតគូរយ៉ាងហ្មត់ចត់ ចំពោះសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដោយផ្អាកការនាំចេញ “អង្ករស” មួយរយៈពេលខ្លីក៏ដោយ ក៏ការនាំចេញ អង្ករក្រអូប របស់កម្ពុជា បានសម្រេចជាង ៦៩ ពាន់តោន ដែលផ្តល់នូវតម្លៃមួយយ៉ាងខ្ពស់សម្រាប់អាជីវករ និងអ្នករកស៊ីនៅក្នុងវិស័យស្រូវអង្ករ៕