សមត្ថកិច្ច នៅស្រុកចន្ទ្រាអនុវត្តច្បាប់លើសហើយ ដល់ថ្នាក់ចាប់ វាយនិងដាក់ខ្នោះ អ្នកបើករ៉ឺម៉កសំពីងសំពោង
ខេត្តស្វាយរៀង៖ មានភាពចម្រូងចម្រាស់ប្រជាពលរដ្ឋ បានលើកគ្នាបិតផ្លូវតវ៉ា និងចោទសមត្ថកិច្ចថា អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជ្រុលពេកហើយ ដោយចាប់ដាក់ខ្នោះហើយវាយលើរាងកាយអ្នកបើកបររ៉ឺម៉ក ដឹកពូកលក់ តាមមូលដ្ឋានម្នាក់ ធ្វើឲ្យអ្នកស្រុកខឹងសម្បាយ៉ាងខ្លាំង។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា រហូតដល់ម៉ោង៣និង៣០នាទីរសៀល ទើបដោះស្រាយបញ្ចប់រឿង ដោយឲ្យសមត្ថកិច្ច (ដែលវាយនិងដាក់ខ្នោះអ្នកបើកបររ៉ឺម៉ក) មកសុំទោសជាសាធារណៈ នៅមុខមហាជនបញ្ចប់រឿង។ រីឯម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កម្នាក់ ក្នុងចំណោមរ៉ឺម៉ក៣គ្រឿង បានឲ្យដឹងថា ពួកគាត់ទាំងបីរ៉ឺម៉ក មានទីលំនៅឯខេត្តតាកែវ នាំគ្នាមករកស៊ីដឹកពូកលក់ តាមមូលដ្ឋាន នៅខេត្តស្វាយរៀង ជាច្រើនខែមកហើយ ស្រាប់តែនៅថ្ងៃទី១ ឧសភា ២០២០នេះ ក៏មានច្បាប់រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវឲ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក មានប័ណ្ណបើកបរ គាត់ទៅធ្វើប័ណ្ណបើកបរមិនទាន់ ក៏សម្រេចសុំលក់ពូកអស់ ត្រឡប់ទៅផ្ទះវិញ ទើបធ្វើប័ណ្ណបើកបរ ហើយនៅថ្ងៃទី២ ឧសភា ២០២០នេះ សមត្ថកិច្ចចាប់ផាកពិន័យ១៨ម៉ឺនរៀល។ គាត់គ្មានប្រាក់បង់ លុះដល់ម៉ោង១១និង៣៥នាទីព្រឹក សមត្ថកិច្ចឈរជើងនៅគោលដៅនោះ នាំគ្នាចេញទៅហូបបាយអស់ ពួកគាត់ក៏បើកម៉ូតូចេញដែរ ក៏ត្រូវសមត្ថកិច្ចដេញតាម និងចាប់វាយរួចដាក់ខ្នោះ ចាប់បញ្ជូនទៅអធិការស្រុកចន្ទ្រា ពេលនោះមហាជន ក្នុងភូមិឃើញក៏នាំគ្នាមកបិតផ្លូវតវ៉ា មិនឲ្យសមត្ថកិច្ចចាប់ពួកគាត់យកទៅ។
ទាក់ទិនករណីនេះដែរ លោក វរសេនីយ៍ទោ សួគ៌ ធី អធិការរង ទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគបាលស្រុកចន្ទ្រា បានមានប្រសាសន៍ថា នេះគឺជាការរឹតបន្តឹង នូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ លោកសួគ៌ ធី បន្តទៀតថា មូលហេតុ អ្នកបើកបរម៉ូតូរ៉ឺម៉ក គ្មានប័ណ្ណបើកបរ និងដឹកសំពីងសំពោងខុសបច្ចេកទេស សមត្ថកិច្ចបានឃាត់រ៉ឺម៉ក មកសាកសួរ និងធ្វើការផាកពិន័យ តាមច្បាប់ ក៏ប៉ុន្តែម្ចាស់ម៉ូតូរ៉ឺម៉ករូបនោះ មិនព្រមបង់ប្រាក់ផាកពិន័យ ហើយបានបើកម៉ូតូរ៉ឺម៉កចេញ សមត្ថកិច្ចបានហៅឲ្យឈប់ ក៏ប៉ុន្តែអ្នកបើកបររ៉ឺម៉កមិនព្រមឈប់ ទើបសមត្ថកិច្ចយើងបើករថយន្តដេញតាមទាន់ នៅកន្លែងកើតហេតុខាងលើ រួចឲ្យយកម៉ូតូរ៉ឺម៉កត្រឡប់មកកន្លែងសមត្ថកិច្ចឈរជើងវិញ តែអ្នកបើករ៉ឺម៉កមិនព្រម ទើបមានការចាប់វាយខ្នោះ និងមានការប្រវាយប្រតប់គ្នា កើតជារឿង រហូតមានប្រជាពលរដ្ឋនាំគ្នា មកតវ៉ាបិតផ្លូវតែម្តង។
ក្រោយពីមានការសម្របសម្រួល ពីលោកឧត្តមសេនីយ៍ត្រី ភោគ សាខុន ស្នងការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងលោកអភិបាលស្រុកចន្ទ្រា បានចុះទៅសម្របសម្រួល ម្ចាស់ម៉ូតូរ៉ឺម៉កទាំងបីគ្រឿង ក៏ឈានដល់ការព្រមព្រៀង ដោយម្ចាស់ម៉ូតូរ៉ឺម៉ក ឲ្យសមត្ថកិច្ចទាំង៤រូប មកសុំទោសរូបគាត់ ជាសាធារណៈ នៅមុខមហាជន ហើយលោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងស្រុកចន្ទ្រា បានចេញមកសុំទោសជាសាធារណៈ តាមការទាមទារបស់មហាជន ដូច្នេះប្រជាពលរដ្ឋក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន។