ចាប់ខ្លួនស្ដ្រីខ្មែរនិងប្ដីជនជាតិនីហ្សេរីយ៉ា ដែលជំនាញបោកប្រាស់ប្រជាពលរដ្ឋយកលុយខ្ទង់ម៉ឺនដុល្លារ តាមបណ្ដាញសង្គមFacebook ក្រោមរូបភាពផ្ញើទំនិញមកពីបរទេសនិងរូបភាពផ្សេងៗទៀត!
(ភ្នំពេញ)៖កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ខណ្ឌមានជ័យបានចាប់ខ្លួនស្ដ្រីជនជាតិខ្មែរម្នាក់និងប្ដីជនជាតិនីហ្សេរីយ៉ាដែលជំនាញបោកប្រាស់ប្រជាពលរដ្ឋយកអស់លុយខ្ទង់ម៉ឺនដុល្លារនៅតាមបណ្ដាញសង្គមFacebook ក្រោមរូបភាពផ្ញើទំនិញមកពីបរទេស។ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២០ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិនិងលោកឧត្តមសេនីយ៍ឯកជាពៅប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រោមការសម្របសម្រួលនីតិវិធីពីលោកសេងហៀងព្រះរាជអាជ្ញារងតំណាងលោកកែវសុធាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោស៊ីវឈាន់អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដែលដឹកនាំកម្លាំងនគរបាលជំនាញតាមបង្ក្រាបករណីនេះបានប្រាប់បណ្ដាញព័ត៌មានបានឲ្យដឹងថាជនឆបោកទាំងពីរនាក់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះរួមមាន៖
*ទី១៖ឈ្មោះនិនស្រីពៅភេទស្រីអាយុ៣៣ឆ្នាំជនជាតិខ្មែរ(ប្រពន្ធ)
*ទី២៖ឈ្មោះLonge Olaouwa Akindele ភេទប្រុសអាយុ៣០ឆ្នាំជនជាតិនីហ្សេរីយ៉ានៅចំណុចផ្ទះជួលលេខ65Eផ្លូវលេខ១៨ក្រុម៦ភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យរាជធានីភ្នំពេញ។ការចាប់ខ្លួនពួកគេទាំង២នាក់ក្រោមបទឆបោកប្រាក់(ផ្ញើឥវ៉ាន់ពីប្រទេសក្រៅ) តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ១២១នឹងលេខ១២២អ.យ.ករបស់លោកសេងហៀងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២៩ខែមេសាឆ្នាំ២០២០។
បើតាមលោកឧត្តមសេនីយ៍ទោស៊ីវឈាន់ជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋនៅតាមបណ្ដាញសង្គមFacebook ក្រោមរូបភាពធ្វើជាអ្នករាប់អានគ្នាហើយដោយក្ដីស្រលាញ់រូបគេបន្លំធ្វើជាផ្ញើទំនិញមួយចំនួនមកឲ្យអ្នកនៅរាជធានីភ្នំពេញ។ក្រោយមកបក្ខពួកផ្សេងទៀតបានបន្លំថាធ្វើជាអ្នកដឹកជញ្ជូនទំនិញប៉ុន្ដែដើម្បីយកទំនិញបានតម្រូវឲ្យបង់ប្រាក់ជាមុនចន្លោះពី៥០០ដុល្លាររហូតដល់រាប់ម៉ឺនដុល្លារឯណោះ។
ក្រោយលួងលោមបានសម្រេចដោយឲ្យជនរងគ្រោះផ្ញើប្រាក់ទៅឲ្យនោះរូបគេបានទៅដកប្រាក់នោះហើយផ្ដាច់ការទាក់ទងជាមួយជនរងគ្រោះតែម្ដង។កន្លងមកមានជនរងគ្រោះមិនតិចនោះទេដែលធ្លាប់ចាញ់បោកជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធដោយមានអ្នកខ្លះអស់ប្រាក់ខ្ទង់ម៉ឺនដុល្លារក៏មាន។
លោកឧត្តមសេនីយ៍ទោស៊ីវឈាន់ក្រោយការចាប់ខ្លួននិងមានការអនុញ្ញាតពីលោកសេងហៀងកម្លាំងចម្រុះបានធ្វើការឆែកឆេរផ្ទះជនសង្ស័យនិងដកហូតយកសម្ភារមួយចំនួនព្រមទាំងបិទទ្វារផ្ទះជាបណ្ដោះអាសន្នផងដែរ។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា«ជនសង្ស័យបានធ្វើការងារឆបោកតាមរូបភាពនេះប្រហែលជិត២ឆ្នាំនិងបានឲ្យជនរងគ្រោះផ្ញើប្រាក់ឲ្យខ្លួនបានសម្រេចប្រហែលជិត២០នាក់សរុបទឹកប្រាក់ប្រហែល៥ម៉ឺនដុល្លារអារមេរិកចំពោះជនជាតិស្បែកខ្មៅដែលទំនាក់ទំនងឲ្យរូបនាងទៅដកប្រាក់ជំនួសនោះប្រហែល១០នាក់(នៅក្រៅប្រទេស)»។
សម្រាប់ជនសង្ស័យត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកសាងសំណុំរឿងទៅកាន់តុលាការនៅរសៀលថ្ងៃទី២ខែឧសភាឆ្នាំ២០២០ដើម្បីចាត់ការបន្ដតាមនីតិវិធី។លោកក៏បានអំពាវនាវដល់ជនរងគ្រោះផ្សេងទៀតដែលធ្លាប់ចាញ់បោកគេក្រោមរូបភាពបែបនេះមកដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានជំនាញផងដែរ៕