យុវជន២ក្រុមជិះម៉ូតូដេញបាញ់គ្នាតាមផ្លូវនៅក្រុងប៉ោយប៉ែត បាញ់ស្លាប់ម្នាក់
បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១និង២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុចម្ដុំស្ទង់តាងួនផ្លូវបេតុងស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត មានយុវជន២ក្រុមបានជិះម៉ូតូដេញបាញ់កាប់ចាក់គ្នា ។
ក្នុងនោះបានបាញ់ត្រូវចំ៤គ្រាប់លើបុរសរងគ្រោះម្នាក់ចំនួន៤គ្រាប់ បណ្តាលឲ្យស្លាប់ ។
មន្ត្រីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រុងប៉ោយប៉ែតបានឲ្យដឹងថា ៖ ក្មេងស្ទាវទំនើង២ក្រុមនោះមានគ្នាប្រហែល១០នាក់ជិះម៉ូតូចំនួន៤គ្រឿង ហើយបានដេញបាញ់ចាក់កាប់គ្នាតាមដងផ្លូវយ៉ាងគឃ្លើន ។
ខ្មាន់កាំភ្លើងខ្លីម្នាក់បានបាញ់ត្រូវចំ៤គ្រាប់ទៅលើជនរងគ្រោះឈ្មោះ ហៀង សុគន្ធធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅក្នុងក្រុងប៉ោយប៉ែត ។
គឺ១គ្រាប់ចំធ្លាយពោះពីខាងឆ្វេងទៅខាងស្ដាំ -ចំ០១គ្រាប់ខាងស្ដាំ –
១គ្រាប់បាញ់ចំកាំភួនជើងខាងឆ្វេង -១គ្រាប់បាញ់ចំកាំភួនជើងខាងស្ដាំ ។
ជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់លើផ្លូវពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្រោយកើតហេតុ ពួកស្ទាវទំនើងបានរត់គេចខ្លួន ហើយសមត្ថកិច្ចចម្រុះក៏បានចេញកំណត់មុខសញ្ញនិងតាមចាប់ខ្លួនផងដែរ ។
លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងនាយ នាយរង មន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំប្រតិបត្តិការ ជាមួយនគរបាលក្រុងប៉ោយប៉ែត និងប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធ ដើម្បីកំណត់មុខសញ្ញា និងឈានទៅបង្ក្រាបជនដៃដល់ ជាឃាតករ និងបក្ខពួក ក្នុងអំពើឃាតកម្មដ៏ព្រៃផ្សៃនេះ ៕