ប្រមុខរដ្ឋស្ដីទី បញ្ចប់មុខតំណែង ប្រធានគណបក្សខ្មែរ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ពីសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
ភ្នំពេញ៖ នៅថ្ងៃចន្ទនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានត្រាប់បង្គាប់បញ្ចប់មុខតំណែង ប្រធានគណបក្សខ្មែរ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ពីសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រី។
ការបញ្ចប់តំណែងនេះ បន្ទាប់ពីលោកវីល្លាម កាលពី ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២០ ក្បួនដំណើរស្របច្បាប់ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទៅអុកឡុកក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
លោកវីល្លាមបានចោទមន្ត្រីបរិស្ថានថា នេះជាទង្វើបំពានដោយចេតនា របស់មន្ត្រីពាក់ព័ន្ធ ក្នុងការព្យាយាមបិទបាំងការពិត និងបង្កើតចលនាអបគមន៍នៅទីនេះ។
ចំណែកកាលពីថ្ងៃទី៤ឧសភា ក្រសួងបរិស្ថាន ពិតជាមានការសោកស្តាយចំពោះទង្វើគ្មានការទទួលខុសត្រូវ និងភាពមិនយល់ដឹងអំពីរបៀបរបប និងនីតិវិធីនៃការបំពេញការងារ នៅក្នុងក្របខណ្ឌនៃការងាររដ្ឋបាលសាធារណៈរបស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក ដឹកនាំដោយ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០។
បើតាមសេចក្តីប្រកាសព័ត៌របស់ក្រសួងបរិស្ថាន នៅថ្ងៃទី៣ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា មានចរិតក្រអឺតក្រទម និងការប្រើប្រាស់ពាក្យសម្តីប្រមាថ មួលបង្កាច់ ចោទប្រកាន់ ដោយគ្មានមូលដ្ឋានភស្តុតាងច្បាស់លាស់ របស់ប្រធានប្រតិភូគណបក្សខ្មែរក្រោក មកលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមានសមត្ថកិច្ច គឺមិនសាកសមជាអ្នកមានសមត្ថកិច្ច និងជាដៃគូរាជរដ្ឋាភិបាល ចុះបំពេញបេសកកម្មនោះទេ។
ចំពោះមុខនៃការប្រមាថ និងការចោទប្រកាន់ដោយគ្មានភស្តុតាងរបស់ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង ក្រសួងបរិស្ថាន សូមជម្រាបជូនសាធារណជនជាតិនិងអន្តរជាតិ បានជ្រាបថា៖
១-ក្រសួងបរិស្ថានបើកចំហរ និងតែងតែផ្តល់កិច្ចសហការដល់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជានិច្ច ប៉ុន្តែស្នើសុំឱ្យប្រធានប្រតិភូគណបក្សខ្មែរក្រោក ស្វែងយល់អំពីបែបបទការងាររដ្ឋបាលសាធារណៈ និងនីតិវិធីច្បាប់ក្នុងការចុះបំពេញការងារ ដោយគួរជូនដំណឹង និងស្នើសុំកិច្ចសហការពីក្រសួងបរិស្ថាន ដែលជាស្ថាប័នជំនាញមានសមត្ថកិច្ច គ្រប់គ្រងលើឧទ្យានជាតិព្រះសីហនុ (រាម)។ ការដែលប្រធានគណបក្សនយោបាយមួយ ចុះបំពេញការងារ ដោយមិនដឹងទិសតំបន់បែបនេះ មិនបាននាំមកនូវផលប្រយោជន៍ ដល់សង្គមជាតិឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺបង្កើតនូវភាពអនាធិបតេយ្យ និងជាការលើកទឹកចិត្តដល់ជនល្មើសរុករានទន្ទ្រាន កាន់កាប់ដីរដ្ឋដោយខុសច្បាប់ទៅវិញទេ។
២-ប្រធានប្រតិភូគណបក្សខ្មែរក្រោក ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានផ្សាយព័ត៌មានមិនពិត នៅលើទំព័រទំនាក់ទំនងសង្គមរបស់ខ្លួន ដោយបានប្រមាថ មួលបង្កាច់ ចោទប្រកាន់អាជ្ញាធរថា «បាន
ប្រើប្រាស់អំពើហិង្សា បង្ខាំងពលរដ្ឋពីចន្លោះ ៣០ ទៅ៥០នាក់ ជាពិសេសករណីនេះធ្លាប់ មានពលរដ្ឋស្លាប់ដោយការបង្ខាំងនេះទៀតផង»។ ក្នុងនាមប្រធានគណបក្សនយោបាយមួយ ឯកឧត្តម គួរប្រុងប្រយ័ត្ន និងពិចារណាឱ្យបានល្អិតល្អន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ហើយត្រូវជៀសវាង ការផ្សព្វផ្សាយព័ត៌មានមិនពិតរបៀបនេះ ដែលអាចបង្កផលវិបាកដល់សង្គម។ ក្រសួងបរិស្ថាន សូមបញ្ជាក់ថា គ្មានការប្រើប្រាស់ហិង្សា និងបង្ខាំងពលរដ្ឋដូចការលើកឡើងនោះឡើយ។
៣- ពលរដ្ឋដែលមកតវ៉ា ហើយដែលឯកឧត្តមចាត់ទុកជាជនរងគ្រោះនោះ គឺតាមពិតពួកគាត់ជាក្រុមជនទន្ទ្រាន កាន់កាប់ដីធ្លីខុសច្បាប់ ដែលដីនៅតំបន់នោះ ត្រូវបានចុះបញ្ជីដីរដ្ឋរួចហើយ។ កាលឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានបង្កើតក្រុមការងារចម្រុះ ចុះវាស់វែង និងកំណត់អត្តសញ្ញាណក្បាលដីរបស់ប្រជាពលរដ្ឋ ដែលបាននឹងកំពុងរស់នៅ និងអាស្រ័យផលលើដី ដែលមានផលប៉ះពាល់ក្នុងតំបន់វិនិយោគអភិវឌ្ឍន៍ របស់ក្រុមហ៊ុន អេវើហ្គ្រីន និងក្រុមហ៊ុន យិះ ចៀ។ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យលេខ ២១៧ អនក្រ.បក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ដីពីការកំណត់ជាតំបន់សហគមន៍ នៃឧទ្យានជាតិព្រះសីហនុរាម លើផ្ទៃដីទំហំ ៦៦៧,៩៦ ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចរាល់ហើយ។ ដោយឡែក ការចូលមកទន្ទ្រានកាន់កាប់ដីព្រៃក្នុងឧទ្យានជាតិព្រះសីហនុ (រាម) ពីសំណាក់ក្រុមអនាធិបតេយ្យ គឺបានចូលមកនៅខែតុលា ឆ្នាំ២០១៨ ដោយក្រុមទាំងនោះ បានបែងចែកជាតំបន់សម្រាប់ពួកគេទន្ទ្រានមានដូចជា៖ ចំណុចខាងលិចក្បាលព្រែកកោះខ្យង និងចំណុចតាបិន ហើយទីតាំងដែលក្រុមប្រជាពលរដ្ឋទាំងនេះ ចូលទន្ទ្រានកាន់កាប់នោះ ពុំស្ថិតក្នុងអនុក្រឹត្យលេខ ២១៧ អនក្រ.បក ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ស្ដីពីការកំណត់ជាតំបន់សហគមន៍ នៃឧទ្យានជាតិព្រះសីហនុ (រាម)ទេ។
៤-ដោយពិនិត្យឃើញមានចលនាចូលទន្ទ្រាន កាន់កាប់ដីព្រៃរបស់ឧទ្យានជាតិព្រះសីហនុ (រាម) កាន់តែច្រើនឡើងៗ ការិយាល័យឧទ្យានជាតិព្រះសីហនុ (រាម) ក៏ដូចជា មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានធ្វើសំណើតាមរយៈលិខិតលេខ ១៥៤/១៩ ឧពន.ខសន.បស្ថ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ស្ដីពីសំណើសុំកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដើម្បីចុះទប់ស្កាត់ និងរុះរើខ្ទមអនាធិបតេយ្យ នៅចំណុចខាងលិចក្បាលព្រែកកោះខ្យង និងចំណុចតាបិន ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅក្នុងតំបន់វិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន អេវើហ្គ្រីន នៃឧទ្យានជាតិព្រះសីហនុរាម។ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ដោយពិនិត្យឃើញមានប្រជាពលរដ្ឋ បានមកប្រមូលផ្ដុំគ្នាប្រមាណជា ២០-៣០នាក់ នៅចំណុចវាលចន្ទី ក្នុងតំបន់វិនិយោគអភិវឌ្ឍន៍ក្រុមហ៊ុន យិះ ចៀ (ក្បែរព្រំប្រទល់តំបន់វិនិយោគអភិវឌ្ឍន៍ក្រុមហ៊ុន អេវើហ្គ្រីន) មន្ត្រីឧទ្យានុរក្ស សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលសាលាស្រុក បានចុះធ្វើការអប់រំណែនាំពួកគាត់ កុំឱ្យមានការប្រមូលផ្តុំគ្នា។ ក្នុងពេលនោះក្រុមការងារ ក៏បានពិនិត្យឃើញថា មានប្រជាពលរដ្ឋ ៣ នាក់ មានការជាប់ពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីធ្លី នៅលើទីតាំងដែលក្រុមការងារ ធ្លាប់បានចុះបង្ក្រាបទប់ស្កាត់កន្លងមក ហើយបានធ្វើការអញ្ជើញពលរដ្ឋទាំង ៣នាក់ (ប្រុស ១នាក់ និងស្រី ២នាក់) មកសាកសួរតាមនីតិវិធី។
៥-សកម្មភាពដែលប្រតិភូគណបក្សខ្មែរក្រោក ដឹកនាំដោយ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង បានធ្វើនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) បានបង្ហាញយ៉ាងច្បាស់ថា ប្រតិភូគណបក្សនេះ គ្មានបំណងពិតប្រាកដ ក្នុងការសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ចនោះទេ ប៉ុន្តែប្រតិភូគណបក្សនេះ មានបំណងអុជអាល ប្រឆាំងនឹងមន្ត្រីអនុវត្តច្បាប់ និងព្យាយាមការពារជនល្មើស ដោយយកប្រជាពលរដ្ឋជាខែល។ ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង គួរទទួលខុសត្រូវលើការផ្សព្វផ្សាយព័ត៌មានមិនពិត នៅលើទំព័រទំនាក់ទំនងសង្គមរបស់ខ្លួន ដែលបង្កឱ្យមានការប៉ះពាល់ដល់សង្គម និងការដឹកនាំរបស់រាជរដ្ឋាភិបាល តាមរយៈការដុតកំហឹងប្រជាពលរដ្ឋ និងចលនាឱ្យមានការស្អប់កម្លាំងសមត្ថកិច្ច។
ក្រសួងបរិស្ថានសង្ឃឹមថា ប្រតិភូគណបក្សខ្មែរក្រោកនិងជាពិសេស ឯកឧត្តម សុខ សុវណ្ណវឌ្ឍនាសាប៊ុង នឹងមានភាពចាស់ទុំ និងមានការយល់ដឹងអំពីបែបបទនិងនីតិវិធីច្បាប់ក្នុងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន៕