ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស ប្លន់ម៉ូតូកាប់ដោយដាវជាង១០ ករណី ឃាត់ខ្លួនជនល្មើស ៣នាក់

63

 

ស្រុកកណ្តាលស្ទឹង៖  ក្នុងការអនុវត្តន៍នូវតួនាទីភារកិច្ចស្នូល របស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប សង្គ្រោះ កម្លាំងកងរាជអាវុធហត្ថ ខេត្តកណ្តាល តែងតែធ្វើសកម្មភាពចុះល្បាតចល័ត ពួនស្ទាក់ តាមគ្រប់រូបភាព ។

 ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង បានចេញអន្តរាគមន៍ជួយជនរងគ្រោះដែលកំពុងជិះម៉ូតូតែម្នាក់ឯង​ ត្រូវបានជនសង្ស័យជិះពីក្រោយ កាប់ត្រូវចំនួន ៣ដាវ(ក្បាល ១ដាវ ដៃ ២ដាវ)  ធ្វើឲ្យជនសង្ស័យជិះម៉ូតូរត់គេច តែត្រូវចាប់បានជនសង្ស័យម្នាក់​ នៅចំណុចគល់ស្ពាន ៧មករា។

 ជនសង្ស័យបានធ្វើសកម្មភាពដោយយកដាវកាប់ប្លន់ម៉ូតូជនរងគ្រោះឈ្មោះ អ ភណ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសមត្ថកិច្ច រស់នៅភូមិឃុំកេីតហេតុ នៅយប់រំលងអធ្រាត្រ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិអូរអណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង។ ក្រោយកើតហេតុភ្លាមៗកម្លាំងបានឃាត់ខ្លួនជនសង្សយ័បានម្នាក់ឈ្មោះ សារឿន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលសង្កាត់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បក្ខពួកម្នាក់ទៀតរត់គេចខ្លួន។ ចាប់យកវត្ថុតាងធ្វើសកម្មភាពម៉ូតូ ០១គ្រឿងម៉ាកស្កុបពី ពណ៌ប្រផេះ និងដាវដែកចំនួន ០១ដើម ។

ដោយឡែកជនរងគ្រោះកម្លាំង អាវុធហត្ថ បានបញ្ជូនទៅសង្គ្រោះព្យាបាលរបួសដែលជនសង្ស័យកាប់ត្រូវចំក្បាលចំនួន០១ដាវ និងដៃឆ្វេងចំនួន០២ដាវ នៅមន្ទីរពេទ្យបង្អែកស្រុកកណ្តាលស្ទឹង។ ក្រោមការស្រាវជ្រាវពីជំនាញយ៉ាងយកចិត្តទុកដាក់ប្រកបដោយបទពិសោធន៍ ឆន្ទៈ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតដែលជាបក្ខពួក ឈ្មោះ ថៃសាន់​ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលសង្កាត់ទួលពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

  

បន្តមកទៀតកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របស្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងរាជធានីភ្នំពេញ កម្លាំងយើងបានស្វែងរកចាប់ខ្លួនបក្ខពួកក្រុមជនសង្សយ័ខាងលើបានចំនួនពីរនាក់បន្ថែមទៀត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅចំណុចទីលានចាក់សំរាម (ស្ទឹងមានជយ័) ខណ្ឌដង្កោ រាជធានីភ្នំពេញ ៖

១.ឈ្មោះ ស៊ីនិត អាយុ២៩ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ រស់នៅភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

២.ឈ្មោះ ព្រែក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

ចាប់យកវត្ថុតាងម៉ូតូ ១គ្រឿងធ្វើសកម្មភាពចែកចាយគ្រឿងញៀន ម៉ាកហ្វូលសាល ពណ៌ក្រហម ខ្មៅ និងថ្នាំញៀន១០កញ្ចប់។

នៅចំពោះមុខសមត្ថកិច្ច អាវុធហត្ថ ជនសង្ស័យទាំងបួននាក់ បានសារភាព ៖

១-ឈ្មោះ សារឿន អ្នកបើកបរម៉ូតូធ្វើសកម្មភាពថ្ងៃកើតហេតុ ធ្លាប់ធ្វើសកម្មភាពបានចំនួន ០២លើក ។ លើកទី១ ជាមួយឈ្មោះ ថៃសាន់ ធ្វើសកម្មភាពប្លន់ម៉ូតូបានសម្រេច ម៉ាក C១២៥ ស៊េរី ២០១៧ នៅចំណុចផ្លូវ 60ម៉ែត្រ។ លើកទី២ ជាមួយឈ្មោះ ថៃសាន់ ធ្វើសកម្មភាពប្លន់ម៉ូតូមិនបានសម្រេចម៉ាក C១២៥ ស៊េរី ២០១៥ នៅចំណុចភូមិអូរអណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (ត្រូវសមត្ថកិច្ចឃាត់ខ្លួន)។

២ -ឈ្មោះ ថៃសាន់​(កាប់ជនរងគ្រោះ ថ្ងៃកើតហេតុ) ធ្វើសកម្មភាព ៣លើក ។ លើកទី១ ក្នុងខែមីនា ឆ្នាំ២០២០ ប្លន់នៅផ្លូវជាតិ៣ ក្នុងខេត្តតាកែវ បានម៉ូតូ C១២៥ ពណ៌ខ្មៅ ស៊េរី ២០១៩ ជាមួយបក្សពួកមិនស្គាល់ឈ្មោះដែលឈ្មោះ សុីនិត បញ្ជាឲ្យមកធ្វើសកម្មភាពជាមួយរួចយកទៅឲ្យឈ្មោះ សុីនិត ជាអ្នកលក់ ។ លើកទី២ ជាមួយឈ្មោះ សារឿន ធ្វើសកម្មភាពប្លន់ម៉ូតូបានសម្រេច ម៉ាក C១២៥ ស៊េរី ២០១៧ នៅចំណុចផ្លូវ 60ម៉ែត្រ ឲ្យឈ្មោះ សុីនិត ជាអ្នកលក់។ លើកទី៣ ជាមួយឈ្មោះ សារឿន ធ្វើសកម្មភាពប្លន់ម៉ូតូមិនបានសម្រេចម៉ាក C១២៥ ស៊េរី២០១៥ នៅចំណុចភូមិអូរអណ្តូង ឃុំបារគូ ស្រុកកណ្តាលស្ទឹង (ត្រូវសមត្ថកិច្ចឃាត់ខ្លួន)។

៣-ឈ្មោះ ស៊ីនិត (អ្នកផ្តើមគំនិតនិងទទួលផលចោរកម្ម) ធ្លាប់ធ្វើសកម្មភាពលួច ប្លន់ និងទទួលផលចោរកម្មជាច្រើនលើក ។ លើកទី១ ក្នុងឆ្នាំ២០១៨ ជាមួយឈ្មោះហៅ ង៉ោល លួចរ៉ឺម៉កម៉ូតូចំនួន ០១គ្រឿង នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ លើកទី២ ក្នុងឆ្នាំ២០១៨ ជាមួយឈ្មោះហៅ ង៉ោល ប្លន់ ម៉ូតូ ចំនួន ០១គ្រឿងម៉ាក C១២៥ ពណ៌ ខ្មៅ ស៊េរី២០០៩ នៅជិតវត្តសន្សំកុសល់  រាជធានីភ្នំពេញ។ លើកទី៣និងទី៤ ក្នុងឆ្នាំ ២០១៨ ជាមួយឈ្មោះ វណ្ណ លួចរ៉ឺម៉កម៉ូតូ ចំនួន ០២គ្រឿង នៅខណ្ឌដង្កោ ។ លើកទី៥ ក្នុងឆ្នាំ២០១៨ ជាមួយឈ្មោះ វណ្ណ ប្លន់ម៉ូតូចំនួន ០១ គ្រឿង ម៉ាក C១២៥ ស៊េរី២០១៨ នៅសង្កាត់ទួលពង្រ ។ លើកទី៦ ក្នុងឆ្នាំ២០១៨ ជាមួយឈ្មោះ បាន ប្លន់ម៉ូតូ ០១គ្រឿងម៉ាក ឡេត នៅព្រែកជ្រៃ ខណ្ឌដង្កោ ។ លើកទី៧ ក្នុងឆ្នាំ២០១៩ ជាមួយឈ្មោះ ព្រែក លួចរ៉ឺម៉កម៉ូតូចំនួន ០១គ្រឿង នៅព្រែកជ្រៃ ខណ្ឌដង្កោ ។ លើកទី៨ ក្នុងឆ្នាំ២០១៩ ជាមួយឈ្មោះ ព្រែក លួចម៉ូតូចំនួន ០១គ្រឿងម៉ាក C១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ  នៅព្រែកជ្រៃ ខណ្ឌដង្កោ ។ លើកទី៩ ក្នុងឆ្នាំ ២០១៩ ជាមួយឈ្មោះ ព្រែក លួចម៉ូតូចំនួន ០១ គ្រឿងម៉ាក C១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ  នៅព្រែកជ្រៃ ខណ្ឌដង្កោ ។ លើកទី១០ ក្នុងឆ្នាំ ២០២០ ជាមួយឈ្មោះ ព្រែក បានប្លន់ ម៉ូតូ ចំនួន ០១គ្រឿងម៉ាក ស្កុបពី ស៊េរី២០២០ ពណ៌ ខ្មៅ  នៅព្រែកជ្រៃ  រាជធានីភ្នំពេញ ។ រ៉ឺម៉កម៉ូតូចំនួន ០៤គ្រឿង លក់ឲ្យអេតចាយ (នៅទីលានចាក់សំរាមស្ទឹងមានជ័យ) អ្នកទិញមិនស្គាល់អត្តសញ្ញាណ។ ម៉ូតូ C១២៥ ចំនួន ០៤គ្រឿង និងម៉ូតូឡេតចំនួន ០១គ្រឿង លក់ឲ្យជាងម៉ូតូ នៅវត្តព្រះបាទជាន់ឯក រាជធានីភ្នំពេញ។ ម៉ូតូស្កុបពី ឲ្យ ឈ្មោះហៅ ង៉ោល យកទៅលក់នៅផ្សារបាំងសី ខេត្តតាកែវ។

៤-ឈ្មោះ ព្រែក ធ្លាប់ធ្វើសកម្មភាព ៥លើក។ លើកទី១ ឆ្នាំ២០១៨ កាច់កម៉ូតូម៉ាក C១២៥ ស៊េរីឆ្នាំ២០១១ នៅចំណុចភូមិឬស្សី រាជធានីភ្នំពេញ ជាមួយឈ្មោះហៅ ង៉ោល ត្រូវនគរបានឃាត់ខ្លួនជាប់ពន្ឋនាគារ ១ឆ្នាំ ២ខែ (ឈ្មោះហៅ ង៉ោល គេចខ្លួន) ។ក្រោយពីចេញពីពន្ឋនាគារក្នុងឆ្នាំ២០១៩ បានធ្វើសកម្មភាព លួច ប្លន់ ជាមួយឈ្មោះ ស៊ីនិត ចំនួន ៤លើក បានម៉ូតូ ០៣គ្រឿង និងរ៉ឺម៉កចំនួន ១គ្រឿង (ឈ្មោះ ស៊ីនិត ជាអ្នកចាត់ចែងលក់)។

លុះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ ឃាត់ខ្លួននៅចំណុចទីលានចាក់សំរាម (ស្ទឹងមានជ័យ) ភូមិហារ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅពេលដែលខ្លួនកំពុងជិះម៉ូតូចែកចាយគ្រឿងញៀនជាមួយឈ្មោះ សុីនិត។

សូមបញ្ជាក់ថា ជនសង្ស័យទាំងបួននាក់ខាងលើគឺប្រើប្រាស់គ្រឿងញៀនទាំងអស់ ចំពោះជនសង្ស័យឈ្មោះ ព្រែក និងវត្ថុតាង(ម៉ូតូ និងថ្នាំញៀន) កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រគល់ជូនកងរាអាវុធហត្ថរាជធានីភ្នំពេញ បន្តនីតិវិធីតាមច្បាប់។ ដោយឡែកជនសង្ស័យ ៣នាក់ទៀត ព្រមទាំងវត្ថុតាង កងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមផ្លូវច្បាប់និងដាក់ពន្ធនាគាររួចរាល់៕

អត្ថបទដែលជាប់ទាក់ទង