ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​នឹងសាងសង់​ស្ថានីយ​ចំណត​យានយន្ត​ធុន​ធំ ទំនើប នៅ​ជាយ​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​

169

​ភ្នំពេញ​៖ ក្រសួង​សាធារណការ បានប្រកាសថា ក្រុមហ៊ុន​China Good Cars Holding Ltd បង្ហាញ​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​ចំណត​យានយន្ត​ធុន​ធំ ទំនើប នៅ​ជាយ​រាជធានី​ភ្នំពេញ ក្នុង​ទឹកប្រាក់​វិនិយោគ​ប្រមាណ​១៦០​លាន ដុល្លារ​អាមេរិក ដើម្បី​ចូលរួមចំណែក កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​។​

​ថ្ងៃ​អង្គារ ទី​៥ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​ព្រឹក នៅ​ទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួប​ជាមួយ តំណាង​ក្រុមហ៊ុន China Good Cars Holding Ltd;. ដើម្បី​ពិភាក្សា​លើ​គម្រោង​ស្នើសុំ​វិនិយោគ លើ​វិស័យ​ដឹកជញ្ជូន​សាធារណៈ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ទឹកប្រាក់​សរុប​ប្រមាណ ១៦០​លាន ដុល្លារ​អាមេរិក​។​

​ក្នុង​ជំហាន​ដំបូង ក្រុមហ៊ុន​ស្នើសុំ​វិនិយោគ​សាងសង់​ស្ថានីយ​ចំណត​យានយន្ត​ធុន​ធំ ទំនើប នៅ​ជាយ​រាជធានី​ភ្នំពេញ ដើម្បី​រំដោះ​ចរាចរណ៍​ដ៏​មមាញឹក​ពី​ចំណុចកណ្តាល​រាជធានី ព្រមទាំង​វិនិយោគ​លើ គម្រោង​ដឹកជញ្ជូន​សាធារណៈ តាម​រថយន្តក្រុង​លើ​បណ្តាញ​ផ្លូវជាតិ ដើម្បី​ត​ភ្ជាប់​ទៅ​តំបន់​ក្រៅ​ក្រុង និង​ទៅ​បណ្តា​ខេត្ត​នានា នៅ​ជិតៗ​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ស្វាគមន៍ និង​គាំទ្រ​គម្រោង​នេះ ដោយ​ផ្តល់​អនុសាសន៍ ឱ្យ​ក្រុមហ៊ុន​សហការ ជាមួយ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក សិក្សា​លើ​លក្ខណៈ​បច្ចេកទេស ឱ្យបាន​ល្អិតល្អន់ និង​សុំឱ្យ​ក្រុមហ៊ុន ដាក់ពាក្យ​ស្នើសុំ​វិនិយោគ ទៅ​ច្រកចេញចូល​តែមួយ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​អាច​ទទួលបាន​ភាពអនុគ្រោះ​នានា ស្របទៅតាម​ច្បាប់​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រុមហ៊ុន​បាន​សំដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ហើយ​សន្យា​នឹង​បន្តការងារ ទៅតាម​អនុសាសន៍​នានា របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង