ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ ២ ក្លែងក្លាយម្នាក់ បោក​លុយ​ប្រជាពលរដ្ឋ រត់​ការចូល​ក្របខ័ណ្ឌនគរបាលក្រសួងមហាផ្ទៃ រាប់សិប​ម៉ឺន​ដុល្លារ

60

 

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ដែល​ក្លែងបន្លំ​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាលជាតិ និង​ឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ ហើយ​កាន់កាប់​ប្រើប្រាស់​កាំភ្លើងខ្លី​ខុសច្បាប់ និង​ឆបោក​ប្រាក់ ប្រជាពលរដ្ឋ​ជាច្រើន​ករណី​រឿង​រត់​ការចូល​ក្របខ័ណ្ឌ​នគរបាលជាតិ ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួន កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០​។ ការឃាត់ខ្លួន ក្នុងពេលដែល​ជនរងគ្រោះ​ជាច្រើន​នាក់ បាន​ទារលុយ​រាប់សិប​ម៉ឺន​ដុល្លារ​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​វិញ ប៉ុន្តែ​ជន​នោះ​មិន​ព្រម​ប្រគល់​លុយ​ឲ្យ​ជនរងគ្រោះ​វិញ ហើយ​ថែមទាំង​យក​កាំភ្លើងខ្លី​មក​គំរាម​បាញ់សម្លាប់​ថែមទៀត​។​

​បើតាម​សមត្ថកិច្ច ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គំរាម​សម្លាប់​នោះ មានឈ្មោះ ឆាយ សុ​ភ័​ក្រ ហៅ សេង សុភ័ក្ដ្រ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ការឃាត់ខ្លួន​ជនសង្ស័យ បាន​ធ្វើឡើង​បន្ទាប់ពី​មាន ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​ចាញ់បោក​ជនសង្ស័យ​អស់​ជាច្រើន​ម៉ឺន​ដុល្លារ​។​

​ជនរងគ្រោះ បញ្ជាក់ថា ជនសង្ស័យ បាន​ប្រើប្រាស់​តួនាទី​ជា ឧ​ត្ត​ម​សេនីយ៍​ទោ ទៅ​បញ្ចុះបញ្ចូល​ពួកគាត់ ឲ្យ​បង់លុយ​ក្នុង​ម្នាក់ៗ ជាង ១​ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​ជនសង្ស័យ​រត់ការ​ចូល​ធ្វើ​នគរបាល​នៅ​ក្រសួងមហាផ្ទៃ​។​

​បច្ចុប្បន្ន សមត្ថកិច្ច កំពុង​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង